ពិធីការពាររបាយការណ៍ស្រាវជ្រាវបឋម ថ្នាក់បណ្ឌិតរបស់បេក្ខជន ស៊ិន វីរៈ និស្សិតនៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា

44

រាជធានីភ្នំពេញ៖ ថ្ងៃអាទិត្យ ៦កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង០៩:០០នាទីព្រឹក នៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ហៅកាត់ UI បានរៀបចំពិធីការពាររបាយការណ៍ស្រាវជ្រាវបឋម ថ្នាក់បណ្ឌិតជូន៖

– បេក្ខជន៖ ស៊ិន វីរៈ ភេទប្រុស
– ជំនាញ៖ នីតិព្រហ្មទណ្ឌ
– ជំនាន់ទី៤ វគ្គ១
– ប្រធានបទ៖ នីតិវិធីស៊ើបអង្កេតព្រហ្មទណ្ឌ
– សាស្ត្រាចារ្យណែនាំ៖ បណ្ឌិត ឯក ឆេងហួត និងបណ្ឌិតសភាចារ្យ សោម សុមុនី

សមាសភាពគណៈកម្មការវាយតម្លៃ៖
១. បណ្ឌិតសភាចារ្យ ខ្លូត ធីតា (ប្រធាន)
២. បណ្ឌិត វ៉ាន់ ច័ន្ទតារា (សាស្ត្រាចារ្យវាយតម្លៃទី១)
៣. បណ្ឌិត សុខ សុផល (សាស្ត្រាចារ្យវាយតម្លៃទី២)
៤. បណ្ឌិត ឡាច សំរោង (សមាជិក និងជាសាស្ត្រាចារ្យណែនាំ)
៥. បណ្ឌិត ស៊ុ ឈុំឡុង (សមាជិក និងជាលេខាកត់ត្រា)

របៀបវារៈ៖
១. សម្របសម្រួលកម្មវិធីដោយតំណាងសាកលវិទ្យាល័យ
២. ប្រកាសបើកកម្មវិធីដោយប្រធានគណៈកម្មការ
៣. ការធ្វើបទបង្ហាញរបស់បេក្ខជន
៤. ការវាយតម្លៃរបស់គណៈកម្មការ (សំណួរនិងចម្លើយ)
៥. ការបូកសរុបលទ្ធផលវាយតម្លៃ និងប្រកាសលទ្ធផលដោយប្រធានគណៈកម្មការ
៦. ការប្តេជ្ញា និងមតិយោបល់របស់បេក្ខជន
៧. ប្រកាសបិទកម្មវិធី
៨. ថតរូបអនុស្សាវរីយ៍

សារបាននៃការរៀបចំពិធីការពាររបាយការណ៍ស្រាវជ្រាវបឋម ថ្នាក់បណ្ឌិតរបស់បេក្ខជន ស៊ិន វីរៈ ដែលជានិស្សិតថ្នាក់បណ្ឌិត មហាវិទ្យាល័យនីតិសាស្ត្រ ជំនាញនីតិព្រហ្មទណ្ឌ ជំនាន់ទី៤ វគ្គ១ បានបំពេញតាមលក្ខខណ្ឌនៃការបណ្តុះបណ្តាលថ្នាក់បណ្ឌិតរបស់សាកលវិទ្យាល័យឥន្ទ្រវិជ្ជា ដែលបេក្ខជនបានលើកយកប្រធានបទស្តីពី “នីតិវិធីស៊ើបអង្កេតព្រហ្មទណ្ឌ” សម្រាប់ស្នើសុំធ្វើការសិក្សាស្រាវជ្រាវ និងរៀបចំពិធីការពាររបាយការណ៍ស្រាវជ្រាវបឋម ថ្នាក់បណ្ឌិតនាពេលនេះ។ ការសិក្សាស្រាវជ្រាវនេះ ក្នុងគោលបំណងស្វែងយល់វិភាគទៅលើការស៊ើបអង្កេតនៅក្នុងប្រព័ន្ធតុលាការនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងបច្ចុប្បន្ន។ ជាពិសេស ដើម្បីពង្រឹងនូវវិស័យច្បាប់ និងប្រព័ន្ធតុលាការឱ្យមានភាពយុត្តិធម៌មានភាពរលូន ដែលរាជរដ្ឋាភិបាលអាណត្តិទីបី មានទិសដៅកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ដែលរាជរដ្ឋាភិបាលកំពុងតែខិតខំរៀបចំវិស័យនេះជាយុទ្ធសាស្ត្រចម្បង នូវការអភិវឌ្ឍប្រទេសស្របតាមតម្លៃគោលការណ៍នៃរដ្ឋធម្មនុញ្ញ ដើម្បីឱ្យប្រទេសយើងក្លាយទៅជាប្រទេសនីតិរដ្ឋពិតប្រាកដ ដើម្បីឱ្យអ្នករកស៊ីវិនិយោគទុនបរទេសធំៗគេមករកស៊ីនៅស្រុកយើងកាន់តែច្រើនឡើងៗ។

ជាមួយគ្នានេះដែរ ការសិក្សាមានសារៈសំខាន់សម្រាប់និស្សិត មន្រ្តីរាជការ មន្ត្រីតុលាការ និងចៅក្រម ក៏ដូចជាអ្នកសិក្សាស្រាវជ្រាវទាំងឡាយដែលចង់បានចំណេះវិជ្ជា ព្រោះនិក្ខេបបទនេះត្រូវរៀបចំឡើងតាមលក្ខណៈវិទ្យាសាស្រ្តនូវផ្តល់តម្លៃគតិយុត្តជាច្រើនសម្រាប់អ្នកអាន។ លើសពីនេះដើម្បីបង្ហាញអំពីចន្លោះប្រហោងដែលមានក្នុងនីតិវិធីស៊ើបអង្កេតមុនពេលសវនាការនៅក្នុងពេលបច្ចុប្បន្ននេះ។

ជាលទ្ធផល គណៈកម្មការវាយតម្លៃបានកោតសរសើរលើប្រធានបទ និងទាំងលើកទឹកចិត្តឱ្យបេក្ខជនបន្តសិក្សាស្រាវជ្រាវលើប្រធាននេះ ដោយធ្វើការពិភាក្សាជាមួយសាស្ត្រាចារ្យណែនាំ និងកែសម្រួលលើចំណុចសំខាន់ៗបន្ថែមទៀត។ ជាចុងបញ្ចប់ គណៈកម្មការវាយតម្លៃបានផ្តល់លទ្ធផលល្អប្រសើរ និងឯកភាពសម្រេចឱ្យបេក្ខជន ស៊ិន វីរៈ បន្តការសិក្សាស្រាវជ្រាវរបស់ខ្លួន ដើម្បីឈានទៅរៀបចំពិធីការពារគម្រោងស្រាវជ្រាវពិស្តារ ថ្នាក់បណ្ឌិតជាបន្តបន្ទាប់៕