ទស្សនាវដ្តីវិទ្យាសាស្ត្រថ្នាក់បណ្ឌិតនៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា បេក្ខជនបណ្ឌិត សុខ គីណូកត្តា ក្រោមប្រធានបទ៖ ទស្សនទានស្ដីអំពី តួនាទី មុខងារ ភារកិច្ចរបស់អយ្យការយោធា

79

រាជធានីភ្នំពេញ៖ ទស្សនាវដ្តីវិទ្យាសាស្ត្រថ្នាក់បណ្ឌិតនៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ឆ្នាំទី១ លេខ០០០១ របស់បេក្ខជនបណ្ឌិត សុខ គីណូកត្តា ក្រោមប្រធានបទ៖ ទស្សនទានស្ដីអំពី តួនាទី មុខងារ ភារកិច្ចរបស់អយ្យការយោធា។

សេចក្ដីផ្ដើម
     ស្ថាប័នអយ្យការយោធា ជាស្ថាប័នត្រួតពិនិត្យ ការអនុវត្តច្បាប់ ស្ថិតនៅក្នុងប្រព័ន្ធមហាអយ្យការ សាលាឧទ្ធរណ៍ និងតុលាការកំពូល នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានចាត់តាំងឡើងនៅក្នុងកងទ័ព។

ក្នុងក្របខណ្ឌ តួនាទីភារកិច្ចរបស់ខ្លួន អយ្យការយោធា មានភារកិច្ចរួមចំណែក ក្នុងការការពារនីត្យានុកូលភាព នៃព្រះរាជាណាចក្រកម្ពុជា ការពាររបបនយោបាយ  នៃព្រះរាជាណាចក្រកម្ពុជា ការពារសិទ្ធិធ្វើម្ចាស់សមូហភាពរបស់ប្រជាជន ការពារសន្តិសុខជាតិ វិន័យរបស់កងទ័ព ការពារទ្រព្យសម្បត្តិសាធារណៈធានាដល់ការគោរពអាយុជីវិត ទ្រព្យសម្បត្តិរបស់ប្រជាជន សេរីភាព កិត្តិយស សេចក្ដីថ្លៃថ្នូររបស់យោធិន កម្មករ បុគ្គលិក ផ្នែកការពារប្រទេស និងរបស់ពលរដ្ឋឯទៀត សុទ្ធតែបានត្រូវវិនិច្ឆ័យ តាមប្បញ្ញត្តិរបស់ច្បាប់។

ស្ថាប័នអយ្យការយោធា ក៏បានចូលរួមជាមួយនឹងស្ថាប័នផ្សេងៗទៀតផងដែរ ដូចគ្នាជាមួយក្រសួងយុត្តិធម៌ និងក្រសួងការពារជាតិ ក្នុងការធ្វើសេចក្ដីព្រាងច្បាប់ ដែលពាក់ព័ន្ធទៅនឹងកងទ័ព។ នៅពេលដែលអភិបាលកិច្ចរីកចម្រើន   សេវារបស់ស្ថាប័នអយ្យការយោធា ក៏កាន់តែមានសារៈសំខាន់យ៉ាងខ្លាំងចំពោះច្បាប់ នយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ចនៃប្រទេសជាតិទាំងមូល។

ការបែងចែកអំណាចដាច់ពីគ្នារវាងអង្គនីតិប្បញ្ញត្តិ អង្គនីតិប្រតិបត្តិ និងអង្គនីតិតុលាការ គឺជាគោលការណ៍គ្រឹះ  នៅក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបង្កើត និងអនុវត្តអំណាចរដ្ឋ។ ក្នុងន័យនេះ ដោយសារតែមានការអភិវឌ្ឍ លើគ្រប់វិស័យនៅក្នុងសង្គមនាពេលនោះ ជាការចាំបាច់ យើងត្រូវមានស្ថាប័នអយ្យការ ឯកទេសនានាសម្រាប់សេវាយុត្តិធម៌ ជូនប្រយជាពលរដ្ឋ។ ទន្ទឹមនឹងនេះ ស្ថាប័នអយ្យការយោធា និងស្ថាប័នអយ្យការស៊ីវិល ធ្វើការស៊ើបអង្កេត ចោទប្រកាន់ទៅលើរឿងក្ដីយោធិន ដោយមិនមានការស៊ីជម្រៅ ក្នុងករណីរបស់កងទ័ព ដូច្នេះ មានតែស្ថាប័នអយ្យការយោធា តែប៉ុណ្ណោះ ទើបអនុវត្ត រឿងក្ដីរបស់យោធិន មានប្រសិទ្ធិភាពជាង ហើយក៏ជាការការពារ ទប់ទល់នឹងការរំលោភបំពាន នៃឋានានុក្រម ក៏ដូចជាបញ្ជាក់ពីភាពសុច្ចរិត ចំពោះយោធិនទាំងឡាយណា ពុំមានល្មើសច្បាប់។

     គម្រោងនិក្ខេបបទ ស្ដីពី ប្រព័ន្ធស្ថាប័នអយ្យការយោធា (១៩៨១-២០១៨)។
អំណាចស្ថាប័នអយ្យការយោធា និងការអនុវត្តរបស់ស្ថាប័នអយ្យការយោធានេះ ត្រូវកំណត់ដោយច្បាប់ និងវិធាននានារបស់ប្រទេស។ ការបង្កើតស្ថាប័នអយ្យការយោធា  គឺដើម្បីបង្ការកុំឱ្យមានបទល្មើសយោធាកើតឡើងទៅអនាគត និងកាត់បន្ថយបទល្មើសយោធាជាបណ្ដើរៗ តាមរយៈការស៊ើបអង្កេតចោទប្រកាន់ ទៅកាន់តុលាការយោធា ដាក់ទណ្ឌកម្មចំពោះជនល្មើស ដោយបើកសវនាការជាសាធារណៈ។ អំណាចនេះ មានឧត្ដមភាពលើស្ថាប័នរបស់យោធានាំមុខការពិសេសដោយឡែកពីស្ថាប័នផ្សេងៗដទៃទៀតរបស់កងទ័ព។

ប៉ុន្តែក្នុងការអនុវត្តជាក់ស្ដែង ស្ថាប័នអយ្យការយោធា ពុំទាន់ដំណើរការបានរលូននោះឡើយ គឺមានចំណុចអសកម្មមួយចំនួន ដែលបណ្ដាលមកពី ការជាន់ដែនសមត្ថកិច្ចគ្នាជាមួយស្ថាប័នអយ្យការស៊ីវិល។ ទន្ទឹមគ្នានេះ ស្ថាប័នអយ្យការយោធាមានតែមួយថ្នាក់ នៅពេលមានបណ្ដឹងឧទ្ធរណ៍ ឬកំពូលរឿងនោះ ត្រូវយកទៅដោះស្រាយនៅសាលាឧទ្ធរណ៍ ឬកំពូល ដោយតុលាការស៊ីវិល។

ការស្រាវជ្រាវអំពីដែនសមត្ថកិច្ចរបស់ស្ថាប័នអយ្យការយោធានៅកម្ពុជា មិនទាន់មានសំណេរណាមួយ មានទ្រង់ទ្រាយធំ ដូចជានិក្ខេបបទថ្នាក់បណ្ឌិតនៅឡើយទេ។ អ្វីដែលយើងមាន គឺត្រឹមតែសំណេរស្រាវជ្រាវកម្រិតបរិញ្ញាបត្រ ឬថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ តែប៉ុណ្ណោះ។ ដោយមើលឃើញថា ស្ថាប័នអយ្យការយោធា ជាស្ថាប័នស្នូល ក្នុងការពង្រឹងវិន័យសណ្ដាប់ធ្នាប់ ដល់កងទ័ពនៅកម្ពុជា និងដំណើរការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឡើងវិញ ទើបនាងខ្ញុំមានការចាប់អារម្មណ៍លើប្រធានបទស្ដីពី ប្រព័ន្ធអយ្យការយោធានៅកម្ពុជា (១៩៨១២០១៨) ក្នុងការរៀបចំនិក្ខេបបទថ្នាក់បណ្ឌិតនីតិសាស្រ្ត  ដើម្បីចូលរួមចំណែក ផ្នែកស្មារតី ក្នុងការពង្រឹងយន្តការស្ថាប័នអយ្យការយោធា ដែលជាកូនសោគន្លឹះ​ សម្រាប់ផ្ដល់យុត្តិធម៌ដល់យោធិនគោរពវិន័យ ដែលស៊ើបអង្កេត ចោទប្រកាន់ផង និងដាក់ទណ្ឌកម្មដល់យោធិនល្មើស កត្តានេះធ្វើឱ្យកងទ័ពរឹងមាំ ប្រកបដោយ វិន័យ សណ្ដាប់ធ្នាប់ និងមានសេចក្ដីថ្លៃថ្នូរ។

១. ស្ថាប័នអយ្យការយោធា មានភារកិច្ច និងសិទ្ធិអំណាច ដូចខាងក្រោមនេះ ៖

  • ធជាសេនាធិការ ជូនក្រសួងផ្នែកខាងវិស័យអយ្យការយោធា នៅក្នុងកងទ័ពជាតិកម្ពុជា។
  • ស៊ើបអង្កេត ឃាត់ឃុំខ្លួន និងចោទប្រកាន់ រាល់បទល្មើសព្រហ្មទណ្ឌ ដែលមានលក្ខណៈជាយោធា តាមច្បាប់កំណត់។
  • មានសិទ្ធិអំណាច ស៊ើបអង្កេត ចោទប្រកាន់ លាតសន្ធឹងលើកងទ័ពជាតិទាំងមូល។
  • មានការស៊ើបអង្កេត ចោទប្រកាន់ ផ្អែកលើច្បាប់ និងគោលការណ៍ស្មើភាពគ្នាចំពោះមុខច្បាប់ ដោយមិនប្រកាន់ សញ្ជាតិ ជំនឿសាសនា ភេទ ឋានៈ ក្នុងសង្គមឡើយ។
  • ការមិនឯកភាព តុលាការ សុភាចារបុរស និងអយ្យការ អយ្យការមានសិទ្ធិប្ដឹងទៅឧទ្ធរណ៍។
  • មានសិទ្ធិត្រួតពិនិត្យ ជំនុំជម្រះរបស់តុលាការ។
  • មានសិទ្ធិត្រួតពិនិត្យ មន្ទីរឃុំឃាំង  និងពន្ធនាគារ  ទូទាំងកងទ័ពជាតិទាំងមូល។
  • មានសិទ្ធិទទួលពាក្យបណ្ដឹងតវ៉ា និងបណ្ដឹង បរិហារកេរ្តិ៍ពីគ្រប់មជ្ឈដ្ឋាន។
  • ទំនាក់ទំនងជាមួយ ក្រសួងយុត្តិធម៌ ផ្នែកខាងវិស័យច្បាប់ ការតែងតាំងមុខងារចៅក្រម “ឈ” ក្រឡាបញ្ជី។
  • ទំនាក់ទំនងជាមួយ សាលាឧទ្ធរណ៍ និងមហាអយ្យការ អំពីវិស័យជំនាញ។
  • ការកំណត់ឋានន្តរសក្ដិ សំលៀកបំពាក់ ថវិកាអាស្រ័យដោយក្រសួងការពារជាតិ។

២. រចនាសម្ព័ន្ធរបស់ស្ថាប័នអយ្យការយោធា នៃក្រសួងការពារជាតិ មានដូចខាងក្រោមនេះ ៖

  • ព្រះរាជអាជ្ញាយោធា។
  • ព្រះរាជអាជ្ញារងយោធា។
  • ការិយាល័យសុភាចារបុរស។
  • ការិយាល័យនគរបាលយុត្តិធម៌សឹក និងយុត្តិយោធា។
  • ការិយាល័យបច្ចេកទេសព្រហ្មទណ្ឌ។
  • ការិយាល័យលេខាក្រឡាបញ្ជី។
  • ការិយាល័យត្រួតពិនិត្យ ស៊ើបអង្កេត និងឃុំឃាំង។
  • ការិយាល័យត្រួតពិនិត្យជំនុំជម្រះនិងអនុវត្តសាលាក្រម។
  • លេខាធិការដ្ឋាន។
  • មន្ទីរឃុំឃាំង។

ចំពោះនៅអគ្គសេនាធិការយោធភូមិភាគ អង្គភាពប្រភេទទ័ព ទ័ពជំនាញ កងពលធំ ខេត្ត និងក្រុង នាយកដ្ឋានមួយចំនួន និងកងពលតូចឯករាជ្យ ត្រូវមានការិយាល័យនគរបាលយុត្តិធម៌សឹក និងនគរបាលយុត្តិធម៌យោធា។

ប្រគល់ភារកិច្ចទៅឱ្យស្ថាប័នអយ្យការយោធា ដើម្បីធ្វើការកំណត់ចំនួន និងភារកិច្ចជាក់ស្ដែងក្នុងការរៀបចំស្ថាប័ន។

ស្ថាប័នអយ្យការយោធា នៃក្រសួងការពារជាតិ និងស្ថាប័នដែលមានការពាក់ព័ន្ធ ត្រូវអនុវត្តតាមសេចក្ដីកំណត់នេះ ជាធរមាន៕