ទស្សនាវដ្តីវិទ្យាសាស្ត្រថ្នាក់បណ្ឌិតនៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា បេក្ខជនបណ្ឌិត ព្រហ្ម វិចិត្រអក្ខរា ក្រោមប្រធានបទ៖ ការបែងចែកអំណាច

109

រាជធានីភ្នំពេញ៖ ទស្សនាវដ្តីវិទ្យាសាស្ត្រថ្នាក់បណ្ឌិតនៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ឆ្នាំទី១ លេខ០០០១ បេក្ខជនបណ្ឌិត ព្រហ្ម វិចិត្រអក្ខរា ក្រោមប្រធានបទ៖ ការបែងចែកអំណាច

១. សេចក្តីផ្តើម
រដ្ឋធម្មនុញ្ញ ជាទ្រឹស្តីធ្វើការបែងចែកអំណាចរបស់រដ្ឋ ជាបីមានអំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ។ ក្រៅពីអំណាចទាំងបីនេះ អំណាចសំខាន់ៗមួយចំនួនទៀតអាស្រ័យតាមរបបនយោបាយរបស់ប្រទេស រួមមានអំណាចរបស់ស្ថាប័នព្រះមហាក្សត្រ ឬប្រមុខរដ្ឋ អំណាចស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ អំណាចអង្គការរៀបចំការបោះឆ្នោត និងអំណាចស្ថាប័នសារព័ត៌មាន…។ល។

២. ទស្សនៈវិញ្ញុជន
លោក John Locke (១៦៣២-១៧០៤) ជាអ្នកទស្សនៈវិទូនយោបាយ ជនជាតិអង់គ្លេស លោកបានធ្វើការបកស្រាយអំពីសភាពនៃធម្មជាតិរបស់មនុស្ស ដូចជា សេរីភាព ទំនាក់ទំនងរវាង បុគ្គលនិងបុគ្គល សិទ្ធិ និងអំណាច ដែលកើតមានរវាងបុគ្គលមួយទៅនឹងបុគ្គលមួយផ្សេងទៀត។ អ្នកទាំងអស់គឺ​ចង់បាននូវឆន្ទៈរួម សន្តិភាពទូទៅការជួយគ្នាទៅវិញទៅមក។ លោកថាមនុស្សជាច្រើនចង់មាននូវកម្មសិទ្ធិដែលជាអ្វីៗសម្រាប់បម្រើបំពេញឱ្យខ្លួនឯងជាចាំបាច់។

ហេតុផលទាំងអស់នេះហើយដែលលោក Locke គិតថា ជាចលករតម្រូវឱ្យកើតមាននូវកិច្ចសន្យាមួយនោះគឺ កិច្ចសន្យា សង្គម មានន័យថា៖
-មនុស្សទាំងអស់ចូលមករួមរស់ជាសង្គម។
-តម្រូវឱ្យមនុស្សរួបរួមគ្នាជាសង្គមតូចៗ ឬធំៗ តាមស្ថានភាពជាក់ស្តែង។
-មនុស្សទាំងអស់នឹងទទួលបានផលប្រយោជន៍ជាច្រើននៅពេលដែលចាកចេញពីសភាពនៃធម្មជាតិ ដូចជាទទួលបាននូវសន្តិសុខ ការស្មើភាព តាមរយៈនៃការកំណត់ដោយច្បាប់។
-មនុស្សទាំងអស់ នឹងទទួលបាននូវសន្តិភាព ដោយបញ្ចប់សង្គ្រាម។
-បើបុគ្គលណាមិនគោរពតាមការកំណត់របស់ច្បាប់ ពេលនោះរដ្ឋនឹងដាក់ទណ្ឌកម្ម។

លោក Locke បានសិក្សាឃើញថា ឈរលើទ្រឹស្តីនៃច្បាប់ធម្មជាតិដំបូង មនុស្សត្រូវការចំណីអាហារផ្សេងៗ ដើម្បីចម្អែតក្រពះ បន្ទាប់មកត្រូវមានករណីយកិច្ចតាមវិចារណ ញ្ញាណរបស់ខ្លួន គឺថែរក្សាខ្លួនឯងដោយផ្ទាល់។ ការបែងចែកអំណាចតាមគោលការណ៍របស់លោក Locke បានចែកចេញជា ៣ គឺ៖ អំណាចនីតិប្បញ្ញត្តិស្ថិតក្នុងដៃសភា អំណាចនីតិប្រតិបត្តិស្ថិតក្នុងដៃរដ្ឋាភិបាល តុលាការយោធា អំណាចសហព័ន្ធស្ថិតក្នុងដៃស្ដេច និងមន្ត្រីដែលទទួលការចាត់តាំង។

លោក Montesquieu (១៦៨៩-១៧៥៥) ជាអ្នកទស្សនៈវិទូនយោបាយសង្គមវិជ្ជាបារាំង ហើយដែលជាគំនិតនយោបាយរបស់លោកគឺ៖
-មានរបស់ជាច្រើនដែលដឹកនាំមនុស្ស និងមានឥទ្ធិពលទៅលើច្បាប់ ដូចជាអាកាសធាតុសាស​នា​ ច្បាប់ ហើយដែលមានពីមុនមកតាមគោលការណ៍ដឹកនាំគំរូ ពីអតីតកាលដូចជា សីលធម៌ ទំនៀ​ម ​ទំលាប់ប្រពៃណីទាំងនេះ គឺជាព្រលឹងទូទៅរបស់ប្រជាជន (១៧៤៨)
-ទ្រឹស្តីនៃការបែងចែកអំណាច (ដែលបានរកឃើញដោយស្ថាបនិកមួយចំនួន) ដូចជា អារីស្តូត ប្លាតុ​​​ង និងចន​ឡក តាមរយៈក្រឹត្យច្បាប់ដែលមាននៅក្នុងប្រទេសអង់គ្លេសលោកលើកឡើងថា អំណា​ច​ នយោបាយ តែងតែអនុវត្តរំលោភលើច្បាប់ទាំងនេះ គឺចេញពីលក្ខណៈធម្មជាតិរបស់មនុស្ស។

លោក Montesquieu គឺជាអ្នកនយោបាយវិទូ គាត់សរសេរសៀវភៅបានជាង៣០ក្បាលគឺ សុទ្ធសឹងតែនិយាយពីការគ្រប់គ្រង និងនយោបាយទាំងអស់។ លោកបានវិភាគលើចំនុច៣គឺ៖
១-ទ្រឹស្តីអំពីប្រភពច្បាប់កើតពីទំនាក់ទំនង ទំនៀមទំលាប់ ប្រពៃណី និងបញ្ញត្តិទាំងឡាយផ្សេងៗ ទៀត​ក្រៅខ្លួន និងក្នុងខ្លួនមនុស្ស។
២-ទ្រឹស្តីអំពីរបបគ្រប់គ្រងរដ្ឋមានសាធារណរដ្ឋប្រជាធិបតេយ្យ និងរបបផ្តាច់ការ។
៣-ការវិភាគអំពីអំណាច លោកយល់ថា ប្រជាធិបតេយ្យជារបបដែលប្រសើរជាងគេ ព្រោះគោលការណ៍របស់វា គឺគុណធម៌ដែលមានតំលៃខ្ពស់ជាងកិត្តិយស។

លោកលើកឡើងអំពីទ្រឹស្តី នៃការបែងចែកអំណាចបញ្ឈរ និងទ្រឹស្តីនៃការបែងចែកអំណាចផ្តេក ហើ​​យលោកអះអាងថាទ្រឹស្តីនៃការបែងចែកអំណាចបញ្ឈរ ត្រូវមានអង្គការកណ្តាលមួយ ដែលនៅចន្លោះប្រជាពលរដ្ឋ និងស្ដេច។ ដើម្បីមានស្ថេរភាពនៅក្នុងអំណាចរដ្ឋ នៃរបបនីមួយៗ ចាំបាច់ត្រូវតែមានការបែងចែកអំណាចរដ្ឋ ព្រោះការបែងចែកអំណាចរដ្ឋអាចធ្វើឱ្យសមាជិក នៃសង្គមទទួលបាននូវសេរីភាព សុវត្ថិភាព យុត្តិធម៌ ពិសេសគឺស្ថេរភាពសង្គម។ លោកបានបែងចែកអំណាចជា ០៣ គឺ៖
-អំណាចនីតិប្បញ្ញត្តិ៖ ជាអំណាចធ្វើច្បាប់ កែច្បាប់ និងលុបច្បាប់ចោលវិញ។ អំណាចនេះប្រគ​ល់ ទៅឱ្យសភា (សភាជាន់ខ្ពស់ សភាជាន់ទាប សភាប្រជាជន)
-អំណាចនីតិប្រតិបត្តិ៖ ជាអំណាចដែលប្រតិបត្តិតាមឆន្ទៈរបស់អំណាចនីតិប្បញ្ញត្តិ ដើម្បីដឹកនាំរៀបចំសង្គមលើផ្ទៃប្រទេសនិងលើឆាកអន្តរជាតិ។ អំណាចនេះត្រូវបានប្រគល់ទៅឱ្យព្រះមហាក្សត្រ ប្រមុខរដ្ឋ នាយករដ្ឋមន្ត្រី ជាអ្នកកាន់កាប់
-អំណាចតុលាការ៖ ជាអំណាចវិនិច្ឆ័យដែលត្រូវបានប្រើប្រាស់នៅក្នុងក្របខ័ណ្ឌនៃច្បាប់។ អំ​ណា​​ច នេះប្រគល់ទៅឱ្យសភាតាមខេត្តក្រុង និងតុលាការគ្រប់ផ្នែក និងគ្រប់ជាន់ថ្នាក់ទាំងអស់។

លោកអះអាងថា គោលដៅនៃការបែងចែកអំណាចគឺដើម្បីប្រឆាំងនឹងរបបរាជានិយមផ្តាច់ការ ហើ​យសម្របសម្រួលទំនាស់រវាងពួកមូលធននិយម និងពួកវណ្ណៈអភិជន និងការគ្រោងទុកជាមុនដើម្បីការពារគ្រោះថ្នាក់ និងជៀសវាងការដណ្តើមយកអំណាចផ្តាច់មុខ។

៣-ការអនុវត្តទស្សនៈវិញ្ញុជនក្នុងសង្គម
ការសិក្សាទ្រឹស្តីរបស់ទស្សនៈវិទូពាក់ព័ន្ធនឹងអំណាច គឺឆ្លុះបញ្ចាំងឱ្យឃើញពីសារសំខាន់និងភាព គ្រោះថ្នាក់នៃអំណាច។ បើអំណាចត្រូវបានប្រគល់ជូនបុគ្គលដែលមិនមានស្ថានភាពគតិយុត្តិនឹងទទួល នោះសង្គមនឹងប្រឈមនឹងបញ្ហានៃការគាបសង្កត់ និងការជិះជាន់។ ហេតុដូចនេះហើយការសម្រេច និងការត្រួតពិនិត្យជាសមូហភាព គឺជាគោលការណ៍ទទួលខុសត្រូវរួម និងចៀសវាងនូវកំហុសជាលក្ខណៈរូបវន្តបុគ្គល ឬនីតិបុគ្គលមិនស្របច្បាប់។ សមូហភាពដែលមានអានុភាព និងអត្ថន័យគតិយុត្ត ចាំបាច់ត្រូវកើតចេញពីការបោះឆ្នោតជ្រើសរើស ឬជ្រើសតាំង តាមគោលការណ៍ប្រជាធិបតេយ្យ និងប្បញ្ញត្តិច្បាប់ជាធរមាន។

នៅពេលខ្លះអំណាចជាអ្នកបង្កើតច្បាប់ តែនៅពេលខ្លះទៀតគឺច្បាប់ទេជាអ្នកបង្កើតអំណាច។ តើ​អ្វីពិតប្រាកដ? ច្បាស់ណាស់ថា ចម្លើយមានតាមរយៈការសិក្សានូវគំនិត និងទស្សនវិទូល្បីៗខាងលើ ដែលអាចឱ្យយើងទាញការសន្និដ្ឋានមួយសម្រាប់ជាចម្លើយផ្ទាល់ខ្លួនប្រកបដោយហេតុផលវិទ្យាសាស្រ្តពិត និងតក្ក មិនខុសអ្វីពីការពន្យល់បកស្រាយដែលថា រដ្ឋធម្មនុញ្ញមានអំណាចបង្កើតរដ្ឋសភាជាតិ តែរដ្ឋសភាជាតិមានអំណាចកែប្រែរដ្ឋធម្មនុញ្ញនោះទេ។

ប្រព័ន្ធអង្គនីតិប្បញ្ញត្តិនៅលើពិភពលោក មានការបែងចែកតាមស្ថានភាពនៃការវិវត្តន៍នយោបាយ និងសង្គម។ ទោះបីយ៉ាងនេះក៏ដោយ មានតែប្រព័ន្ធធំៗ ២ ប៉ុណ្ណោះដែលបណ្តាប្រទេសជាច្រើនពេ​ញ​​​ និយមប្រើ នោះគឺប្រព័ន្ធសភាទ្វេនិយម (Bicameralism) និងប្រព័ន្ធសភាឯកនិយម (Unicamiralism)។

សភាទ្វេនិយម (Bicameralism) គឺជាប្រព័ន្ធអង្គនីតិប្បញ្ញត្តិ ដែលត្រូវបានបែងចែកចេញជា២ គឺសភាជាន់ទាប (Lower House) នៅកម្ពុជាហៅថា រដ្ឋសភាជាតិ(National Assembly) នៅសហរដ្ឋអាមេរិកហៅថា សភាតំណាងរាស្រ្ត (House of Representative) និងនៅចក្រ

ភពអង់គ្លេសត្រូវបានហៅថា House of Common រីឯមួយទៀតគឺ សភាជាន់ខ្ពស់(Upper House) នៅកម្ពុជា និងសហរដ្ឋអាមេរិក ហៅដូចគ្នាថា ព្រឹទ្ធសភា(Senate) នៅចក្រភពអង់គ្លេសវិញហៅថា House of Lords។

ស្មារតីដែលនាំឱ្យមានការអនុវត្ត តាមប្រព័ន្ធសភាទ្វេនិយម (Bicameralism) នេះ ក៏ព្រោះតែការអនុវត្តតាមប្រព័ន្ធនេះនាំឱ្យមានអត្ថិភាពនៃសមតុល្យនៃអំណាច (Checks and Balances) ជៀសវាងការប្រើប្រាស់អំណាចដោយបំពាន ឬហៅបានម៉្យាងទៀតថាជាការរំលោភអំណាច (Abuse Power)។ ប្រទេស ដែលប្រើប្រព័ន្ធសភាទ្វេនិយមមានដូចជា កម្ពុជា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ឥណ្ឌា កាណាដា ជប៉ុន អេស៉្បាញ…។ល។

Unicameralism ឬសភាឯកនិយម គឺជាប្រព័ន្ធមួយដែលមានសភាតែមួយគត់ មិនមែនជាព្រឹទ្ធ​ស​ភា ឬសភាជាន់ខ្ពស់អ្វីនោះទេ។ គ្រប់ការអនុម័តច្បាប់ បទដ្ឋានគតិយុត្ត ការគ្រប់គ្រងរដ្ឋបាល ការសម្រេចចិត្តផ្នែកគោលនយោបាយទាំងអស់ គឺមិនមានការឆ្លងកាត់ការអនុម័ត ការសម្របសម្រួល និងការផ្តល់យោបល់ដោយស្ថាប័នណាទៀតទេ ហើយក៏មិនចំណាយពេលវេលាច្រើននោះដែរ។ ប្រទេសដែលប្រើប្រព័ន្ធឯកនិយមមានដូចជា អ៊ីរ៉ង់ ណ័រវេ ស៊ុយអែត ញ៉ូវហ្សេលែន…។ល។

បច្ចុប្បន្ន ព្រះរាជាណាចក្រកម្ពុជា អនុវត្តតាមប្រព័ន្ធសភាទ្វេនិយម (Bicameralism) ដែលជាលទ្ធផលនៃនយោបាយបង្រួបបង្រួមជាតិ ហើយប្រវត្តិសាស្រ្តបានកត់ត្រាទុកនូវរបត់នេះពីសម័យកាលមួយទៅសម័យកាលមួយ។ ដូចនេះ ការសិក្សាពីប្រវត្តិសាស្រ្ត ធ្វើឱ្យយើងស្ថិតក្នុងបច្ចុប្បន្នភាពទំនើប និងអាចឱ្យយើងប្រមើលឃើញនូវអនាគតដ៏វែងឆ្ងាយជាយុទ្ធសាស្រ្ត។

ប្រសិនបើយកគោលការណ៍ នៃការអប់រំចិត្តតាមបែបពុទ្ធសាសនា យើងអាចប្រមើលឃើញ និងវាយតម្លៃថា អំណាច ត្រូវបានសន្មត់ជាពាក្យមួយមាត់សម្គាល់ន័យប៉ុណ្ណោះ ចំណែកឯរូបរាងពិតប្រាកដគឺស្តែងចេញតាមការស្ម័គ្រចិត្តប្រតិបត្តិដោយអំណរ។ កម្លាំងនៃការចូលរួមពិតប្រាកដរបស់ពលរដ្ឋជាមួយរដ្ឋ គឺជាអំណាចពិតប្រាកដឥតប្រកែកបាន។

ដូចនេះយន្តការសភាមួយជាន់ ឬពីរជាន់លែងជាការសំខាន់ហើយ។ អ្វីដែលសំខាន់បំផុត គឺការរួបរួមគ្នាធ្វើដោយស្ម័គ្រចិត្ត ដើម្បីទទួលផល ទោះបីផលនោះល្អក្តីឬអាក្រក់ក្តី ឬមានហានិភ័យខ្ពស់សម្រាប់ សង្គមជាតិក្តី វានៅតែជាអំណាចនៃឆន្ទះ។

នៅកម្ពុជាសភាជាន់ទាប (រដ្ឋសភា) ត្រូវបានផ្តល់អំណាចច្រើនជាងសភាជាន់ខ្ពស់ (ព្រឹទ្ធសភា) បើទោះបីជាអំណាចជាប្រមុខរដ្ឋស្តីទីនៅពេលព្រះមហាក្សត្រទ្រង់ព្រះរាជអវត្តមានត្រូវផ្តល់ជូនថ្នាក់ដឹកនាំនៃសភាជាន់ខ្ពស់ (ព្រឹទ្ធសភា) ក៏ដោយ។

សិទ្ធិអំណាចបដិសេធ (វេតូ) របស់សភាជាន់ខ្ពស់ (ព្រឹទ្ធសភា) ពុំមែនជាឧបសគ្គនៃការអនុម័ត ច្បាប់ ឬការសម្រេចកិច្ចការផ្សេងៗរបស់ជាតិឡើយ ហើយក៏មិនប៉ះពាល់ដល់ភាពស្របច្បាប់នៃដំណើរការជាប្រក្រតីនៃស្ថាប័នជាតិដែរ។ ទោះបីជាយ៉ាងនេះក្តី សភាជាន់ខ្ពស់ (ព្រឹទ្ធសភា) ជាយន្តការសំខាន់ និងចាំបាច់មួយក្នុងការជួយសភាជាន់ទាប (រដ្ឋសភា) ដើម្បីពិនិត្យ និងផ្តល់ជាយោបល់បន្ថែមឱ្យច្បាប់ដែល ត្រូវអនុម័តនោះ កាន់តែមានគុណភាព គ្រប់ជ្រុងជ្រោយ និងឆ្លើយតបបានគ្រប់ស្ថានភាពនៃអ្នកពាក់ព័ន្ធ។

៤-ការបែងចែកអំណាចតាមរដ្ឋធម្មនុញ្ញ
ក. ប្រវត្តិ និងសាវតា
ការស្វែងរកសន្តិភាព ដើម្បីបញ្ចប់សង្គ្រាមនៅកម្ពុជា បានចាប់ផ្តើមតាំងពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ១៩៨៩ ដោយរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ហ្គារ៉េត អេវ៉ាន់ (Gareth Evans) បានធ្វើសំណើមួយទៅជូន លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ ដាក់ប្រទេសកម្ពុជា ឱ្យនៅក្រោមការត្រួតពិនិត្យរបស់អង្គការសហប្រជាជាតិក្នុងរយ:ពេលអន្តរកាល និងត្រួតត្រាមើលការខុសត្រូវចំពោះការបោះឆ្នោតជាទូទៅ ដើម្បីជ្រើសរើសអ្នកតំណាង និងរដ្ឋាភិបាលមួយដោយសម្លេងរបស់ប្រជាពលរដ្ឋខ្មែរទាំងមូល។

ការត្រួសត្រាវផ្លូវរកសន្តិភាពជូនប្រជាពលរដ្ឋខ្មែរ ត្រូវបានឆ្លងកាត់ឧបសគ្គ និងចំណាយពេលវេលា យ៉ាងច្រើនដើម្បីឱ្យភាគីខ្មែរក្នុងជម្លោះយល់ព្រមបញ្ចប់សង្គ្រាម តាមសន្តិវិធី។ ក្រោយពេលចុះហត្ថលេខាលើ កិច្ចព្រមព្រៀងទីក្រុងប៉ារីស ប្រទេសបារាំងនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ មកសម្តេច នរោត្តម សីហនុ ជាប្រធានក្រុមប្រឹក្សាជាតិជាន់ខ្ពស់ ដែលគេបានជ្រើសតាំងជាឯកច្ឆន្ទនៅក្រុងប៉េកាំងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ១៩៩១ ព្រះអង្គក៏បានយាងចូលទីក្រុងភ្នំពេញនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ១៩៩១។

បេសកកម្មនាំមុខរបស់អាជ្ញាធរអង្គការសហប្រជាជាតិ (UNAMIC) ជាអង្គការស៊ីវិលមួយដឹកនាំដោយលោក Ataul-Karim បានមកដល់ប្រទេសកម្ពុជានៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ១៩៩១ ដែលមានសមាជិក ចំនួន២៦៨នាក់មកពីប្រទេសចំនួន២២។

បេសកកម្មរបស់អាជ្ញាធរអង្គការសហប្រជាជាតិ បានមកដល់ប្រទេសកម្ពុជានៅថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៩២។ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ Javiez Perez de Cuellar បានតែងតាំងឧត្តមសេនីយ៍អូស្ត្រាលី Jhon san deson ជាមេបញ្ជាការរបស់អ៊ុន តាក់ ផ្នែកខាងកងទ័ពសម្រាប់រយៈពេលអន្តរកាលប្រចាំនៅប្រទេសកម្ពុជា រហូតដល់ថ្ងៃបោះឆ្នោត។ ចំណែកខាងមន្ត្រីស៊ីវិល ត្រូវបានតែងតាំង លោក Jasusgi Akashi ជាជនជាតិជប៉ុនឱ្យមើលការខុសត្រូវនៅប្រទេសកម្ពុជាក្នុង រយៈពេលអន្តរកាលនេះដែរ។

ឧត្តមក្រុមប្រឹក្សាជាតិជាន់ខ្ពស់នៃកម្ពុជា (SNC) បានអនុម័តច្បាប់បោះឆ្នោតនៅថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៩២ ពេលនោះ អ៊ុន តាក់ បានរៀបចំការបោះឆ្នោតតាមគម្រោងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ បន្ទាប់មកនៅថ្ងៃទី២៣ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៣ បានរៀបចំការបោះឆ្នោតជ្រើសរើសសភាធម្មនុញ្ញមួយស្របច្បាប់។ ការបោះឆ្នោតជាសកលនៅកម្ពុជាគឺ ស្ថិតនៅក្រោមការឧបត្ថម្ភ និងរៀបចំដោយអង្គការសហប្រជាជាតិក្នុងបរិយាកាសនយោបាយអព្យាក្រឹត្យមួយ ដោយមានការគោរពពេញលេញដល់អធិបតេយ្យជាតិកម្ពុជា តាមប្រព័ន្ធបោះឆ្នោតសមាមាត្រ ដែលបានស្នើឡើងពីគណបក្សនយោបាយនានា។ លទ្ធផលនៃការបោះឆ្នោត ដែលប្រកបដោយជោគជ័យគឺ ត្រូវបានជ័យលាភីទៅលើគណបក្សនយោបាយចំនួន៤ក្នុងចំណោម គណបក្សនយោបាយទាំង២០នៅកម្ពុជាក្នុងនោះគណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានចំនួន៥៨អាសនៈ គណបក្សប្រជាជនកម្ពុជាទទួល បានចំនួន៥១អាសនៈ គណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនាទទួលបានចំនួន១០អាសនៈ និងគណបក្សម៉ូលីណាការ ទទួលបានចំនួន០១អាសនៈ ដែលសរុបទាំងអស់មានចំនួន១២០អាសនៈ សម្រាប់តំណាងមណ្ឌលក្នុងប្រទេសកម្ពុជា។

ខ. ដំណើរការរៀបចំរដ្ឋធម្មនុញ្ញ
ក្រោយពេលទទួលបានជ័យជំនះ នៅក្នុងការបោះឆ្នោត ថ្ងៃទី២៣-២៨ ខែឧសភា ឆ្នាំ១៩៩៣ មានគណបក្សនយោបាយចំនួន៤គឺ គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សប្រជាជនកម្ពុជា គណបក្សប្រជាធិប តេយ្យសេរីនិយមព្រះពុទ្ធសាសនា និងគណបក្សម៉ូលីណាការ បានប្រមូលផ្ដុំគ្នាបើកសម័យប្រជុំសភាធម្មនុញ្ញ ជាលើកដំបូងនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ១៩៩៣ ក្រោមព្រះអធិបតីភាពរបស់សម្តេចព្រះនរោត្តម សីហនុ និងលោកYasushi Akashi ដែលជាអ្នកទទួលខុសត្រូវរបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសកម្ពុជា។ វត្តមាននៃលោក Akashi ក្នុងពេលនេះគឺជាសញ្ញានៃការផ្ទេរសិទ្ធិក្នុងការគ្រប់គ្រងប្រទេស ពេញលេញទាំង មូលមកអោយខ្មែរក្នុងឋានៈជាម្ចាស់ប្រទេសលើគ្រប់វិស័យ។

សភាធម្មនុញ្ញ មានបេសកកម្មត្រូវតាក់តែងសេចក្តីព្រាងរដ្ឋធម្មនុញ្ញមួយ ឱ្យហើយក្នុងរយ:ពេល៣ខែ ដើម្បីឱ្យស្របទៅតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ សភាធម្មនុញ្ញដែលមានលោក សឺន សាន ជាប្រធាន លោក ជា ស៊ីម ជាអនុប្រធាន បានរៀបចំបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន នឹងធ្វើការតែងតាំងគណៈកម្មាធិការអចិន្ត្រៃមួយ ដើម្បីរៀបចំតាក់តែងគម្រោងរដ្ឋធម្មនុញ្ញ។ សេចក្តីព្រាងរដ្ឋធម្មនុញ្ញមួយត្រូវបានរៀបចំឡើង ដែលមានលក្ខណ:រាជានិយមពាក់កណ្តាល និង សាធារណរដ្ឋពាក់កណ្តាល។ ដោយសារមានជំហរពីរ មិនទាន់ដាច់ស្រេចរបស់សម្តេចព្រះ នរោត្តម សីហនុ ដែលប្រកាន់យកជំហរកណ្តាល គឺមិនមែនជាសាធារណរដ្ឋ ហើយក៏មិនមែនជារាជានិយមដែរ ដោយយកតាមលំនាំរដ្ឋធម្មញ្ញឆ្នាំ១៩៦០។ នៅក្នុងបំណាច់ខែសីហា ឆ្នាំ១៩៩៣ គណ:ប្រតិភូរបស់សភាបានអញ្ជើញទៅទីក្រុងព្យុងយ៉ាងនៃសាធារណរដ្ឋប្រជាមានិតកូរ៉េ ដើម្បីសុំព្រះរាជយោបល់ពីសម្តេចព្រះ នរោត្តម សីហនុ ហើយព្រះអង្គទ្រង់ក៏សព្វព្រះរាជហឬទ័យយករូបមន្ត របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។

ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ សេចក្តីព្រាងរបស់គណ:កម្មាធិការរៀបចំរដ្ឋធម្មនុញ្ញ ត្រូវបានសភាធម្មនុញ្ញអនុម័តដោយមាន១១៣ សម្លេងគាំទ្រ៥សម្លេងជំទាស់ និង២សម្លេង អនុបវាទ។ ក្រោយការអនុម័តរដ្ឋធម្មនុញ្ញរួចហើយរដ្ឋធម្មនុញ្ញនេះក៏ត្រូវបានប្រកាសឱ្យប្រើជាផ្លូវការ ដោយសម្តេចព្រះប្រមុខរដ្ឋនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ គឺមានរយៈពេល៤ខែបន្ទាប់ពីថ្ងៃបោះឆ្នោត អោយស្របតាមកិច្ចព្រមព្រាងសន្តិភាព ទីក្រុងប៉ារីស ដែលពុំមានគំរោងឱ្យអនុម័តតាមនីតិវិធី ប្រជាមតិជាបន្ថែមទៀតឡើយ។ ក្រោយពីប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ សភាធម្មនុញ្ញកបានក្លាយទៅជារដ្ឋសភា ហើយដែលនឹងត្រូវបង្កើតរាជរដ្ឋាភិបាលថ្មីមួយឡើង។ គួរកត់សំគាល់ថា ក្នុងការតាក់តែងរដ្ឋធម្មនុញ្ញនេះ សភាធម្មនុញ្ញបាន ស្រង់ការពិសោធពីរដ្ឋធម្មនុញ្ញ មុនៗ លើកលែងតែរដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិបតេយ្យ ស្រង់មតិពីសេចក្តីណែនាំរបស់អង្គការសហប្រជាជាតិ ក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារី ត្រង់ឧបសម្ព័ន្ធទី៥ ជាពិសេសនៅចំណុចគោលការណ៍ជាមូលដ្ឋាន ស្តីអំពីសិទ្ធិមនុស្ស កម្មសិទ្ធិឯកជន ការបង្កើតឱ្យមានតុលាការឯករាជ្យ និងការអនុវត្តប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស។

រដ្ឋធម្មនុញ្ញនេះ ត្រូវបានសភាធម្មនុញ្ញអនុម័តនៅក្នុងរាជធានីភ្នំពេញថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ នាសម័យប្រជុំពេញអង្គលើកទី២ ដែលចុះហត្ថលេខាដោយលោក សឺន សាន ហើយបានចូលជាធរមាននៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣។

សេចក្តីសន្និដ្ឋាន
ទស្សនៈវិទូការទទួលស្គាល់ថា អំណាចរដ្ឋជារបស់ប្រជាពលរដ្ឋទាំងមូល។ ពលរដ្ឋទាំងអស់មានសិទ្ធិស្មើៗគ្នានៅចំពោះមុខច្បាប់ ការផ្ទេរអំណាចគ្នាត្រូវបានធ្វើឡើងតាមរយៈការបោះឆ្នោត។ ដើម្បីឱ្យសង្គមមួយមានសន្តិភាព និងការអភិវឌ្ឍទស្សនៈវិទូបានធ្វើការបែងចែកអំណាចជាបីគឺ៖

១-អំណាចនីតិបញ្ញត្តិ៖ ជាអំណាចកំពូលដែលស្តែងឡើងដោយឆន្ទៈរួមរបស់ប្រជាជនទាំងមូលនៅក្នុងរដ្ឋ។ អំណាចនេះជាអ្នកបង្កើតរដ្ឋធម្មនុញ្ញ តាមឆន្ទៈរួមសម្រាប់ឱ្យអង្គនីតិប្រតិបត្តិ និងអង្គតុលាការយកទៅប្រើប្រាស់។ រដ្ឋសភាមិនត្រឹមតែបង្កើតច្បាប់ប៉ុណ្ណោះទេ តែថែមទាំងត្រួតពិនិត្យទៅលើសកម្មភាពរបស់អំណាចនីតិប្រតិបត្តិទៀតផង។ អំណាចនេះមានសិទ្ធិលុប ឬកែប្រែច្បាប់ប្រកាសសង្គ្រាម អនុម័តច្បាប់ថវិកាជាតិ។ ក្នុងករណីមានការបំពានច្បាប់ សភាមានសិទ្ធិកោះហៅ អ្នកប្រតិបត្តិឱ្យបំភ្លឺនៅចំពោះមុខច្បាប់។ នៅប្រទេសខ្លះ សភាបានដើរតួជាតុលាការវិនិច្ឆ័យទោសលើប្រធានាធិបតី និងចៅក្រមទៀតផង។

ដូចនេះសភាតាមតួនាទីរបស់ខ្លួន គឺមានសិទ្ធិក្នុងការកំណត់ និងសម្រេចវាសនា និងផលប្រយោជន៍ ប្រជាពលរដ្ឋទូទាំងប្រទេស។ អង្គនីតិបញ្ញត្តិនេះមានឥទ្ធិពលយ៉ាងខ្លាំងទៅលើអំណាចនីតិប្រតិបត្តិ អាចប្រើប្រាស់អំណាចរបស់ខ្លួនទៅតាមទំនោររបស់គេជាពុំខាន។

២-អំណាចនីតិប្រតិបត្តិ៖ គឺជាអំណាចដែលត្រូវបានកំណត់សម្រាប់ប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ ដែលអនុម័តដោយអង្គនីតិបញ្ញត្តិ។ អំណាចនេះត្រូវបានឋិតនៅក្រោមការចាត់ចែងរបស់ព្រះមហាក្សត្រ ឬ ប្រធានាធិបតី ឬនាយករដ្ឋមន្ត្រី។ ក្នុងអតីតកាល អំណាចនេះជាអំណាចផ្តាច់ការដែលតែងតែរំលោភទៅលើសង្គម ដោយមិនអនុវត្តតាមច្បាប់។ តែក្នុងគោលការណ៍ នៃការបែងចែកអំណាចនីតិប្រតិបត្តិនេះដែលមានតួនាទីដូចមុនទៀតឡើយ។ រាល់សកម្មភាពរបស់គេត្រូវគោរពច្បាប់ ដែលឆ្លើយតបទៅនឹងឆន្ទៈសង្គម។ អំណាចនេះត្រូវទទួលខុសត្រូវនៅចំពោះមុខរដ្ឋសភា ឬ ប្រធានាធិបតី។

៣-អំណាចតុលាការ៖ ជាអំណាចដែលត្រូវបានកំណត់ឡើងសម្រាប់វិនិច្ឆ័យស្វែងរកយុត្តិធម៌ក្នុងទម្នាស់ រវាងបុគ្គល និងបុគ្គល រវាងរដ្ឋ និងសង្គម។ អំណាចតុលាការជាអាជ្ញាកណ្តាលនៅពេលដែលអំណាចនីតិបញ្ញត្តិ និងអំណាចនីតិប្រតិបត្តិមានទម្នាស់នឹងគ្នា គឺមានន័យថាសង្គមផ្គត់ផ្គង់បាននូវសន្តិសុខ និងសេរីភាពពលរដ្ឋ។ កិច្ចការរបស់តុលាការគឺ កាត់ក្តីឱ្យបានត្រឹមត្រូវតាមច្បាប់ដែលបានអនុម័ត។