ទស្សនាវដ្តីវិទ្យាសាស្ត្រថ្នាក់បណ្ឌិតនៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា បេក្ខជនបណ្ឌិត ងិន ងិនដា ក្រោមប្រធានបទ៖ ទំនាក់ទំនងរវាងការអប់រំបែបប្រពៃណី និងច្បាប់

83

រាជធានីភ្នំពេញ៖ ទស្សនាវដ្តីវិទ្យាសាស្ត្រថ្នាក់បណ្ឌិតនៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ឆ្នាំទី១ លេខ០០០១ របស់បេក្ខជនបណ្ឌិត ងិន ងិនដា ក្រោមប្រធានបទ៖ ទំនាក់ទំនងរវាងការអប់រំបែបប្រពៃណី និងច្បាប់។

១. សេចក្ដីផ្ដើម
ការប្រើប្រាស់​ច្បាប់ ​ជា​កត្តា​សំខាន់​មួយ​ ព្រោះថា​​​ច្បាប់គឺ​ជា​វិធាន​ដែល​រដ្ឋ​តាក់​តែងឡើង​ និង​ដាក់​កំហិត​ឱ្យ​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​ទាំង​មូល​ត្រូវ​តែ​អនុវត្ត ពោល​គឺ​ជាវិធាន​ដែល​កំណត់​បទ​បញ្ជា​ កំណត់​របៀប​រៀបរយ​នៃការ​ប្រព្រឹត្ត​ទៅ​របស់​ប្រជា​ជន​ទាំង​អស់ ​ដែល​កំពង់​រស់​នៅ​ក្នុង​សង្គមជាតិ។ ជា​ទូទៅ​ ប្រទេស​មួយ​មាន​ច្បាប់​មួយ​ ហើយ​អ្នក​ដឹក​នាំ​នៃ​ប្រទេស​នោះ​ប្រើ​ប្រាស់​ច្បាប់​​​ជា​ឧបករណ៍​ក្នុង​ការ​គ្រប់​គ្រង​និង​​ដឹកនាំ​ជាតិ​ខ្លួនដែល​ច្បាប់​ទាំង​នោះ​ ជាអាទិ៍មាន​រដ្ឋធម្មនុញ្ញ ច្បាប់​ ក្រម សេចក្តី​​សម្រេច​ខាង​យុត្តាធិការ​…។

ទោះ​បី​យ៉ាង​នេះក្តី ច្បាប់​មិនមែន​ជា​យន្តការ​តែមួយ​គត់​សម្រាប់​ថែ​រក្សា​សណ្តាប់​ធ្នាប់​សង្គម​​នោះ​ទេ។ ក្រៅ​ពី​ច្បាប់​ ក្នុង​សង្គម​នីមួយៗ​តែង​តែ​មាន​វិធានជា​​ច្រើន​ទៀត​សម្រាប់​ថែ​រក្សា​សង្គម​ឱ្យ​មាន​របៀប​រៀប​រយ ដូច​ជា​សាសនា ប្រពៃណី ទំនៀម​ទម្លាប់ ការ​អប់រំសីលធម៌ ហើយ​ក៏អាច​មាន​អំណាច​នយោបាយ និង​ស្ថាន​​ភាព​ជាក់​ស្តែង​របស់​សង្គម​ផង​ដែរ។

ព្រះរាជាណាចក្រ​កម្ពុជា​ ជាប្រទេស​មួយ​ដែល​ធ្លាប់​មាន​ប្រពៃណី​ផូរផង់ និង​អរិយធម៌រុង​រឿង​ក្នុង​ពិភពលោក។ ភាព​រុង​រឿង​នៃ​អរិយធម៌​របស់​ប្រទេស​កម្ពុជា​ពី​អតីតកាល​ មានព្រហ្មញ្ញ​សាសនា និង​​ពុទ្ធសាសនា​​ដែល​រួម​វិភាគទាន​យ៉ាង​សំខាន់​ក្នុង​ការ​ពង្រឹង​សន្តិសុខ ​និង​សុវត្ថិភាព​​សង្គម​ជា​មូល-ដ្ឋាន​នៃ​ពុទ្ធិ​។ ទន្ទឹម​នឹង​នេះ ខ្មែរ​ក៏​មានសុភាសិត មាន​ពាក្យចាស់ ពាក្យ​ពី​ព្រេង​នាយ ឬ​​ពាក្យ​ទំនឹម​ទំនៀម  ព្រមទាំង​​កាព្យ​ឧបទេស ជា​​ពុទ្ធិ​​ដែល​ប្រជាជនបាន​រៀន​សូត្រ​ពី​បទ​ពិសោធន៍​ជាក់​ស្តែង​ក្នុង​ជីវភាពរស់នៅប្រចាំថ្ងៃ ដែល​ប្រើប្រាស់​ជា​យន្តការសម្រាប់​​​គ្រប់​គ្រង​របៀប​រៀប​រយ ធានា​សណ្តាប់​​ធ្នាប់ សុវត្ថិភាព ឬ​សន្តិសុខ​សង្គម​។ មរតក​នេះនៅ​តែ​មាន​អត្ថិភាព​ និង​អាច​​រួម​ចំណែក​ក្នុង​ការ​ពង្រឹង​ប្រសិទ្ធភាព​ច្បាប់​សម័យ​បច្ចុប្បន្ន។

ក្នុង​ការ​កែប្រែ​មនុស្ស​ អានុភាព​នៃ​ច្បាប់​គឺ​ទណ្ឌកម្មគឺ​ការដាក់​ទោស ដាក់​ពន្ធនាគារ និង​ការ​ការ​ពិន័យជាប្រាក់ជាដើម។ រី​ឯអានុភាព​ នៃ​ការ​អប់រំ​បែប​ប្រពៃណី​គឺ​ការទូន្មាន​ប្រៀន​ប្រដៅ​ឱ្យ​ដើរ​ផ្លូវត្រូវ ឱ្យលុះ​ក្នុង​គន្លង​ធម៌ ដោយ​​ហាម​ឃាត់​មិន​ឱ្យ​ប្រព្រឹត្ត​កំហុស​ និង​ណែនាំ​ឱ្យ​ធ្វើអ្វី​ៗ​​ដែល​ជា​កុសល។

ការ​បង្កើន​ការ​អប់រំ​ខ្លឹម​សារ​ច្បាប់​ប្រពៃណី​ ទាំង​ក្នុង​គ្រួសារ​ តាម​រយៈ​ព្រះសង្ឃ និង​ក្នុង​សាលា​គឺជាការ​​រួម​ចំណែក​យ៉ាង​សំខាន់ក្នុង​ការ​ពង្រឹង​ការអនុវត្ត​ច្បាប់ក្នុង​សង្គម​។ តាមរយៈ​ការសិក្សា​ យើង​ឃើញ​ថាបច្ចុប្បន្ន​​មានគ្រួសារ​ខ្មែរ​ដែល​និយម​អប់រំ​ទូន្មាន​ប្រៀន​ប្រដៅ​កូន​ចៅ​តាម​បែប​ប្រពៃណី ដោយ​ការ​លើក​យក​ភាសិត​និង​ច្បាប់​ឧបទេស​មក​សូត្រ​ និង​ការរឹត​បណ្តឹង​ការ​គោរព​តាម​​ប្រពៃណី​ខ្មែរ​ជាអាទិ៍។ មួយវិញ​ទៀត​ វត្ត​អារាម​និង​ព្រះសង្ឃ​ខ្មែរ​នៅ​តែ​រក្សា​តួនាទី​របស់​ខ្លួន ​ក្នុង​ការ​អប់រំប្រជា​ពលរដ្ឋ​ឱ្យ​គោរព​ពុទ្ធ​វិន័យ ដែល​ជាមូលដ្ឋាន​ទ្រទ្រង់​ច្បាប់​ក្នុង​អាណាចក្រ។ ដោយ​ឡែក​អ្នករៀបចំកម្មវិធីសិក្សាក៏បានជ្រើសរើសប្រលោមលោក​ពាក្យ​រាយរបស់ខ្មែរ ដែលមាន​បញ្ចូលនូវទស្សនៈពុទ្ធសាសនា និង​ច្បាប់​ឧបទេស​ខ្មែរ​ដែល​មាន​ទស្សនាទាន​អប់​រំ ​ទៅក្នុងកម្មវិធីសិក្សាមធ្យមសិក្សា ដើម្បីឱ្យការ​អប់រំ​​ស្រប​ជាមួយ​រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា​ដែលចែងថា“ពុទ្ធសាសនាជាសាសនារបស់រដ្ឋ”។

ក្នុង​​សិក្ខាសាលា​នេះ​ ជាការ​ឆ្លើយ​តប​នឹង​សំណួរ​ថា​ តើការ​លើកកម្ពស់ការ​អប់រំ​បែប​ប្រពៃណីខ្មែរ​​អាច​រួម​ចំណែក​​ក្នុង​ការ​បង្កើន​ប្រសិទ្ធភាព​​​ច្បាប់បាន​ដែរ​ឬ​ទេ? នោះ​យើង​ខ្ញុំ​នឹងលើក​ឡើង​អំពី​ខ្លឹម​សារ​នៃ​ការ​អប់រំ​បែប​ប្រពៃណី​ខ្មែ​រ​​ដែល​អាច​ជា​មូលដ្ឋាន​ទ្រទ្រង់​ច្បាប់​រដ្ឋ​បច្ចុប្បន្ន។

     ទំនាក់​ទំនងរវាងការ​អប់រំ​បែប​​​​ប្រពៃណី​ និង​​ច្បាប់
     ១- ​ច្បាប់​​ប្រពៃណី និង​ច្បាប់​ស្តី​ពី ​​ការប៉ះ​ពាល់​ដល់ជីវិត​មនុស្ស​
ការប៉ះពាល់ដោយចេតនាដល់ជីវិតមនុស្ស គឺ​សំដៅ​ដល់​បទ​ឃាតកម្ម (មាត្រា​១៩៩ នៃ​ក្រម​ព្រហ្មទណ្ឌ)។ បទឃាតកម្ម​មាន​ឃាតកម្ម​គិត​ទុក​ជាមុននិង​បទមនុស្សឃាតដោយអចេតនា​។​

អំពើសម្លាប់មនុស្សដោយចេតនា ដោយប្រើអាវុធ ឬមិនប្រើអាវុធដោយគ្មានស្ថានទម្ងន់ណា មួយដូចបានកំណត់ក្នុងមាត្រា ២00 (បទឃាតកម្មគិតទុកជាមុន) ដល់មាត្រា ២០៥ (បទឃាតកម្ម ដោយមានទារុណកម្ម អំពើឃោរឃៅ ឬអំពើរំលោភសេពសន្ថវៈ) នៃក្រមនេះ៖ គឺជាឃាតកម្ម។

ឃាតកម្មគិតទុកជាមុន គឺអំពើសម្លាប់មនុស្សដោយគិតទុកជាមុន ឬ ដោយការពួនស្ទាក់។ ការគិតទុកជាមុន គឺជាគម្រោងដែលបង្កើតឡើងមុនអំពីបៀតបៀនទៅលើរូបបុគ្គលនៃជនរងគ្រោះ។ ការពួនស្ទាក់គឺជាអំពើឃ្លាំចាំបុគ្គលណាម្នាក់ ក្នុងរយៈពេលមួយរយៈ ដើម្បីប្រព្រឹត្តអំពើបៀត​បៀន​ទៅលើរូបបុគ្គលនៃជនរងគ្រោះ។

បទឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ ឬអំពើរំលោភសេពសន្ថវៈ សំដៅ​លើ​ឃាតកម្មដែលកើតក្នុងពេលឬក្រោយពេលប្រព្រឹត្តអំពើទារុណកម្ម អំពើឃោរឃៅ ឬអំពើរំលោភសេពសន្ថវៈ។ អ្នក​ប្រព្រឹត្ត​បទ​ឃាតកម្ម​បែប​នេះ​ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។

បទមនុស្សឃាតដោយអចេតនា គឺជាអំពើបណ្តាលឱ្យស្លាប់អ្នកដទៃដោយ៖
១-ការធ្វេសប្រហែស ការមិនប្រុងប្រយ័ត្ន ឬការខ្ចីខ្លា។
២-ការបំពានលើកាតព្វកិច្ចសន្តិសុខ ឬកាតព្វកិច្ចប្រុងប្រយ័ត្នដែលច្បាប់តម្រូវ។

ពាក់​ព័ន្ធ​នឹង “ការប៉ះពាល់ដោយចេតនាដល់ជីវិតមនុស្សនេះ” ក្នុង​សម័យកាល​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​កម្ពុជា​កន្លង​មក យើង​បាន​រង​គ្រោះ​មិន​ត្រឹម​តែ​ក្នុង​កម្រិត​បុគ្គល​ទេ​ តែ​គឺរង​ការកាប់​សម្លាប់​​ក្នុងរង្វង់​ប្រជា​​ជាតិ​ទាំង​មូល។

ក្នុង​សម័យ​អាណាព្យាបាល​បារាំង ដោយមើលឃើញ​ពី​ការ​ឃ្លាតឆ្ងាយទៅៗនៃ​សី​លធ​ម៍ នៃ​ការអប់​រំ ហើយ​ជំនួស​ឱ្យ​សេចក្ដីល្អ​នោះ គឺអំពើ​បែប​ព្រៃផ្សៃវា​កាន់តែ​រាលដាលឡើង កវី​ក្រម​ង៉ុយ (កវី​ប្រជាជន​ខ្មែរ​សម័យ​នោះ) ​បាន​​ច្រៀង​អប់រំ​ប្រជាជន​ឱ្យ​លះ​បង់​អំពើ​ទាំង​អស់​ ដែល​តាម​ក្រម​ព្រហ្មទណ្ឌ​ យើង​ហៅ​ថា​ជាការប៉ះពាល់ដោយចេតនាដល់ជីវិតមនុស្ស។

លុះ​មក​ដល់​ទសវត្សរ៍​ឆ្នាំ​១៩៦០ មនោគម​វិជ្ជានៃ​លទ្ធិ​​សង្គម​និយម​ត្រូវ​បាន​​សាប​ព្រួសលើ​ស្មារតី​​ប្រជា​ជន​កម្ពុជា​ ជា​ពិសេស​ប្រជាជន​ក្រី​ក្រ​ដែល​តាម​លទ្ធិនោះ ​គឺ​ ភាព​ក្រីក្រនោះ​បណ្ដាល​មក​ពី​របប​អាណា​និគម​និយម និង ​ដោយ​រង​ការ​ជិះ​ជាន់​ពី​សំណាក់​អ្នក​មាន​អំណាច និង​អ្នក​មានទ្រព្យសម្បត្តិ។ ​ជាគោលការណ៍នៃលទ្ធិសង្គមនិយម ការ​រំដោះ​វណ្ណៈ​កសិករ កម្មករឱ្យរួចផុតពីការជិះជាន់ទាំងនោះគឺមានតែការតស៊ូដោយអាវុធ គឺ​មិន​អាច​ផ្សះ​ផ្សា ដោយអហឹង្សា​បានឡើយ ព្រោះតាមទស្សនៈនៅ​ក្នុងលទ្ធិនេះ សារជាតិរបស់វណ្ណៈ​ជិះ​ជាន់ គឺមិនអាចកែប្រែបានទេ ដូចនេះត្រូវតែកម្ទេច។

ជាទូទៅទស្សនៈក្នុងលទ្ធិសង្គមនិយម គេចាត់ទុកអក្សរសិល្ប៍ជាអាវុធដ៏​មុត​ស្រួច​​ស្រាវ​ក្នុងការតស៊ូវណ្ណៈ។ កន្លងមក ក្រុមខ្មែរ​កុំមុយនិស្តក៏​បាន​តាក់​តែង និង​ផ្សព្វ​ផ្សាយ​​កំណាព្យ​/ចម្រៀងជាច្រើន ដែលមានអត្ថន័យ​បណ្ដុះស្មារតីហឹង្សាដល់​ប្រជា​ជន ជាកម្មករ កសិករ​​ប្រឆាំង​នឹង​របប​រាជា​និយម និងរបបសាធារណរដ្ឋនិយមបែបសេរី។ ដោយ​ខ្លឹម​សារ​អប់រំ​ទាំងអស់​នោះ​ ប្រទេស​កម្ពុជា​បាន​ជួប​ប្រទះ​នឹង​គ្រោះមហន្តរាយ​យ៉ាង​ធ្ងន់​ធ្ងរ គឺត្រូវ​​បាន​ឆ្លង​កាត់​សង្គ្រាម​មហាវិនាស​​កម្ម​រយៈ​ពេល​ប្រាំឆ្នាំ និង​របប​ប្រល័យ​ពូជសាសន៍​បីឆ្នាំ​ប្រាំបី​ខែ​ម្ភៃថ្ងៃ។ មហន្តរាយ​នេះ​បាន​បណ្តាល​ឱ្យមាន​ការប៉ះពាល់ទាំង​ដោយចេតនា និងដោយ​អចេតនា​​ដល់ជីវិតមនុស្ស ដែល​ជា​ប្រជាជន​កម្ពុជា​រាប់លាននាក់។

បច្ចុប្បន្ន​យើង​មាន​ច្បាប់​ ដែល​ចែង​ពី​បទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ដែល​ចែង​ថា​ បទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ គឺជាអំពើណាមួយក្នុងចំណោមអំពើ ដែលរៀបរាប់ខាងក្រោមនេះ កាលបើអំពើនេះ ត្រូវបានប្រព្រឹត្តនៅក្នុងក្របខ័ណ្ឌការវាយលុកជាទូទៅ ឬជាប្រព័ន្ធ សំដៅប្រឆាំងប្រជាជនស៊ីវិល ដោយ (១)-ឃាតកម្ម (២)-ការសម្លាប់រង្គាល (៣)-ការធ្វើឱ្យទៅជាទាសករ (៤)-ការនិរទេស ឬជម្លៀសប្រជាជនដោយបង្ខំ (៥)-ការដាក់ពន្ធនាគារ ឬគ្រប់រូបភាពដទៃទៀតនៃការដកហូតយ៉ាងធ្ងន់ធ្ងរនូវសេរីភាពដោយ បំពានទៅលើបទប្បញ្ញត្តិគ្រឹះនៃនីតិអន្តរជាតិ (៦)-ការធ្វើទារុណកម្ម…។ បទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។

ជា​ទូទៅ​ មាត្រា​នៃ​ច្បាប់​បច្ចុប្បន្នមានខ្លឹម​សារ ​ដែល​មាននិន្នាការ​​ជាការ​ព្រមាន​ ការ​គម្រាម​ដាក់​ទោស​ ដែល​ខុស​ពី​ខ្លឹមសារ​នៃ​ការ​អប់រំ​បែប​ប្រពៃណី​​ខ្មែរ​ ដែល​មាន​និន្នាការ​ជាការ​ទូន្មាន​ប្រៀន​ប្រដៅដោយភាព​ទន់ភ្លន់។ ដូច​នេះ​ហើយ​ទើប​យើង​ឃើញថា​ ការ​អប់រំ​តាមបែប​ប្រពៃណី​នៅ​តែ​ត្រូវ​បាន​អនុវត្ត​​ការ​អប់រំ​ក្នុង​គ្រួសារ ការអប់រំ​ក្នុងសាលា​ និង​តាម​រយៈ​វត្តអារាម​ដែល​មាន​ព្រះសង្ឃ​ជា​អ្នក​ទូន្មាន​ប្រៀន​ប្រដៅ។

ទាក់​ទង​នឹង​ការរួម​ចំណែក​កាត់​បន្ថយ​បទ​ល្មើស​ “ប៉ះ​ពាល់​ដល់​ជីវិត​មនុស្ស” ការ​អប់រំ​ដោយ​ផ្អែក​​ខ្លឹម​សារ​អប់រំ​ក្នុង​ច្បាប់​ឧបទេសដូច​មាន​ការ​អប់រំ​របស់​កវី​ក្រម​ង៉ុយ “ដ្បិត​មនុស្ស​ឥឡូវ យកខុស​ធ្វើ​ត្រូវ យក​ឆ្កួត​ធ្វើជា… អាងសុទ្ធតែខុស កូនអើយចាំចុះ អាងនោះមិនល្អ អ្នកគិតឱ្យល្អិត ដ្បិតស្រុកលោកក្រ ប្រមាណដំណ តទៀតទៅមុខ” និង​ពាក្យ​មួយចំនួន​ទៀតក្នុង​ច្បាប់​ពាក្យ​ចាស់ ដូចជា​ “…អ្នក​មានរក្សា​ខ្សត់ ដូច​សំពត់​ព័ទ្ធ​ពី​ក្រៅ អ្នកប្រាជ្ញ​រក្សា​ខ្លៅ ដូចសំពៅ​នៅ​សំប៉ាន។ អ្នកខ្ពស់​រក្សា​ទាប ដោយ​សុភាព​ធម៌បុរាណ អ្នក​ឆ្អែត​រក្សា​ឃ្លាន នាអ្នក​រុង​រក្សា​ឆ្មារ។…” ព្រមទាំង​​ខ្លឹម​សារ​នៃ​សីលទី​មួយ​ក្នុង​ចំណោម​សីល​ប្រាំក្នុង​ពុទ្ធ​សាសនា​ គឺ សីលបាណា ដែល​ទាក់ទងនឹងសិទ្ធិរស់រានមានជីវិត និងករណីយកិច្ច​ដែល​យើង​ត្រូវគោរពជីវិតទាំងអស់ព្រោះ​មនុស្ស​ម្នាក់ៗ គ្មានស្រឡាញ់អ្វីស្មើនឹងជីវិតរបស់ខ្លួនទេ។ ដូច្នេះការ​រំលឹក​ញឹក​ញាប់​ខ្លឹម​សារ​សីលទី១ ដែលមិនឱ្យសម្លាប់បៀតបៀនជីវិតដែល​ពលរដ្ឋ​ខ្មែរ​ចេះចាំ​ស្ទើរ​គ្រប់រូប គឺ​ជាការ​រួមចំណែក​មួយ​យ៉ាង​សំខាន់​ដល់​សេចក្តី​ព្រមាន​ក្នុង​មាត្រា ​នៃ​ច្បាប់​ស្តី​ពី​ឃាតកម្ម​។

២- ច្បាប់​​ប្រពៃណីរួមចំណែក​កាត់​បន្ថយ​​ការ​ប្រព្រឹត្តអបាយមុខ
ប្រពៃណី​សំខាន់​មួយ​ក្នុង​ការ​អប់​រំ​កូន​ចៅ​គឺ​ ខ្មែរ​បាន​យក​ទស្សនៈ​អប់​រំ​តាម​ពុទ្ធោវាទ គឺ​តាម​ធម៌​ក្នុង​ព្រះពុទ្ធសាសនា​។ ​ព្រះពុទ្ធសាសនាជាសាសនា ​ដែល​បាន​កើត​ឡើង​ដោយ​​ព្រះ​សម្ពុទ្ធ​បរមគ្រូ ​នៃ​យើង​ ​ព្រះ​​អង្គមានបំណងតែមួយគត់ គឺចង់​ឱ្យសព្វសត្វ​ជួប​ប្រទះនូវ​សេចក្តីសុខ សម្រេចបាន​នូវ​សម្បត្តិ​​របស់​មនុស្សក្នុងលោកទ្រង់ តែងបង្ហាត់បង្រៀនប្រៀន​​​ប្រដៅ ចង្ហុល​​បង្ហាញប្រាប់​ពីវិធីដែលនាំ​មក​នូវ​សេចក្តី​សុខ ដូចជាអំពើនេះសត្វគប្បីប្រព្រឹត្ត អំពើ​​នោះ​មិន​គប្បីប្រព្រឹត្តជាដើម។ ប្រៀបដូច​ជា​មាតា​បិតា​​ តែងតែប្រៀនប្រដៅបុត្រាបុត្រីដូច្នោះដែរ។​

ក្នុង​បញ្ហា​អបាយ​មុខ​ លោក​ទូន្មាន​ថា អបាយមុខ មានសេចក្តីថា​ជាប្រធាននៃសេចក្តីមិនចំរើនគឺការ​វិនាស។ ​មនុស្ស​​ក្នុងលោក​នេះ​គ្មាន​ ​អ្នក​ណាមា្នក់ចង់បានទេនូវករណីនេះ សុទ្ធតែចង់បានសេចក្តីចំរើនរុងរឿងសំបូរសប្បាយ។ មាន​បុគ្គល​ខ្លះបែរទៅជាមានកាប់សម្លាប់ កេងប្រវ័ញ្ច បោកបញ្ឆោត ប្រព្រឹត្តខុសក្នុងកាម និយាយ​កុហក​ សេព​​គ្រឿង​​ញៀន លេងល្បែងលេងស្រី ផឹកសុរា សេពគប់មិត្តអាក្រក់ ដើរលេងយប់ ខ្ជិលច្រអូស​ខ្វះការ​​សិក្សា​​រៀនសូត្រប្រព្រឹត្តអំពើពាលាអាវាសែផ្សេងៗ តាមទំនើងចិត្ត​នៃកំលាំង​តណ្ហារបស់​ខ្លួន​មិ​ន​​ស្គាល់​គុណ​​​​មាតាបិតា។ អំពើរបស់ជនខាងលើនេះសុទ្ធតែបង្ហាញ​អំពី​សេចក្តី​វិនាស​ទាំងអស់ គ្រាន់តែ​អំពើ​ខ្លះ​ឱ្យផលភ្លាមៗទាន់ភ្នែក ងាយមើលឃើញជួបសេចក្តីទុក្ខ​ភ្លាមៗ។ ចំណែក​អំពើ​ខ្លះ​ទៀត​មិនទាន់​ឱ្យ​ផល​ដល់​បុគ្គលពាលសម្គាល់ថា​វាមានរសជាតិផ្អែមដូចទឹកឃ្មុំ តែមិន​ដឹង​ថាខាង​ចុង​គឺ​ជាថ្នាំពុល​មាន​ពិស​ដ៏​ពន្លឹក​នោះទេ។

ក្នុងព្រះពុទ្ធ​សាសនា ហេតុដែលនាំឱ្យ​បាននូវ​សេចក្តី​វិនាស​មិនចំរើនមាន៤យ៉ាងគឺ:
១-ឥត្ថីធុត្តោ ជាអ្នកលេងស្រី
២-សុរាធុត្តោ ជាអ្នកលេងស្រា
៣-អក្ខធុត្តោ ជាអ្នកលេងល្បែងភ្នាល់
៤-បាបមិត្តោ ជាអ្នកយកមនុស្សអាក្រក់ជាមិត្ត។

១-ឥត្ថីធុត្តោ អ្នកលេងស្រី​ ជាកាមភោគីបុគ្គល អ្នកបរិភោគកាម​ល្មោភកាមស្រេកឃ្លានកាម ប្រាថ្នា​​​​​​​ក្នុងកាម មិនចេះឆ្អែតឆ្អន់ ចំពោះបញ្ចកាមគុណគឺមិនមានសេចក្តីសន្តោសបានហើយចង់បាន ទៀត​​មិនចេះគ្រប់គ្រាន់មិនល្មម មិនឈប់ឈរ។ បុរសក្នុងលោក​មានទ្រព្យ​សម្បត្តិ​ច្រើន​គួរ​ណាស់តែ ចំណាយ​ទ្រព្យនោះដើម្បីប្រយោជន៍ជាតិ ប្រយោជន៍សាសនា មិនគួរយក​ទ្រព្យ​សម្បត្តិ​ដែល​ខំប្រឹង​រក បាន​មក

ហើយនោះ ទៅប្រព្រឹត្តអបាយមុខ​គឺយកទៅ​បំពេញ​បំប៉ន​ស្រី​ពេស្យា​ផ្កាមាសទេ។ បុរស​ដែល​​មាន​​ភរិយាហើយ មិនត្រេកអរនឹងភរិយារបស់ខ្លួនតែម្នាក់ទេនៅ​មានចិត្ត​សាវាជាប់ជំពាក់ទៅ​នឹង​ស្រី​នានា​ មិនដឹងថាខ្លួនធ្វើខុសច្បាប់ស្វាមី អាងតែខ្លួនឯងជាប្រុសតាំង​ចិត្តខុសភ្លេចភ្លាំង​ជ្រុល​ជ្រប់ មិន​រើស​ថា​ស្រីណាល្អ ឬអាក្រក់ឡើយឱ្យតែឃើញ​ស្រី​ចេះ​តែចង់រួម​បវេណី គ្រាន់តែឱ្យបាន​សប្បាយ​មួយ​ពេលៗ​​ប៉ុណ្ណោះ។

២-សុរាធុត្តោ បុរសស្រ្តីជាអ្នកផឹកសុរាមេរ័យគឺជាអ្នកផឹកគ្រឿងស្រវឹងជាប់ជានិច្ចកាលរហូត​ដល់​ទៅខ្វះមិនបាន ដែលគេហៅថាមនុស្សប្រមឹកសុរា។ អ្នកប្រមឹកគឺគាត់ផឹកជាប្រក្រតី​ទាល់​តែ​ញៀន​បើ​ពេល​​​ណា​មិនបានផឹក ឬខានផឹកថ្ងៃនោះត្រូវក្តៅក្រហាយ មិនសប្បាយចិត្តមាន​អារម្មណ៍​ច្របូក​ច្រ​បល់។​

៣-អក្ខធុត្តោ  ល្បែងភ្នាល់មានច្រើនយ៉ាងណាស់ ដូចជាបៀប៉ោ ល្បែងស៊ីសងជាដើម រហូតដល់​ទៅ​ល្បែងផ្សេងៗដោយមានប្រាក់កាសបន្តិចបន្តួចឬច្រើន។ មនុស្សប្រុសក្តី ស្រ្តីក្តីប្រកាន់​យក​ល្បែង​​​​ភ្នាល់​ជាគ្រឿងចិញ្ចឹមជីវិត ឬជាអ្នករកស៊ីក្នុងវង់ល្បែងភ្នាល់ជាសំខាន់ឈ្មោះថា ជាអ្នក​លេង​ល្បែង​​ភ្នាល់​ទាំង​អស់។

៤-បាបមិត្តោ ជនទាំងឡាយណាប្រព្រឹត្តបាបកម្មដោយកាយ វាចា ចិត្ត ឬជាអ្នក​ប្រព្រឹត្ត​អំពើ​ទុច្ច​រិត​ដោយទ្វារទាំង៣ អ្នកនោះឈ្មោះថាមនុស្សអាក្រក់។ អ្នកណាបាន​អាស្រ័យ​ជា​មួយ​រស់​នៅ​ជា​មួយ បរិភោគជាមួយដេកដើរជាមួយ លេងជាមួយ​នឹងមនុស្ស​អាក្រក់​ជាប់​ជា​និច្ចកាល ដោយទុក​ចិត្ត​ស្និទ្ធ​ស្នាល​នឹងគ្នា អ្នកនោះឈ្មោះថា សេពគប់​មនុស្ស​អាក្រក់​ជាមិត្ត​សំឡាញ់។ អបាយមុខទាំង៤ ប្រការនេះទោះបី​ជា​​បានប្រព្រឹត្តមួយណា ក៏ដោយសុទ្ធតែជាហេតុនាំមកនូវ​សេចក្តី​វិនាស អន្តរាយទាំងអស់។មនុស្សអ្នកលេងស្រី បើជាប់ចិត្តនឹងស្រីណាដែលខ្លួនស្រលាញ់​ប្រាថ្នា​​​ចង់បាន ទោះត្រូវចាយវាយប្រាក់អស់ប៉ុណ្ណា ក៏ត្រូវតែចំណាយ ឱ្យសមតាមបំណងរបស់ខ្លួន។

អបាយ​មុខនេះ បណ្ដាលឱ្យបែកបាក់គ្រួសារ ទ្រព្យសម្បត្តិ កើតជម្ងឺ មានវិវាទ ជាប់គុកច្រវាក់​ខ្នោះ​ឃ្នាង រហូត​ដល់អន្តរាយជីវិត។ ចំពោះអ្នកប្រមឹកកាលណាញៀនហើយក៏ត្រូវចំណាយប្រាក់ ខាត​ពេល​វេលា ខូចសុខ​ភាព បាត់បង់កំលាំងការងារ ហើយជួនកាលមានគំនិតរកស៊ីទុច្ចរិត លួច​ប្លន់ ជាប់​គុកច្រវាក់ ផាក់​ពិន័យ មានកេរ្តិ៍អាក្រក់ រហូតមានការរស់នៅលាក់ខ្លួន ពួនអាត្មា​ឆ្ងាយ​គេឯង។​ សម្រាប់អ្នក​លេង​ល្បែង​ក៏ជាអបាយមុខនាំមកនូវក្តីវិនាសដូចខាងលើដែរគឺថា ការលេង​ល្បែង ទោះ​បី​មានការហាម​ឃាត់​ក៏ដោយ ក៏ត្រូវតែលេងលួចលាក់ភ័យខ្លាច។ការលេងនេះ ជួនកាលឈ្នះ ជួន​កាលចាញ់ បើគេ​ចាប់​បាន ក៏ត្រូវជាប់ឃុំឃាំង ជាប់ទោស បាត់បង់ទ្រព្យសម្បត្តិ មាសប្រាក់ ហើយ​នាំឱ្យកើត​ពៀរទៀត​ផង​ដូច​ពុទ្ធភាសិតពោលថា “ជយំ វេរំ បសវតិ” អ្នក​ឈ្នះរមែងឈ្មោះថាកម្មពៀរ “ទុក្ខំ សេតិ បរាជិរតា ”អ្នកចាញ់ រមែងដេកកើតទុក្ខ ហើយមាន​ការចងពៀរនឹងគ្នា ក្តៅក្រហាយ​ទាំងកាយ ទាំងចិត្ត ឥតមាន​សេចក្តី​សប្បាយរីករាយឡើយ។ អបាយមុខចុង​ក្រោយ ទោះ​បីមនុស្ស​និស្ស័យល្អក៏ដោយបើសេព​គប់​ជន​អាក្រក់​និស្ស័យមិនល្អ ធ្វើឱ្យតម្លៃខ្លួនធ្លាក់ថោកទាបវិញបាន​សម​តាម​ពុទ្ធភាសិត “យំ វេ សេវតិ តាទិសោ” ​សេព​គប់​​មនុស្ស​ណា មុខជាដូច​មនុស្សនោះ​មិនខាន។ ​មនុស្ស​ក្រក់តែងនាំមនុស្សល្អឱ្យធ្លាក់​ជ្រោះ រណ្តៅ គឺជា​លក្ខណៈ​ធម្មជាតិ។​​​​​​​​​​​​​​​​សេពគប់ចោរ នោះនឹង​ទៅ​ជា​ចោរ មុខជានឹង​ត្រូវជាប់ទោស។​សេព​គប់​មនុស្ស​អាក្រក់ នោះប្រាកដជាត្រូវអ្នកដទៃស្អប់ខ្ពើម​​ បាត់​បង់​​រាល់ទំនាក់ទំនងល្អៗ នាំឱ្យជួប​ប្រទះ​នូវ​សេចក្តី​វិនាស។​ ធម៌ទាំងបួននេះ ព្រះអង្គទ្រង់សម្តែង ដើម្បី​​ប្រ​ដៅមនុស្សឱ្យចេះប្រ​យ័ត្ន​មិន​​​បណ្ដោយ​​​​ខ្លួន​​ធ្លាក់ទៅ​ក្នុង​ភាពអន្តរាយ ឈ្លក់វង្វេងនឹង​អបាយ​មុខ​ទាំងបួន​ប្រភេទ ហើ​យ​ទីបំផុត​ធ្លាក់​ខ្លួន​ជា​មនុស្ស​អស់សេចក្តី​សង្ឃឹមក្នុងជីវិត។

សរុប​មមក តាម​ពុទ្ធោវាទ អំពើ​ជាអបាយ​មុខ​មាន​ជាអាទិ៍​ការ​ប្រព្រឹត្តដោយ​ងប់​ងល់​នឹង​​ស្រី ស្រា​ ក៏ដូច​ជា​ល្បែង​ស៊ី​សងសុទ្ធ​នាំ​អ្នក​ប្រព្រឹត្ត ឱ្យ​ឈានដល់​ការ​ប្រព្រឹត្ត​បទ​ល្មើស​ធ្ងន់​ធ្ងរ​ដែល​​ច្បាប់ហាម​ឃាត់ ដូច​ជា​បទ​រំលោភ​សេព​សន្ថវៈ បទលួច​ ប្លន់​ ការ​ប្រើ​អំពើ​ហឹង្សា​ដែល​អាច​បង្ក​របួស​ស្នាម ​ឬ​អាចឈាន​ដល់​អំពើ​ មនុស្សឃាតដោយ​អចេតនា​ដែល​ត្រូវ​ទទួល​ទោស​តាម​ច្បាប់​រដ្ឋ​ ដូច​ជា​ការ​បើកបរ​ក្នុង​ពេល​ស្រវឹង​ដែល​អាច​បង្កគ្រោះថ្នាក់​ដល់ជីវិត​អ្នក​ដទៃ…។

(១) ការ​អប់រំ​បែប​ប្រពៃណី​រួមចំណែក​ហាម​ឃាត់បទរំលោភ​សេពសន្ថវៈ
បទរំលោភសេពសន្ថវៈ (មាត្រា​២៣៩ នៃក្រម​ព្រហ្មទណ្ឌ) តាម​គ្រប់​រូបភាព​ ដូច​ជា​ដោយការប្រើហិង្សា ការបង្ខិតបង្ខំ ការគំរាមកំហែង ឬដោយការឆ្មក់ឱកាស ​ដោយការប្រើអាវុធ ឬគំរាមកំហែងនឹងអាវុធ ដោយការប្រើគ្រឿងញៀន ឬគ្រប់វិធីដែលនាំឱ្យជនរងគ្រោះបាត់បង់ ឬចុះខ្សោយលទ្ធភាព ទប់ទល់ ដោយបុគ្គលដែលមានអំណាចទៅលើជនរងគ្រោះ ដោយបុគ្គលដែលរំលោភអំណាចដែលមុខងាររបស់ខ្លួនបានប្រគល់ឱ្យ ដោយបុគ្គលច្រើនរូប ដែលប្រព្រឹត្តឡើងក្នុងឋានៈជាចារី សហចារី អ្នកផ្តើមគំនិត ឬជាអ្នក សមគំនិត។ អ្នកក​ប្រព្រឹត្ត​បទរំលោភសេពសន្ថវៈនេះ តាម​ច្បាប់​រដ្ឋត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥ (ប្រាំ) ឆ្នាំ ទៅ១០ (ដប់) ឆ្នាំ។

ជាការ​ទ្រទ្រង់​ប្រសិទ្ធភាព​នៃ​ច្បាប់​នេះ ទាក់ទងបុរស-ស្ត្រី ក្នុង​សីល​ប្រាំនៃ​ពុទ្ធសាសនា សីលទី៣ គឺសីលកាមេ ទូន្មាន​មនុស្ស​ឱយគោរពសិទ្ធិ កុំរំលោភ កុំបៀតបៀន ប្រពន្ធប្តីអ្នកដទៃ ទុកឱ្យគេរស់នៅបានសុខសាន្ត ត្រជាក់ត្រជុំវែងឆ្ងាយទៅ។ ហើយគេក៏នឹងគោរព មិនបៀតបៀនយើង ទុកឱ្យយើងរស់នៅដោយសុខសាន្តដែរ។

(២) ការ​អប់រំ​បែប​ប្រពៃណីហាមឃាត់​ការលួច ការ​កំហែង​យក
មាន​បទ​ល្មើស​ដែលមាន​ចែង​ក្នុង​ច្បាប់​រដ្ឋ មួយ​ចំនួន​ដូចខាង​ក្រោម សុទ្ធ​ស្ថិត​ក្រោម​ការ​ហាម​ឃាត់​នៃ​ការ​អប់រំ​បែប​ប្រពៃណី​ទាំង​អស់ ៖

– អំពើលួច ៖ មាត្រា ៣៥៣ នៃ​ក្រម​ព្រហ្មទណ្ឌកំណត់​និយមន័យនៃអំពើលួចថា អំពើលួចគឺជាអំពើដកហូតដោយទុច្ចរិតនូវទ្រព្យសម្បត្តិ ឬវត្ថុផ្សេងទៀតរបស់អ្នកដទៃ តាមគ្រប់មធ្យោបាយក្នុងគោលបំណងយកមកធ្វើជាកម្មសិទ្ធិរបស់ខ្លួន។ ទាក់​ទង​នឹង​អំពើលួចមានការ​លួច​ប្រព្រឹត្តឡើងមុនពេល ក្នុងពេល ឬក្រោយពេលប្រើហិង្សា និងមាន​ការលួចប្រព្រឹត្តដោយការកាប់គាស់ទម្លុះទម្លាយ។

តាម​ច្បាប់​ទាក់​ទង​នឹង​អភ័យឯកសិទ្ធិគ្រួសារ (មាត្រា ៣៥៥) អំពើលួចទ្រព្យសម្បត្តិរបស់បុព្វញាតិ ឬបច្ឆាញាតិ និងអំពើលួចទ្រព្យសម្បត្តិរបស់សហព័ទ្ធ មិនអាចត្រូវផ្តន្ទាទោសព្រហ្មទណ្ឌ​ទេ។

​- ការកំហែង​យក ៖ មាត្រា ៣៦៣ នៃ​ក្រម​ព្រហ្មទណ្ឌកំណត់​និយមន័យនៃការកំហែងយកថា គឺជាអំពើដែលប្រព្រឹត្តដោយការប្រើហិង្សា ការគំរាមកំហែងថានឹងប្រើហិង្សា ឬដោយការបង្ខិតបង្ខំ ដើម្បីទទួលបាននូវ៖ (១)-ហត្ថលេខា ឬស្នាមម្រាមដៃ (២)-ការសន្យា ឬការបោះបង់ចោលអ្វីមួយ (៣)-ការបង្ហាញអាថ៌កំបាំងណាមួយ (៤)-ការប្រគល់មូលនិធិ តម្លៃ ឬទ្រព្យសម្បត្តិអ្វីមួយ។

– ការ​ឆបោក ៖ មាត្រា ៣៧៧ នៃ​ក្រម​ព្រហ្មទណ្ឌកំណត់​និយមន័យនៃនិយមន័យនៃការឆបោកថា គឺជាអំពើបន្លំចំពោះរូបវន្តបុគ្គល ឬនីតិបុគ្គលណាមួយ ដោយប្រើឈ្មោះក្លែង ដោយអះអាងទៅលើឋានៈក្លែង ដោយរំលោភលើឋានៈពិតប្រាកដ ឬដោយប្រើឧបាយកលទុច្ចរិត ហើយដូច្នេះបានទទួលពីបុគ្គលនេះ៖ ដែលនាំឱ្យខូចប្រយោជន៍របស់បុគ្គលនេះ ឬរបស់តតិយជននូវ ៖ (១)-ការប្រគល់មូលនិធិ តម្លៃ ឬទ្រព្យសម្បត្តិអ្វីមួយ (២)-ការផ្គត់ផ្គង់សេវា (៣))-ការធ្វើលិខិតដែលមានតម្លៃជាកាតព្វកិច្ច ឬជាការឱ្យរួចពីកាតព្វកិច្ច។

– ការរំលោភលើទំនុកចិត្ត ៖ មាត្រា ៣៩១ នៃ​ក្រម​ព្រហ្មទណ្ឌកំណត់​និយមន័យនៃនិយមន័យនៃការរំលោភលើទំនុកចិត្ត​ថា គឺជាអំពើនៃបំបាត់មូលនិធិ តម្លៃ ឬទ្រព្យសម្បត្តិអ្វីមួយ នាំឱ្យខូច ប្រយោជនអ្នកដទៃ ប្រព្រឹត្តដោយបុគ្គលណាម្នាក់ ដែលគេបានប្រគល់ឱ្យបុគ្គលនោះ ហើយបុគ្គលនោះបានយល់ព្រម ដោយមានភារកិច្ចប្រគល់សងវិញ បង្ហាញ ឬយកមូលនិធិ តម្លៃ ឬទ្រព្យសម្បត្តិនោះទៅធ្វើការប្រើប្រាស់ជាកំណត់។

ចំ​ពោះ​អ្វី​ដែល​ចែង​​អំពើ​ល្មើស​ច្បាប់​រដ្ឋ​ទាំង​អស់​ខាង​លើ​នេះ ក្នុង​ការ​អប់រំ​បែប​ប្រពៃ​ណី​​ព្រះ​ពុទ្ធសាសនា យើង​មាន សីលទី២ គឺសីលអទិន្នាទាន ទាក់ទងនឹងកម្មសិទ្ធិអ្នក​ដទៃ​ដែល​យើង​មិនត្រូវ​លួច ​មិនត្រូវប្លន់ ​មិនត្រូវបោកប្រាស់ ​មិនត្រូវស៊ីសំណូកសូកប៉ាន់ (ពុករលួយ)…។ មួយ​ទៀត​គឺ​​សីលទី៤ គឺសីលមុសា គឺថា​មនុស្ស​ម្នាក់​ៗមានសិទ្ធិបញ្ចេញមតិយោបល់ ប៉ុន្តែក៏មានករណីយកិច្ចមិនភូតកុហក មិនបោកប្រាស់ មិនបរិហាកេរ្តិ៍ មិនញុះញង់ជាដើម។ យើងមានសិទ្ធិនិយាយបានតែពត៌មានពិត ដូច្នេះយើងត្រូវតែនិយាយពិត។

ក្នុង​បរិបទ​​នេះ កវីក្រម​ង៉ុយ​ក៏បានប្រដៅអប់រំប្រជាជន​ឱ្យត្រូវប្រកាន់មារយាទល្អ សុចរិត កុំលួច កុំប្លន់ កុំឆកុហក បោកបញ្ឆោតគេ។ ទន្ទឹម​នឹង​នេះ​ លោកក៏បានអប់រំទូន្មានកូន

ចៅគ្រប់រូបឱ្យខិតខំរកស៊ី ធ្វើស្រែចំការ​ទៅ​តាម​អ្វី​ដែល​ខ្លួន​មាន។

“កុំប្លន់កុំលួច             កុំខ្ជិលកុំខូច        កុហកឆូវឆ

បោកប្រាសយកប្រាក់  ច្រវាក់ជាប់ក          កាន់មារយាទល្អ

សុចរិតត្រឹមត្រូវ។

កូនអើយរកស៊ី                                  កកាយធរណីធ្វើស្រែយកស្រូវ

កុំតាមអ្នកណា                                  បាតាមតែឪ”។

៣- ការ​​អប់រំ​បែប​ប្រពៃណីរួមចំណែក​លើក​កម្ពស់​សិទ្ធិ​កុមារ
ក្នុង​ច្បាប់រដ្ឋ ​អំពើដែល​ប៉ះ​ពាល់​ដល់​សិទ្ធិកុមា​រ​និង​ត្រូវ​បាន​ចាត់​ទុក​ថាជាអំពើ​ខុសច្បាប់​មានចែង​យ៉ាង​ល្អិត​ល្អន់ ជាការ​បញ្ជាក់​ថា​ រដ្ឋ​មាន​ការ​យកចិត្ត​ទុក​ដាក់​ខ្លាំង​ក្នុង​ការ​លើក​កម្ពស់​សិទ្ធិ​កុមារ។ អំពើ​ខុស​ច្បាប់​ទាំង​នោះ​មាន​​ជាអាទិ៍៖ អំពើ​បោះ​បង់​អនីតិជន ការ​បោះបង់​គ្រួសារ ការប៉ះពាល់ដល់ការថែរក្សាអនីតិជន ការប៉ះពាល់ដល់បុត្តភាព…។

មាត្រា ៣២១ នៃក្រម​ព្រហ្មទណ្ឌ​ចែង​ថា​ បទបោះបង់អនីតិជន គឺ​ជា​អំពើរបស់បុគ្គលមានអំណាចថែរក្សា ដែលបោះបង់អនីតិជនអាយុតិចជាង១៥ (ដប់ប្រាំ) ឆ្នាំនិង​ត្រូវ​មាន​ទោស​ ហើយប្រសិនបើអំពើបោះបង់នោះ បណ្តាលឱ្យអន្តរាយដល់សុខភាព ឬសន្តិសុខរបស់អនីតិជននោះ ទោស​នឹងត្រូវ​កើន​ឡើង។

ចំពោះ​ការមិនគោរពតាមសេចក្តីសម្រេចស្ថាពររបស់តុលាការ ដោយមិនព្រមបង់ នូវអាហារកាតព្វកិច្ចដល់សហព័ទ្ធ ឬអតីតសហព័ទ្ធរបស់ខ្លួន ដល់កូនជាអនីតិជន ដល់បច្ឆាញាតិ ឬ បុព្វញាតិ ឬ ដល់ញាតិផ្សេងទៀតរបស់ខ្លួននោះ នឹង​ត្រូវ​មាន​ទោសពី​បទបោះបង់គ្រួសារ (មាត្រា ៣២៤)។

អំពើប្រព្រឹត្តដោយគំនិតទុច្ចរិត មិនព្រមប្រគល់អនីតិជនឱ្យទៅបុគ្គលដែលមានសិទ្ធិទាមទារនោះការប៉ះពាល់ដល់ការថែរក្សាអនីតិជន ឬអំពើដកយកអនីតិជនដោយផ្ទុយច្បាប់ពីបុគ្គលដែលថែរក្សាស្របច្បាប់ គឺជាការប៉ះពាល់ដល់ការថែរក្សាអនីតិជន នឹង​ត្រូវមាន​ទោស​ពីបទមិនព្រមប្រគល់អនីតិជន (មាត្រា ៣២៦)។

អំពើនៅក្នុងគោលដៅចង់បានកម្រៃ ញុះញង់ដោយផ្ទាល់ដល់ឪពុក ម្តាយ ឬដល់ឪពុក ឬម្តាយ ឱ្យបោះបង់ទារកដែលកើតមកហើយ ឬដែលនឹងកើត និងអំពើប្រព្រឹត្តនៅក្នុងគោលដៅចង់បានកម្រៃ ធ្វើជាអន្តរការីរវាងបុគ្គលម្នាក់ ឬប្តីប្រពន្ធដែលចង់សុំកូនយកមកចិញ្ចឹម និងឪពុកម្តាយដែលចង់បោះបង់កូនដែលកើតមកហើយ ឬដែលនឹងកើតនោះ​ហៅ​ថា​បទញុះញង់ឱ្យបោះបង់ទារក (មាត្រា ៣៣០)។

ការដាក់អនីតិជនឱ្យស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ ធ្វើ​ឱ្យ​មាន​ការប៉ះពាល់ដល់សុខភាព និង ចិត្តសាស្ត្រ ដូច​ជាអំពើរបស់ជនគ្រប់រូប ដែលមានអំណាចទៅលើអនីតិជនអាយុតិចជាងដប់ប្រាំឆ្នាំ ដែលបង្អត់អាហារ ឬគ្មានការថែទាំរហូតដល់ខូចសុខភាពអនីតិជននោះ និងអំពើដែលដាក់      ​អនីតិជនឱ្យស្ថិតនៅក្នុងលក្ខខណ្ឌការងារ បណ្តាលឱ្យខូចដល់សុខភាព ឬការលូតលាស់ដល់រាងកាយរបស់អនីតិជននោះ សុទ្ធសឹង​ជា​អំពើ​ខុស​​ច្បាប់។

លើស​ពីនេះ​នៅ​មាន​ បទអាសប្រព្រឹត្តទៅលើអនីតិជនអាយុតិចជាង១៥ឆ្នាំ និង​បទញុះញង់អនីតិជនឱ្យបរិភោគគ្រឿងស្រវឹង។ អំពើអាស គឺជាអំពើនៃការប៉ះពាល់ ឬការបង្ហាញកេរភេទ ឬផ្នែកភេទផ្សេងទៀតរបស់ជនដទៃ ឬការឱ្យជនដទៃប៉ះពាល់កេរភេទ ឬផ្នែកភេទផ្សេងទៀតរបស់ជនល្មើសខ្លួនឯង ឬរបស់តតិយជន ក្នុងគោលបំណងធ្វើឱ្យរំជួល ឬរីករាយដល់ចំណង់ផ្លូវភេទរបស់ជនល្មើស។

មាត្រា​ច្បាប់​ដែល​ពាក់​ព័ន្ធ​ដល់​កិច្ច​ការពារ​អនីតិជនដូច​មាន​រៀប​រាប់​ខាង​លើ ​គឺជាការ​ដាក់​​​កំហិត​ដល់​ឪពុក​ម្ដាយ ដល់​អ្នក​អាណាព្យាបាល និង​ដល់​មនុស្សចាស់​ទូទៅ​ ត្រូវ​មាន​កាតព្វកិច្ច​ចំពោះ​មុខ​ច្បាប់​ក្នុង​ការ​ចិញ្ចឹម​បីបាច់​ ថែរក្សា​ ផ្តល់​ការ​អប់រំសិក្សា…ដល់​កុមារ។

ក្នុង​ការ​អប់រំ​បែប​ប្រពៃណី​ខ្មែរ គុណ​ធម៌​មួយ​នេះ​មិន​មែន​ជាការ​ដាក់​កំហិត​ទេ តែ​ជាការ​ពន្យល់​ឱ្យ​ព្រម​ទទួល​ដោយ​ការ​ឱ្យ​តម្លៃ​ទាំង​ខ្លួន​ឯង ទាំង​អនីតិជន​ដែល​ជា​កូន ជាចៅ ជា​អ្នក​ស្ថិត​ក្រោម​អាណាព្យាបាល​ និង​អាច​ជា​កុមារ​ទូទៅ។ ខ្លឹម​សារ​អប់រំ​នោះ​គឺមាន​នៅ​ក្នុង​ពាក្យ “ព្រហ្មវិហារធម៌ទាំង​បួន”។

ព្រហ្មវិហារ​ធម៌​​ទាំងបួននោះមានជាអាទិ៍ ៖
១- មេត្តា គឺជាការរាប់អាន ការស្រឡាញ់ ការប្រណី
២- ករុណា គឺ​ការ​​​អាណិត​អាសូរ
៣- មុទិតា គឺជាការសប្បាយអបអរចំពោះសេចក្តីសុខរបស់អ្នកដទៃ និង៤- ឧបេក្ខា គឺជាការមិនលំអៀងនៅជាកណ្តាល។

ព្រហ្មវិហារ​ធម៌ទាំង​បួនផ្តល់​ការ​អប់រំ​ ដែល​អាច​រួម​ចំណែក​ក្នុង​ការកែប្រែ​ឥរិយាបទ​ឪពុក​ម្ដាយ ​អ្នក​អាណាព្យាបាល គ្រូបង្រៀន និង​ដល់​មនុស្សចាស់​ទូទៅ​ ឱ្យ​ព្រម​ទទួល​កាតព្វកិច្ច​ចំពោះ​មុខ​ច្បាប់​ក្នុង​ការ​ចិញ្ចឹម​បីបាច់​ ថែរក្សា​ ផ្តល់​ការ​អប់រំសិក្សា…ដល់​កុមារ។​

ក្នុង​ប្រពៃ​ណី​ខ្មែរ ឪពុក​ម្តាយ ឬអ្នកអាណាព្យាបាល គ្រូបង្រៀន រហូត​ដល់​មនុស្ស​ចាស់​ទូទៅ ត្រូវមាន​ព្រហ្មវិហារ​ធម៌​​ជាពិសេស​មាន​មេត្តា​ចំពោះ​កូនចៅ សិស្សានុសិស្ស ព្រមទាំង​កុមារ​ទូទៅ។ មេត្តា គឺជាចិត្តប្រកបដោយមិត្តភាពដែលពុំមានបំណងអ្វីក្រៅពីចង់ជួយឧបត្ថម្ភ ឬការពលី ផលប្រយោជន៍របស់ខ្លួន ដើម្បីការសង្គ្រោះ និងសុខមាលភាពរបស់អ្នកដទៃ។ កាលណាទឹកចិត្ត ទូលំ​ទូលាយប៉ុណ្ណា ការប្រព្រឹត្តអំពើល្អក៏មានប៉ុណ្ណោះដែរ។ មេត្តាធម៌ គឺជាមេត្រីភាពដ៏បរិសុទ្ធ មាន​សារ​ធាតុបរទត្ថភាព សេចក្តីអាណិតអាសូរ និងមេត្រីភាពឥតព្រំដែន ដែលអាចក្រសោបប្រជា​រាស្ត្រ​ខ្មែរទាំងមូលដោយមិនប្រកាន់វណ្ណៈខ្ពស់ទាប មាន-ក្រ អាក្រក់-ល្អ ចេះដឹង-ល្ងង់ខ្លៅ ឡើយ។ ទាំង​អស់នេះ​មានន័យ​ថា​ ប្រពៃណី​ខ្មែរបាន​អប់រំ​ឱ្យ​ម្តាយ​ឪពុក​ស្រឡាញ់​ ការពារ​រក្សា​កូនចៅ​ ឱ្យ​កូនចៅ​ដើរ​តាម​ឱវាទ​អ្នកមានគុណ ឱ្យសិស្សត្រូវគោរព និងស្តាប់ឱវាទគ្រូបាធ្យាយ ខិតខំរៀនសូត្រក្រេបចំណេះដឹងពីគ្រូដើម្បីអនាគតផ្ទាល់ខ្លួន គ្រួសារ និងសង្គម រីឯ​គ្រូត្រូវខិត​ខំ​​បណ្តុះ​បណ្តាលអប់រំសិស្ស ទាំងចំណេះដឹងទូទៅ ចំណេះធ្វើ ចំណេះដឹងពីបច្ចេកទេសវិទ្យាសាស្ត្រ បទ​ពិសោធន៍ល្អៗ និងការអប់រំសីលធម៌ ចរិយាធម៌ និងឱ្យ​ក្មេង​ត្រូវ​គោរពមនុស្ស​ចាស់ ហើយមនុស្ស​ចាស់ត្រូវ​មាន​សេចក្តី​សណ្តោស​ដល់​ក្មេង។

សន្និដ្ឋាន
ការ​សិក្សា​បង្ហាញ​​ថា​ ប្រពៃណី ទំនៀម ទម្លាប់ និង​សាសនាដែល​ខ្មែរ​ប្រតិបត្តិ សុទ្ធសឹង​ជា​ប្រភព​​ច្បាប់ខ្មែរ ដែល ​អាច​ជា​មូល​ដ្ឋាន​​ប្រសិទ្ធ​ភាព​ច្បាប់​រដ្ឋ​​ មាន​ដូច​ជា​៖ ការ​អប់រំ​តាម​​រយៈ​​ព្រះ​សង្ឃ ​ដោយ​យកទស្សនៈ​អប់​រំ​​ក្នុង​ព្រះ​ពុទ្ធសាសនា​ជា​គោល ការ​អប់រំ​តាម​រយៈ​ច្បាប់​ឧបទេស​ដែល​ធ្វើ​នៅ​តាម​គ្រឹះ​ស្ថាន​សិក្សា​នានា​ ក៏​ដូច​ជា​នៅ​តាម​គ្រួ​សារ និង​ការ​អប់រំ​ដោយ​​រឹត​បណ្តឹង​ការ​គោរព​ប្រពៃណី​ពី​បុរាណ​ ការ​រក្សា​ទំនៀម​ទម្លាប់​​ឱ្យ​បាន​ខ្ជាប់​ខ្ជួន​ ជាដើម។ ការ​អប់រំ​បែប​ប្រពៃណី​ដោយ​ផ្អែក​លើទស្សនាទាន​អប់រំ ​ព្រះពុទ្ធសាសនាប្រពៃណីខ្មែរ​ ច្បាប់​ឧបទេសព្រមទាំង​ពាក្យ​ចួន​ដែល​បង្កើត​ឡើង​ដោយ​ប្រជាជនខ្មែរ បាន​ក្លាយជាច្បាប់ចរិយាសាស្ត្រ ក្នុងការអប់រំពលរដ្ឋ​កម្ពុជា​ មិនថានៅសម័យកាលទាំង​ក្នុង​សម័យ​ពី​ដើម​មក​ និងសម័យបច្ចុប្បន្ន​។

ដូច​នេះ ទោះ​បី​បច្ចុប្បន្នយើង​បាន​អនុវត្ត​វិធាន​ការ​ជា​ច្រើន​ដើម្បី​លើក​កម្ពស់​ប្រសិទ្ធភាព​ច្បាប់ ដូចជា៖ ​កំណែទម្រង់ស្ថាប័នតុលាការ និងការពង្រឹងស្ថាប័នអយ្យការដើម្បី​ឱ្យ​តុលាការឯករាជ្យ និង​ត្រូវបានធានាស្របទៅតាមគោលការណ៍មូលដ្ឋានស្តីពីឯករាជ្យភាពរបស់តុលាការដែលអនុម័តដោយអង្គការសហប្រជាជាតិ ការពង្រឹងស្ថាប័ននគរបាលយុត្តិធម៌ដោយ​ការ​លើក​កម្ពស់​ស្ថាប័ន​នេះឱ្យមានសមត្ថភាព ចំណេះ ជំនាញ បទពិសោធន៍និងសីលធម៌ត្រឹមត្រូវប្រកប ដោយវិជ្ជាជីវៈខ្ពស់ ការពង្រឹងអភិបាលកិច្ច​ដែលជាដំណើរនៃការធ្វើសេចក្តីសម្រេចចិត្ត និងដំណើរនៃសេចក្តីសម្រេចត្រូវអនុវត្តនិងមិនត្រូវអនុវត្ត… យើងក៏​ត្រូវ​ពង្រឹង​បន្ថែម​ការ​អប់រំ​បែប​ប្រពៃណី​ ព្រោះ​ការ​សិក្សា​បាន​បង្ហាញ​ថា ខ្លឹម​សារ​អប់រំ​បែប​ប្រពៃណី​ខ្មែរ​តាម​រយៈ​ទស្សនៈ​ពុទ្ធសាសនា​ក្តី តាមរយៈ​ឧបទេស​បុរាណ​ក្តី​ មាន​ច្រើន​ណាស់​ ដែល​ទ្រទ្រង់​មាត្រានានា​នៃ​​ច្បាប់វិជ្ជមាន​ ដែល​អាច​ឱ្យ​យើង​សន្និដ្ឋាន​បានថា​​ ការ​អប់រំ​បែប​ប្រពៃណី​ គឺ​ជា​ការ​រួម​ចំណែក​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​ពង្រឹង​ប្រសិទ្ធភាព​ច្បាប់​​ព្រះរាជាណាចក្រ​កម្ពុជា​យើង៕

 ឯកសារពិគ្រោះ
១. រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣។
២. ក្រមព្រហ្មទណ្ឌខ្មែរ ភ្នំពេញ ឆ្នាំ១៩៦៩។
៣. ក្រមរដ្ឋប្បវេណី ឆ្នាំ២០០៧។
៤. ខ្លូត ធីតា ទស្សនវិជ្ជាច្បាប់ រាជបណ្ឌិត្យសភាកម្ពុជា ឆ្នាំ២០០៨។
៥. ជីង ប៊ុនឡេង ក្រមព្រហ្មទណ្ឌ (បកប្រែខ្មែរ-អង្គគ្លេស) បោះពុម្ព ឆ្នាំ២០១៥។
៦. ជួន ណាត វចនានុក្រមខ្មែរ ការផ្សាយរបស់ពុទ្ធសាសន បណ្ឌិត្យ ឆ្នាំ១៩៦៧៕