ពិធីការពារនិក្ខេបបទបញ្ចប់ថ្នាក់បណ្ឌិតរបស់បេក្ខជនបណ្ឌិត មួន សុណា និស្សិតថ្នាក់បណ្ឌិតនៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា

82

រាជធានីភ្នំពេញ៖ ថ្ងៃអាទិត្យ ៦កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង០៨:៣០នាទីព្រឹក នៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ហៅកាត់ UI បានរៀបចំពិធីការពារនិក្ខេបបទបញ្ចប់ថ្នាក់បណ្ឌិតជូន៖

– បេក្ខជនបណ្ឌិត៖ មួន សុណា ភេទប្រុស
– ជំនាញ៖ នីតិសាស្ត្រ
– ជំនាន់ទី៣ វគ្គ២
– ប្រធានបទ៖ សមត្ថកិច្ចអធិការកិច្ចនៅព្រះរាជាណាចក្រកម្ពុជា
– សាស្ត្រាចារ្យណែនាំ៖ បណ្ឌិតសភាចារ្យ ខ្លូត ធីតា និងបណ្ឌិតសភាចារ្យ សោម សុមុនី

សមាសភាពគណៈកម្មការវាយតម្លៃ៖
១. បណ្ឌិតសភាចារ្យ ស៊ុំ ឈុំប៊ុន (ប្រធានគណៈកម្មការ)
២. បណ្ឌិត វ៉ាន់ ច័ន្ទតារា (សាស្ត្រាចារ្យវាយតម្លៃទី១)
៣. បណ្ឌិត អិម វិបុល (សាស្ត្រាចារ្យវាយតម្លៃទី២)
៤. បណ្ឌិត អ៊ុំ សុភក្តិ (សាស្ត្រាចារ្យវាយតម្លៃទី៣)
៥. បណ្ឌិតសភាចារ្យ ខ្លូត ធីតា (សមាជិក និងជាសាស្ត្រាចារ្យណែនាំ)
៦. បណ្ឌិតសភាចារ្យ សោម សុមុនី (សមាជិក និងជាសាស្ត្រាចារ្យណែនាំ)
៧. បណ្ឌិត ជា មុនីឫទ្ធិ (សមាជិក និងជាលេខាកត់ត្រា)

របៀបវារៈ៖
១. សម្របសម្រួលពិធីការពារ និងឧទ្ទេសនាមប្រវត្តិរូបសង្ខេបរបស់បេក្ខជនបណ្ឌិត ដោយតំណាងសាកលវិទ្យាល័យឥន្ទ្រវិជ្ជា
២. ប្រកាសបើកពិធីការពារដោយតំណាងក្រសួងអប់រំ យុវជន និងកីឡា
៣. ប្រកាសដំណើរការពិធីការពារដោយប្រធានគណៈកម្មការ
៤. ការធ្វើបទបង្ហាញរបស់បេក្ខជនបណ្ឌិត
៥. ការវាយតម្លៃរបស់គណៈកម្មការ (សំណួរនិងចម្លើយ)
៦. មតិយោបល់វាយតម្លៃ ដោយតំណាងក្រសួងអប់រំ យុវជន និងកីឡា
៧. ការបូកសរុបលទ្ធផល និងប្រកាសលទ្ធផល ដោយប្រធានគណៈកម្មការ
៨. ការប្តេជ្ញា និងមតិយោបល់របស់បេក្ខជនបណ្ឌិត
៩. ប្រកាសបិទកម្មវិធី
១០. ថតរូបអនុស្សាវរីយ៍

សារបាននៃការរៀបចំពិធីការពារនិក្ខេបបទបញ្ចប់ថ្នាក់បណ្ឌិតរបស់បេក្ខជនបណ្ឌិត មួន សុណា ដែលជានិស្សិតថ្នាក់បណ្ឌិត មហាវិទ្យាល័យនីតិសាស្ត្រ ជំនាញនីតិសាស្ត្រ ជំនាន់ទី៣ វគ្គ២ បានបំពេញតាមលក្ខខណ្ឌនៃការបណ្តុះបណ្តាលថ្នាក់បណ្ឌិតរបស់សាកលវិទ្យាល័យឥន្ទ្រវិជ្ជា និងក្របខណ្ឌគុណវុឌ្ឍិរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបេក្ខជនបណ្ឌិតបានលើកយកប្រធានបទ “សមត្ថកិច្ចអធិការកិច្ចនៅព្រះរាជាណាចក្រកម្ពុជា” សម្រាប់ធ្វើការសិក្សាស្រាវជ្រាវ និងរៀបចំពិធីការពារនិក្ខេបបទបញ្ចប់ថ្នាក់បណ្ឌិតនាពេលនេះ។ ការសិក្សាលើប្រធានបទនេះក្នុងគោលបំណង គឺជាការសិក្សាស្វែងយល់អំពីបែបបទ ឬនីតិវិធីអធិការកិច្ច ព្រមទាំងសិទ្ធិអធិការកិច្ច ឬសមត្ថកិច្ចអធិការកិច្ចរបស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ច និងក្រសួង ស្ថាប័ននានាក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានដែនកំណត់ផ្សេងពីគ្នា។ មួយវិញទៀត គឺចង់បង្ហាញឱ្យឃើញសមត្ថកិច្ចយុត្តាធិការវិស័យអធិការកិច្ចរបស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ច ដែលមានវិសាលភាពគ្របដណ្តប់លើការងារអធិការកិច្ចរបស់ក្រសួង ស្ថាប័ននានា និងដែលក្រសួង ស្ថាប័នទាំងអស់ត្រូវតែទទួលយកការសម្របសម្រួល និងរួមសហការ។ ការសិក្សាដែលជាចម្បង គឺក្នុងគោលបំណងពង្រឹងមូលដ្ឋានគតិយុត្តអធិការកិច្ច ដើម្បីឱ្យការអនុវត្តនីតិវិធី និងសមត្ថកិច្ចអធិការកិច្ចរបស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច មានប្រសិទ្ធភាព និងអាចឆ្លើយតបនឹងគោលដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដែលលើកកម្ពស់អភិបាលកិច្ចល្អជាស្នូល និងការធ្វើកំណែទម្រង់លើគ្រប់វិស័យ ដើម្បីការអភិវឌ្ឍប្រកបដោយនិរន្តរភាព។

ជាសេចក្តីសន្និដ្ឋាន ការសិក្សាបានបង្ហាញថា ក្នុងដំណើរការនៃការប្រព្រឹត្តទៅរបស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ច លុះណាតែក្រសួងប្រើប្រាស់សមត្ថកិច្ចអធិការកិច្ច និងអនុវត្តនីតិវិធីអធិការកិច្ចប្រកបដោយប្រសិទ្ធភាព នោះទើបអាចឆ្លើយតបនឹងគោលដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដែលលើកកម្ពស់អភិបាលកិច្ចល្អជាស្នូលនិងការធ្វើកំណែទម្រង់លើគ្រប់វិស័យបាន។ ក្រសួងបានត្រួតពិនិត្យចុះធ្វើអធិការកិច្ច និងបានដោះស្រាយទំនាស់ជាច្រើនដែលកើតចេញពីសកម្មភាពមិនប្រក្រតី ផ្ទុយពីមាគ៌ាអភិបាលកិច្ចល្អ និងបានធ្វើការអប់រំផ្សព្វផ្សាយច្បាប់ជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេស បង្កើនការយល់ដឹងពីវិស័យច្បាប់ ជំរុញការគោរពនិងអនុវត្តច្បាប់ ដើម្បីរួមចំណែកយ៉ាងសកម្មក្នុងការពង្រឹងនីតិរដ្ឋ និងដើម្បីរួមចំណែកជំរុញការអនុវត្តយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។ ដើម្បីឱ្យការអនុវត្តសមត្ថកិច្ចអធិការកិច្ច ឆ្លើយតបបានទៅនឹងគោលដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដែលលើកកម្ពស់អភិបាលកិច្ចល្អជាស្នូល និងការធ្វើកំណែទម្រង់លើគ្រប់វិស័យ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ច ត្រូវខិតខំពង្រឹងនិងពង្រីកដែនសមត្ថកិច្ចរបស់ខ្លួន ដោយបង្កើតឱ្យបាននូវកិច្ចសហការល្អរឹងមាំ មានតម្លាភាពជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដោយជំរុញការផ្សព្វផ្សាយច្បាប់ស្តីពីអធិការកិច្ច និងដោយអភិវឌ្ឍធនធានមនុស្សឱ្យមានទាំងសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈ។

ក្រោយការធ្វើបទបង្ហាញរបស់បេក្ខជនបណ្ឌិត គណៈកម្មបានវាយតម្លៃ និងចោទជាសំណួរ ហើយបេក្ខជនបណ្ឌិតបានឆ្លើយបកស្រាយយ៉ាងផុលផុស។ ជាលទ្ធផល គណៈកម្មការវាយតម្លៃផ្តល់នូវពិន្ទុល្អណាស់ និងឯកភាពសម្រេចឱ្យបេក្ខជនបណ្ឌិត មួន សុណា ជាប់ជាស្ថាពរនៃពិធីការពារនិក្ខេបបទបញ្ចប់ថ្នាក់បណ្ឌិត ដោយធ្វើការកែសម្រួលលើអក្ខរាវិរុទ្ធ ខ្លឹមសារ និងឃ្លាប្រយោគ ដើម្បីឈានទៅរៀបចំការបោះពុម្ពនិក្ខេបបទវិទ្យាសាស្ត្រសម្រាប់តម្កល់ជាសាធារណៈនៅតាមគ្រឹះស្ថានសិក្សានានា៕