ពិធីការពារសាកល្បងនិក្ខេបបទថ្នាក់បណ្ឌិតរបស់បេក្ខជនបណ្ឌិត ជា ថោយ និស្សិតនៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា

53

រាជធានីភ្នំពេញ៖ ថ្ងៃសៅ ៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង០៩:៣០នាទីព្រឹក នៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ហៅកាត់ UI បានរៀបចំពិធីការពារសាកល្បងនិក្ខេបបទថ្នាក់បណ្ឌិតជូន ៖

– បេក្ខជនបណ្ឌិត៖ ជា ថោយ ភេទប្រុស
– ជំនាញ៖ នីតិសាធារណៈ ជំនាន់ទី៣ វគ្គ២
– ប្រធានបទ៖ វិធានចរាចរណ៍នៅកម្ពុជា (ពីឆ្នាំ២០០៨-២០១៨)
– សាស្ត្រាចារ្យណែនាំ៖ បណ្ឌិតសភាចារ្យ ខ្លូត ធីតា និងបណ្ឌិត ជីវ កេង

សមាសភាពគណៈកម្មការវាយតម្លៃ៖

១. បណ្ឌិត ឡាច សំរោង (ប្រធានគណៈកម្មការ)
២. បណ្ឌិត វ៉ាន់ ច័ន្ទតារា (សាស្ត្រាចារ្យវាយតម្លៃទី១)
៣. បណ្ឌិត ឯក ឆេងហួត (សាស្ត្រាចារ្យវាយតម្លៃទី២)
៤. បណ្ឌិតសភាចារ្យ ខ្លូត ធីតា (សមាជិក និងជាសាស្ត្រាចារ្យណែនាំគោល)
៥. បណ្ឌិត ជីវ កេង (សមាជិក និងជាសាស្ត្រាចារ្យណែនាំរង)
៦. បណ្ឌិត សាវ សុខ (សមាជិក)
៧. បណ្ឌិត ស៊ុ ឈុំឡុង (សមាជិក និងជាលេខាកត់ត្រា)

របៀបវារៈ៖
១. សម្របសម្រួលកម្មវិធីដោយតំណាងសាកលវិទ្យាល័យ
២. ប្រកាសបើកកម្មវិធីដោយប្រធានគណៈកម្មការ
៣. ការធ្វើបទបង្ហាញរបស់បេក្ខជន
៤. ការវាយតម្លៃរបស់គណៈកម្មការ (សំណួរនិងចម្លើយ)
៥. ការបូកសរុបលទ្ធផលវាយតម្លៃ និងប្រកាសលទ្ធផលដោយប្រធានគណៈកម្មការ
៦. ការប្តេជ្ញា និងមតិយោបល់របស់បេក្ខជន
៧. ប្រកាសបិទកម្មវិធី
៨. ថតរូបអនុស្សាវរីយ៍

សារបាននៃការរៀបចំពិធីការពារសាកល្បងនិក្ខេបបទថ្នាក់បណ្ឌិតរបស់បេក្ខជនបណ្ឌិត ជា ថោយដែលជានិស្សិតថ្នាក់បណ្ឌិត មហាវិទ្យាល័យនីតិសាស្ត្រ ជំនាញនីតិសាធារណៈ ជំនាន់ទី៣ វគ្គ២ បានបំពេញតាមលក្ខខណ្ឌនៃការបណ្តុះបណ្តាលថ្នាក់បណ្ឌិតរបស់សាកលវិទ្យាល័យឥន្ទ្រវិជ្ជា ដែលបេក្ខជនបណ្ឌិតបានលើកយកប្រធានបទ “វិធានចរាចរណ៍នៅកម្ពុជា (ពីឆ្នាំ២០០៨-២០១៨)” សម្រាប់ធ្វើការសិក្សាស្រាវជ្រាវ និងរៀបចំពិធីការពារសាកល្បងនិក្ខេបបទថ្នាក់បណ្ឌិតនាពេលនេះ។ ការសិក្សាស្រាវជ្រាវទៅលើប្រធានបទនេះមានគោលបំណងធ្វើការបំស្រាយតាមបែបវិទ្យាសាស្ត្រក្នុងគោលកាណ៍អប់រំលើវិស័យច្បាប់នៃសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលជាបញ្ហាពិភពលោក តម្រូវឱ្យមានការដោះស្រាយតាមរបៀបសម្របសម្រួល និងយ៉ាងទូលំទូលាយដើម្បីទទួលបានជោគជ័យ។ ជាពិសេស ការសិក្សាស្រាវជ្រាវមានសារៈប្រយោជន៍រួមចំណែកជាជំនួយស្មារតីសម្រាប់ស្ថាប័នរដ្ឋ និងសង្គមស៊ីវិល ដើម្បីឱ្យយល់ច្បាស់ពីបញ្ហាសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងដើម្បីបង្ការទប់ស្កាត់នូវបញ្ហាជាច្រើនរៀងរាល់ថ្ងៃអំពីគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។

ជាមួយគ្នានេះ បេក្ខជនបណ្ឌិតបានលើយកនូវចំណុចសំខាន់ៗមកបង្ហាញ ១)ទស្សនទានទូទៅអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក រួមមានការកំណត់គោលនយោបាយតំបន់នៃចរាចរណ៍ផ្លូគោក ការកែលម្អនៃសុវត្ថិភាពចរាចរណ៍ផ្លូវគោក មូលនិធិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការរៀបចំវិធានសម្រាប់ចរាចរណ៍ផ្លូវគោក។ ២)ការសិក្សាពីស្ថានភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក និយាយពីមូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ សមត្ថកិច្ចរបស់មន្រ្តីអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក បទបញ្ញត្តិសំខាន់មួយចំនួនពាក់ព័ន្ធវិធានចរាចរណ៍ផ្លូវគោក សហប្រតិបត្តិការអន្តរជាតិ និងសុវត្ថិភាពចរាចរណ៍ និងគម្រោងសុវត្ថិភាពចរាចណ៍។ ៣) លទ្ធផលនៃការសិក្សា បញ្ហាប្រឈម និងដំណោះស្រាយគតិយុត្តិ ដែលបានលើឡើងពីការសិក្សាទៅលើផលប៉ះពាល់នានានៃគ្រោះថ្នាក់ចរាចរណ៍ និងបញ្ហាប្រឈមក្នុងការដោះស្រាយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅកម្ពុជា និងដំណោះស្រាយក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

ជាសេចក្តីសន្និដ្ឋាន ថ្មីៗនេះផងដែរ រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៦បានដាក់ចេញនូវគោលនយោបាយយុទ្ធសាស្រ្តចតុកោណជាកម្មវិធីអាទិភាពរបស់ខ្លួនដែលក្នុងនោះកំណត់យកវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរួមមាន៖ ផ្លូវថ្នល់ ស្ពាន ផ្លូវដែក ផ្លូវទឹកកំពង់ផែ និងអាកាសយានដ្ឋានជាតិ និងអន្តរជាតិ។ ការផ្តល់អនុសាសន៍ថ្វីត្បិតតែច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ត្រូវបានឡាយព្រះហស្ថលេខាដោយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ ២០០៧ ដែលមានរយៈពេលជាង១០ឆ្នាំ មកហើយក្តី តែរហូតមកដល់បច្ចុប្បន្ននេះ ច្បាប់នេះមានសកម្មភាពអនុវត្តន៍នៅមានកម្រិតនៅឡើយ។

ជាលទ្ធផល គណៈកម្មការបានវាយតម្លៃកោតសរសើរ និងលើកទឹកចិត្តឱ្យបេក្ខជនបណ្ឌិតពិភាក្សាជាមួយសាស្ត្រាចារ្យណែនាំ ធ្វើការកែសម្រួលលើចំណុចខ្វះខាតបន្ថែមទៀត ដើម្បីឱ្យស្នាដៃស្រាវជ្រាវនេះមានលក្ខណៈវិទ្យាសាស្ត្រ ហើយគណៈកម្មការបានឯកភាពសម្រេចឱ្យបេក្ខជនបណ្ឌិត ជា ថោយ បន្តនីតិវិធីសម្រាប់ឈានទៅធ្វើពិធីការពារបញ្ចប់និក្ខេបបទថ្នាក់បណ្ឌិតនាពេលបន្ទាប់៕