ពិធីការពារគម្រោងស្រាវជ្រាវពិស្តារ(ប្លង់លម្អិត)ថ្នាក់បណ្ឌិតរបស់បេក្ខជន ជីវ ចាន់តារា និស្សិតនៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា

21

រាជធានីភ្នំពេញ៖ ថ្ងៃសៅ ៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង០៧:៣០នាទីព្រឹក នៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ហៅកាត់ UI បានរៀបចំពិធីការពារគម្រោងស្រាវជ្រាវពិស្តារ(ប្លង់លម្អិត)ថ្នាក់បណ្ឌិតជូន ៖

– បេក្ខជនបណ្ឌិត៖ ជីវ ចាន់តារា ភេទប្រុស
– ជំនាញ៖ នីតិសាធារណៈ
– ជំនាន់ទី៤ វគ្គ១
– ប្រធានបទ៖ យុត្តិកម្មនៃភស្តុតាងក្នុងរឿងព្រហ្មទណ្ឌ
– សាស្ត្រាចារ្យណែនាំ៖ បណ្ឌិត ជីវ កេង និងបណ្ឌិត ណុប អោម

សមាសភាពគណៈកម្មការវាយតម្លៃ៖
១. បណ្ឌិតសភាចារ្យ ខ្លូត ធីតា (ប្រធានគណៈកម្មការ)
២. បណ្ឌិត ឡាច សំរោង (សាស្ត្រាចារ្យវាយតម្លៃទី១)
៣. បណ្ឌិត វ៉ាន់ ច័ន្ទតារា (សាស្ត្រាចារ្យវាយតម្លៃទី២)
៤. បណ្ឌិត ជីវ កេង (សមាជិក និងជាសាស្ត្រាចារ្យណែនាំ)
៥. បណ្ឌិត ស៊ុ ឈុំឡុង (សមាជិក និងជាលេខាកត់ត្រា)

របៀបវារៈ៖
១. សម្របសម្រួលកម្មវិធីដោយតំណាងសាកលវិទ្យាល័យ
២. ប្រកាសបើកកម្មវិធីដោយប្រធានគណៈកម្មការ
៣. ការធ្វើបទបង្ហាញរបស់បេក្ខជន
៤. ការវាយតម្លៃរបស់គណៈកម្មការ (សំណួរនិងចម្លើយ)
៥. ការបូកសរុបលទ្ធផលវាយតម្លៃ និងប្រកាសលទ្ធផលដោយប្រធានគណៈកម្មការ
៦. ការប្តេជ្ញា និងមតិយោបល់របស់បេក្ខជន
៧. ប្រកាសបិទកម្មវិធី
៨. ថតរូបអនុស្សាវរីយ៍

សារបាននៃការរៀបចំពិធីការពារគម្រោងស្រាវជ្រាវពិស្តារ(ប្លង់លម្អិត)ថ្នាក់បណ្ឌិតរបស់បេក្ខជន ជីវ ចាន់តារា ជានិស្សិតថ្នាក់បណ្ឌិត មហាវិទ្យាល័យនីតិសាស្ត្រ ជំនាញនីតិសាធារណៈ ជំនាន់ទី៤ វគ្គ១ បានបំពេញតាមលក្ខខណ្ឌនៃការបណ្តុះបណ្តាលថ្នាក់បណ្ឌិតរបស់សាកលវិទ្យាល័យឥន្ទ្រវិជ្ជា ដែលបេក្ខជនបានលើកយកប្រធានបទស្តីពី “យុត្តិកម្មនៃភស្តុតាងក្នុងរឿងព្រហ្មទណ្ឌ” សម្រាប់ធ្វើការសិក្សាស្រាវជ្រាវ និងរៀបចំពិធីការពារគម្រោងស្រាវជ្រាវប្លង់លម្អិតថ្នាក់បណ្ឌិតនាពេលនេះ។ ការសិក្សាស្រាវជ្រាវអំពីប្រធានបទនេះ បង្ហាញពីសារប្រយោជន៍នៅការកភស្តុតាងចំពោះរឿងក្តី ព្រមទាំងបទពិសោធន៍ការងារក្នុងដំណើរការជំនុំជម្រះក្តីរបស់តុលាការ និងការងារនានា ដែលតុលាការបានអនុវត្ត ដើម្បីដកពិសោធន៍រកចំណុចសកម្ម និងចំណុចអសកម្មនានា សម្រាប់ធានានូវប្រសិទ្ធភាពការងារ ដែលត្រូវអនុវត្តជាបន្តទៅទៀត។ ម្យ៉ាងទៀត ការសិក្សានេះ គឺជាការរួមចំណែកមួយក្នុងកិច្ចការស្រាវជ្រាវ ប្រមូលផ្តុំ និងចងក្រឯកសារ ដើម្បីទុកជាសម្បត្តិវប្បធម៌ដ៏មានតម្លៃរបស់ជាតិ និងបន្សល់ជាស្នាមដានសម្រាប់អ្នកសិក្សា និងកូនចៅជំនាន់ក្រោយឱ្យបានជាគតិ និងជាលំអានសម្រាប់ដំណើរជីវិត និងសង្គមរបស់ពួកគេផងដែរ។ មួយវិញទៀត ចំពោះតុលាការស្នាដៃនេះអាចជាឯកសារមួយសម្រាប់ប្រឹក្សា ឬដកពិសោធន៍ពីការងារកន្លងមកផងដែរ។

ជាលទ្ធផល គណៈកម្មការវាយតម្លៃលើកទឹកចិត្តឱ្យបេក្ខជនបន្តស្រាវជ្រាវលើប្រធាននេះ ដោយពិភាក្សាជាមួយសាស្ត្រាចារ្យណែនាំ និងធ្វើការកែសម្រួលលើចំណុចសំខាន់ៗបន្ថែមទៀត ហើយគណៈកម្មការបានឯកភាពសម្រេចឱ្យបេក្ខជន ជីវ ចាន់តារា បន្តការសិក្សាស្រាវជ្រាវរបស់ខ្លួន ដើម្បីឈានទៅរៀបចំពិធីការពារជាបន្តបន្ទាប់៕