ពិធីការពារនិក្ខេបបទបញ្ចប់ថ្នាក់បណ្ឌិតរបស់បេក្ខជនបណ្ឌិត ព្រហ្ម វិចិត្រអក្ខរា និស្សិតនៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា

155

រាជធានីភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ៣កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១០:៣០នាទីព្រឹក នៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ហៅកាត់ UI បានរៀបចំពិធីការពារនិក្ខេបបទបញ្ចប់ថ្នាក់បណ្ឌិតជូន៖

– បេក្ខជនបណ្ឌិត៖ ព្រហ្ម វិចិត្រអក្ខរា ភេទប្រុស
– ជំនាញ៖ នីតិសាធារណៈ ជំនាន់ទី៣ វគ្គ២
– ប្រធានបទ៖ យន្តការច្បាប់នៃសភាជាតិកម្ពុជា
– សាស្ត្រាចារ្យណែនាំ៖ បណ្ឌិត ឡាច សំរោង និងបណ្ឌិត ស៊ុំ ឈុំឡុង

សមាសភាពគណៈកម្មការវាយតម្លៃ៖
១. បណ្ឌិតសភាចារ្យ ខ្លូត ធីតា (ប្រធានគណៈកម្មការ)
២. បណ្ឌិត ជីវ កេង (សាស្ត្រាចារ្យវាយតម្លៃទី១)
៣. បណ្ឌិត អិម វិបុល (សាស្ត្រាចារ្យវាយតម្លៃទី២)
៤. បណ្ឌិត វ៉ាន់ ច័ន្ទតារា (សាស្ត្រាចារ្យវាយតម្លៃទី៣)
៥. បណ្ឌិត ឡាច សំរោង (សមាជិក និងជាសាស្ត្រាចារ្យណែនាំ)
៦. បណ្ឌិត ស៊ុំ ឈុំឡុង (សមាជិក និងជាសាស្ត្រាចារ្យណែនាំ)
៧. បណ្ឌិត សោម សុមុនី (សមាជិក និងជាលេខាកត់ត្រា)

របៀបវារៈ៖
១. សម្របសម្រួលពិធីការពារ និងឧទ្ទេសនាមប្រវត្តិរូបសង្ខេបរបស់បេក្ខជនបណ្ឌិត ដោយតំណាងសាកលវិទ្យាល័យឥន្ទ្រវិជ្ជា
២. ប្រកាសបើកពិធីការពារដោយតំណាងក្រសួងអប់រំ យុវជន និងកីឡា
៣. ប្រកាសដំណើរការពិធីការពារដោយប្រធានគណៈកម្មការ
៤. ការធ្វើបទបង្ហាញរបស់បេក្ខជនបណ្ឌិត
៥. ការវាយតម្លៃរបស់គណៈកម្មការ (សំណួរនិងចម្លើយ)
៦. ការបូកសរុបលទ្ធផលវាយតម្លៃ
៧. ប្រកាសលទ្ធផលដោយប្រធានគណៈកម្មការ
៨. ការប្តេជ្ញា និងមតិយោបល់របស់បេក្ខជនបណ្ឌិត
៩. ប្រកាសបិទកម្មវិធី
១០. ថតរូបអនុស្សាវរីយ៍

សារបាននៃការរៀបចំពិធីការពារនិក្ខេបបទបញ្ចប់ថ្នាក់បណ្ឌិតរបស់បេក្ខជន ព្រហ្ម វិចិត្រអក្ខរា ដែលជានិស្សិតថ្នាក់បណ្ឌិត មហាវិទ្យាល័យនីតិសាស្ត្រ ជំនាញនីតិសាស្ត្រ ជំនាន់ទី៣ វគ្គ២ បានបំពេញតាមលក្ខខណ្ឌនៃការបណ្តុះបណ្តាលថ្នាក់បណ្ឌិតរបស់សាកលវិទ្យាល័យឥន្ទ្រវិជ្ជា និងក្របខណ្ឌគុណវុឌ្ឍិរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបេក្ខជនបណ្ឌិតបានលើកយកប្រធានបទ “យន្តការច្បាប់នៃសភាជាតិកម្ពុជា” សម្រាប់ធ្វើការសិក្សាស្រាវជ្រាវ និងរៀបចំពិធីការពារនិក្ខេបបទបញ្ចប់ថ្នាក់បណ្ឌិតនាពេលនេះ ក្នុងគោលបំណងរួមចំណែកជាជំនួយស្មារតីសម្រាប់សាធារណជនស្គាល់ច្បាស់អំពីអំណាចនៃរដ្ឋសភាដែលបង្កើតឡើងតាមយន្តការច្បាប់ និងក្នុងគោលបំណងរកឱ្យឃើញពីចំណុចខ្វះខាតនៅក្នុងក្របខណ្ឌនៃអំណាចនីតិប្បញ្ញត្តិ ដើម្បីលើកជាយោបល់កែតម្រូវទៅលើចំណុចទាំងនោះ ដែលជាការចូលរួមចំណែកពង្រឹងនីតិរដ្ឋនៅកម្ពុជា។ ជាពិសេស ការសិក្សាស្រាវជ្រាវនេះនឹងផ្តល់សារប្រយោជន៍ជួយដល់អ្នកសិក្សាជំនាន់ក្រោយឱ្យយល់ពីមុខងារ និងសកម្មភាពរបស់ស្ថាប័នរដ្ឋសភាជាតិ។ ជួយដល់សង្គមកម្ពុជាឱ្យយល់ពីការបែងចែកអំណាចនីតិប្បញ្ញត្តិដាច់ពីអំណាចនីតិប្រតិបត្តិ និងតុលាការ។ ជំនួយដល់ការដោះស្រាយបញ្ហានៅចំពោះមុខដែលកំពុងកើតមានឡើងនៅក្នុងសង្គមកម្ពុជា។ រកឃើញនូវអនុសាសន៍ល្អៗជូនស្ថាប័នជាតិកំពូលពាក់ព័ន្ធ ព្រមទាំងរកឃើញនូវចំណុចខ្លាំង និងចំណុចខ្សោយរបស់ស្ថាប័នរដ្ឋសភាជាតិ។

ជាមួយគ្នានេះ បេក្ខជនបណ្ឌិតបានបង្ហាញអំពី ១)ការបែងចែកអំណាច រួមមានទស្សនៈវិញ្ញុជន ការអនុវត្តទស្សនៈវិញ្ញុជនក្នុងសង្គម និងការបែងចែកអំណាចក្នុងរដ្ឋធម្មនុញ្ញកម្ពុជា។ ២)យន្តការច្បាប់នៃសភា និងអំណាចសភា។ និង៣)របកគំហើញក្នុងយន្តការច្បាប់នៃសភាជាតិកម្ពុជា ដូចជាការមិនអនុវត្តសមាជជាតិ ការកំហិតលើការធ្វើប្រជាមតិ ព្រះរាជវត្តមានព្រះមហាក្សត្រក្នុងកិច្ចប្រជុំសភាដំបូង កិច្ចពង្រឹងភាពសាធារណៈនៃកិច្ចប្រជុំសភា ការកំណត់តួនាទីនិងភារកិច្ចគណៈកម្មការជំនាញនានារបស់សភាក្នុងបទបញ្ជាផ្ទៃក្នុង ភាពមិនផ្ទាល់នៃការឆ្លើយចំពោះមុខសភា អព្យាក្រឹនៃអង្គរៀបចំការបោះឆ្នោត ស្ថាប័នដោះស្រាយវិវាទបោះឆ្នោត និងឧបសគ្គនៃការធ្វើញត្តិបន្ទោសនិងធ្វើបណ្តឹងចំពោះរាជរដ្ឋាភិបាល។

ជាសេចក្តីសន្និដ្ឋាន សភានៃព្រះរាជាណាចក្រកម្ពុជា ជាអង្គការដែលមានអំណាចនីតិប្បញ្ញត្តិ កើតចេញពីការបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សដ៏ក្មេងខ្ចីមួយ បើប្រៀបធៀបទៅនឹងប្រទេសនានាលើសកលលោក។ ទោះបីជាប្រទេសកម្ពុជាទើបតែងើបផុតពីសង្គ្រាមអស់ជាច្រើនទស្សវត្យរ៍ក៏ដោយ យើងបានខិតខំអនុវត្តតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស តាមរយៈការបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួន ដើម្បីបង្កើតឱ្យមានស្ថាប័នសភាជាតិមួយដែលជាទីសង្ឃឹមនៃប្រជាពលរដ្ឋក្នុងការអនុវត្តនូវសិទ្ធិជាតំណាងស្របច្បាប់។ ទស្សនៈវិទូការទទួលស្គាល់ថា អំណាចរដ្ឋជារបស់ប្រជាពលរដ្ឋទាំងមូល។ ពលរដ្ឋទាំងអស់មានសិទ្ធិស្មើៗគ្នានៅចំពោះមុខច្បាប់ ការផ្ទេរអំណាចគ្នាត្រូវបានធ្វើឡើងតាមរយៈការបោះឆ្នោត។ ដើម្បីឱ្យសង្គមមួយមានសន្តិភាពនិងការអភិវឌ្ឍ ទស្សនៈវិទូបានធ្វើការបែងចែកអំណាចជាបីគឺ៖
១-អំណាចនីតិបញ្ញត្តិ៖ គឺជាអំណាចកំពូលដែលស្តែងឡើងដោយឆន្ទៈរួមរបស់ប្រជាជនទាំងមូលនៅក្នុងរដ្ឋ។ អំណាចនេះជាអ្នកបង្កើតរដ្ឋធម្មនុញ្ញតាមឆន្ទៈរួមសម្រាប់ឱ្យអង្គនីតិប្រតិបត្តិ និងអង្គតុលាការ យកទៅប្រើប្រាស់។ រដ្ឋសភាមិនត្រឹមតែបង្កើតច្បាប់ប៉ុណ្ណោះទេ តែថែមទាំងត្រួតពិនិត្យទៅលើសកម្មភាពរបស់អំណាចនីតិប្រតិបត្តិទៀតផង។ អំណាចនេះមានសិទ្ធិលុប ឬកែប្រែច្បាប់ប្រកាសសង្គ្រាម អនុម័តច្បាប់ថវិកាជាតិ។ ក្នុងករណីមានការបំពានច្បាប់ សភាមានសិទ្ធិកោះហៅ អ្នកប្រតិបត្តិឱ្យបំភ្លឺនៅចំពោះមុខច្បាប់។ នៅប្រទេសខ្លះសភាដើរតួជាតុលាការវិនិច្ឆ័យទោសលើប្រធានាធិបតី និងចៅក្រមទៀតផង។ ដូចនេះសភាតាមតួនាទីរបស់ខ្លួន គឺមានសិទ្ធិក្នុងការកំណត់ និងសម្រេចវាសនា និងផលប្រយោជន៍ប្រជាពលរដ្ឋទូទាំងប្រទេស។ អង្គនីតិបញ្ញត្តិនេះមានឥទ្ធិពលយ៉ាងខ្លាំងទៅលើអំណាចនីតិប្រតិបត្តិអាចប្រើប្រាស់អំណាចរបស់ខ្លួនទៅតាមទំនោររបស់គេជាពុំខាន។
២-អំណាចនីតិប្រតិបត្តិ៖ គឺជាអំណាចដែលត្រូវបានកំណត់សម្រាប់ប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ ដែលអនុម័តដោយអង្គនីតិបញ្ញត្តិ។ អំណាចនេះត្រូវបានឋិតនៅក្រោមការចាត់ចែងរបស់ព្រះមហាក្សត្រ ឬ ប្រធានាធិបតី ឬនាយករដ្ឋមន្ត្រី។ ក្នុងអតីតកាល អំណាចនេះជាអំណាចផ្តាច់ការដែលតែងតែរំលោភទៅលើសង្គម ដោយមិនអនុវត្តតាមច្បាប់។ តែក្នុងគោលការណ៍នៃការបែងចែកអំណាច អំណាចនីតិប្រតិបត្តិនេះដែលមានតួនាទីដូចមុនទៀតឡើយ។ រាល់សកម្ម ភាពរបស់គេត្រូវគោរពច្បាប់ដែលឆ្លើយតបទៅនឹងឆន្ទៈសង្គម។ អំណាចនេះត្រូវទទួលខុសត្រូវនៅចំពោះមុខរដ្ឋសភា ឬប្រធានាធិបតី។
៣-អំណាចតុលាការ៖ ជាអំណាចដែលត្រូវបានកំណត់ឡើងសម្រាប់វិនិច្ឆ័យស្វែងរកយុត្តិធម៌ក្នុងទម្នាស់រវាងបុគ្គល និងបុគ្គល រវាងរដ្ឋ និងសង្គម។ អំណាចតុលាការជាអាជ្ញាកណ្តាលនៅពេលដែលអំណាចនីតិបញ្ញត្តិ និងអំណាចនីតិប្រតិបត្តិមានទម្នាស់នឹងគ្នា គឺមានន័យថាសង្គមផ្គត់ផ្គង់បាននូវសន្តិសុខ និងសេរីភាពពលរដ្ឋ។ កិច្ចការរបស់តុលាការគឺ កាត់ក្តីឱ្យបានត្រឹមត្រូវតាមច្បាប់ដែលបានអនុម័ត។

ជាអនុសាសន៍ តាមការវិភាគ វែកញែក និងបកស្រាយក្នុងរបកគំហើញថ្មីខាងលើនេះ គឺជាអនុសាសន៍សម្រាប់ជូនស្ថាប័នសភា (រដ្ឋសភា និងព្រឹទ្ធសភា) រាជរដ្ឋាភិបាល ក្រសួង សា្ថប័ន ដែលពាក់ព័ន្ធនឹងការបង្កើតយន្តការសភា ពិចារណា ថ្លឹងថ្លែង ធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធច្បាប់ និងយុត្តិធម៌សង្គម ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ សុខសន្តិភាព ជាពិសេសធានាបាននូវសន្តិសុខគតិយុត្ត និងដំណោះស្រាយជាតិមួយប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលក្នុងឧត្ដមប្រយោជន៍ជាតិ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។ អនុសាសន៍ដែលផ្ដល់ជូនក្នុងនិក្ខេបបទនេះ មានលក្ខណៈទន់ភ្លន់ និងបត់បែនស្របតាមបរិបថនយោបាយ សង្គម និងសេដ្ឋកិច្ច ហើយពុំមានន័យថា ការមិនយកទៅអនុវត្តន៍នឹងធ្វើឱ្យប្រទេសកម្ពុជាដើរថយក្រោយនោះឡើយ។ ចំណុចនៃរបកគំហើញនីមួយៗអាចអនុវត្តបាន ឬមិនអាចអនុវត្តបាន អាស្រ័យលើស្ថានភាពជាក់ស្ដែងនៃសង្គមកម្ពុជានាពេលបច្ចុប្បន្ន និងពេលអនាគត ហើយចំណុចមួយចំនួនអាចនឹងលែងជាកម្មវត្ថុនៃការអនុវត្តបាននៅពេលដែលកម្ពុជាឈានដល់កម្រិតមួយមានលទ្ធិប្រជាធិបតេយ្យក្នុងកម្រិតខ្ពស់បំផុត និងមាននីតិរដ្ឋរឹងមាំ។ ការចម្លងទស្សនៈ និងវិធានច្បាប់របស់បណ្ដាប្រទេសនានានៅលើសកលលោកយកមកអនុវត្តមិនមែនជាជម្រើសដ៏ល្អ និងមានប្រសិទ្ធភាពសម្រាប់កម្ពុជានោះទេ ពីព្រោះប្រទេសនីមួយៗមានលក្ខណៈផ្សេងគ្នានៃវប្បធម៌ ទំនៀមទំលាប់ និងការដឹកនាំ។ ការរកឃើញខាងលើនេះ គឺផ្អែកទាំងស្រុងលើស្ថានភាពកម្ពុជាបច្ចុប្បន្ន ហើយមានលក្ខណៈឆ្លើយតបទៅនឹងបញ្ហាជាក់ស្ដែងដែលកម្ពុជាបាននិងកំពុងជួបប្រទះ។ ទោះបីជាយ៉ាងនេះក្ដី ការសម្រេចចិត្តផ្នែកនយោបាយនៅតែជាអាទិភាព ហើយអ្នកច្បាប់គ្រាន់តែជាឧបករណ៍សម្រាប់អ្នកនយោបាយប្រើប្រាស់ក្នុងការពង្រឹងអំណាចរបស់ខ្លួនក្នុងកាលៈទេសៈដ៏សមស្របមួយប៉ុណ្ណោះ។ ប្រសិនបើមានការផ្លាស់ប្ដូររបត់នយោបាយ នោះអ្នកច្បាប់ដែលជាឧបករណ៍សម្រាប់អ្នកនយោបាយប្រើប្រាស់ក៏អាចនឹងប្រែប្រួលផងដែរ។ ទោះបីជាយ៉ាងនេះក្តី ចំណោទបញ្ហានៅត្រង់ថាតើការប្រែប្រួលនេះជាការប្រែប្រួលវិជ្ជមាន ឬអវជ្ជមាន ធ្វើឱ្យប្រទេសជាតិដើរថយក្រោយ ឬរក្សាស្ថានភាពនៅដដែល ឬធ្វើឱ្យប្រទេសជាតិជឿនលឿនទៅមុខថែមទៀត។

ជាលទ្ធផល គណៈកម្មការបានវាយតម្លៃផ្តល់នូវពិន្ទុល្អណាស់ និងសម្រេចឱ្យបេក្ខជនបណ្ឌិត ព្រហ្ម វិចិត្រអក្ខរា ជាប់ជាស្ថាពរនៃពិធីការពារនិក្ខេបបទបញ្ចប់ថ្នាក់បណ្ឌិត ដោយធ្វើការកែសម្រួលលើអក្ខរាវិរុទ្ធ ខ្លឹមសារ និងឃ្លាប្រយោគ ដើម្បីឈានទៅរៀបចំការបោះពុម្ពនិក្ខេបបទវិទ្យាសាស្ត្រសម្រាប់តម្កល់ជាសាធារណៈនៅតាមគ្រឹះស្ថានសិក្សានានា៕