ពិធីការពារគម្រោងស្រាវជ្រាវពិស្តារ(ប្លង់លម្អិត)ថ្នាក់បណ្ឌិតរបស់បេក្ខជនបណ្ឌិត ជួន សារ៉ា និស្សិតនៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា

74

រាជធានីភ្នំពេញ៖ ថ្ងៃសៅរ៍ ១២កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង០៩:០០នាទី នៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ហៅកាត់ UI បានរៀបចំពិធីការពារគម្រោងស្រាវជ្រាវពិស្តារ(ប្លង់លម្អិត)ថ្នាក់បណ្ឌិតជូន ៖

– បេក្ខជនបណ្ឌិត៖ ជួន សារ៉ា ភេទប្រុស
– ជំនាញ៖ នីតិសាធារណៈ
– ជំនាន់ទី៤ វគ្គ២
– ប្រធានបទ៖ វិធានរដ្ឋបាលព្រៃឈើ
– សាស្ត្រាចារ្យណែនាំ៖ បណ្ឌិត ឯក ឆេងហួត និងបណ្ឌិត ឡាច សំរោង

សមាសភាពគណៈកម្មការវាយតម្លៃ៖
១. បណ្ឌិតសភាចារ្យ ខ្លូត ធីតា (ប្រធានគណៈកម្មការ)
២. បណ្ឌិត វ៉ាន់ ច័ន្ទតារា (សាស្ត្រាចារ្យវាយតម្លៃទី១)
៣. បណ្ឌិត សាវ សុខ (សាស្ត្រាចារ្យវាយតម្លៃទី២)
៤. បណ្ឌិត ឡាច សំរោង (សមាជិក និងជាសាស្ត្រាចារ្យណែនាំ)
៥. បណ្ឌិត សំ នារី (សមាជិក)
៦. បណ្ឌិត សុខ សុផល (សមាជិក
៧. បណ្ឌិត ជា មុនីឫទ្ធិ (សមាជិក និងជាលេខាកត់ត្រា)

របៀបវារៈ៖
១. សម្របសម្រួលកម្មវិធីដោយតំណាងសាកលវិទ្យាល័យ
២. ប្រកាសបើកកម្មវិធីដោយប្រធានគណៈកម្មការ
៣. ការធ្វើបទបង្ហាញរបស់បេក្ខជន
៤. ការវាយតម្លៃរបស់គណៈកម្មការ (សំណួរនិងចម្លើយ)
៥. ការបូកសរុបលទ្ធផលវាយតម្លៃ និងប្រកាសលទ្ធផលដោយប្រធានគណៈកម្មការ
៦. ការប្តេជ្ញា និងមតិយោបល់របស់បេក្ខជន
៧. ប្រកាសបិទកម្មវិធី
៨. ថតរូបអនុស្សាវរីយ៍

សារបាននៃការរៀបចំពិធីការពារគម្រោងស្រាវជ្រាវពិស្តារ(ប្លង់លម្អិត)ថ្នាក់បណ្ឌិតរបស់បេក្ខជន ជួន សារ៉ា ជានិស្សិតថ្នាក់បណ្ឌិត មហាវិទ្យាល័យនីតិសាស្ត្រ ជំនាញនីតិសាធារណៈ ជំនាន់ទី៤ វគ្គ២ បានបំពេញតាមលក្ខខណ្ឌនៃការបណ្តុះបណ្តាលថ្នាក់បណ្ឌិតរបស់សាកលវិទ្យាល័យឥន្ទ្រវិជ្ជា ដែលបេក្ខជនបានលើកយកប្រធានបទស្តីពី “វិធានរដ្ឋបាលព្រៃឈើ” សម្រាប់ធ្វើការសិក្សាស្រាវជ្រាវ និងរៀបចំពិធីការពារគម្រោងស្រាវជ្រាវប្លង់លម្អិតថ្នាក់បណ្ឌិតនាពេលនេះ។ ការសិក្សាស្រាវជ្រាវអំពីប្រធានបទនេះ ធ្វើឡើងក្នុងទិសដៅឆ្លុះបញ្ជាំងលើប្រសិទ្ធភាពនៃសកម្មភាពចូលរួមការពារព្រៃឈើរបស់ប្រជាជននៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីឆ្ពោះទៅរកការគ្រប់គ្រងធនធានព្រៃឈើប្រកបដោយនិរន្តរភាព និងជាមធ្យោបាយមួយដ៏ល្អក្នុងការដោះស្រាយបញ្ហាជួយកាត់បន្ថយភាពក្រីក្រនៅតំបន់ជនបទ។ ជាពិសេស គោលបំណងសំខាន់ៗនៃការសិក្សាស្រាវជ្រាវនេះគឺសិក្សាស្រាវជ្រាវពីសកម្មភាពផ្សេងៗគ្នានៃដំណើរការការពារព្រៃឈើដោយសហគមន៍មូលដ្ឋាននៅក្នុងប្រទេសកម្ពុជា។ ឆ្លុះបញ្ជាំងអំពីអត្ថប្រយោជន៍នៃការចូលរួមការពារធនធានព្រៃឈើរបស់សហគមន៍មូលដ្ឋាន។ សិក្សាស្រាវជ្រាវលើយន្តការច្បាប់ និងឯកសារគតិយុត្តិផ្សេងៗគ្នានៃការចូលរួមការពារព្រៃឈើរបស់ប្រជាជននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ស្វែងយល់លើកត្តាសំខាន់ៗដែលរារាំងដល់ភាពជោគជ័យ និងជះឥទ្ធិពលដល់ចលនានៃការចូលរួមការពារធនធានព្រៃឈើរបស់ប្រជាជនមូលដ្ឋាន។

ជាមួយគ្នានេះ ប្រធានបទនេះមានសារៈសំខាន់ក្នុងការចូលរួមការពារព្រៃឈើពីសមាគមន៍មូលដ្ឋាន មិនត្រឹមតែអាចគ្រប់គ្រងព្រៃឈើប្រកបដោយចីរភាពនោះទេ ថែមទាំងបានធានាដល់ការប្រើប្រាស់ធនធានទាំងនោះប្រកបដោយនិរន្តរភាពទៀតផង។ ករណីនេះក៏ជាមធ្យោបាយមួយដ៏ល្អក្នុងការដោះស្រាយបញ្ហានានា និងជួយកាត់បន្ថយភាពក្រីក្រនៅតំបន់ជនបទ និងការរេចរិលព្រៃឈើផងដែរ។

គណៈកម្មការបានវាយតម្លៃខ្ពស់ដែលបេក្ខជនបណ្ឌិតបានលើកយកប្រធានបទដ៏មានអត្ថប្រយោជន៍សម្រាប់សង្គមជាតិ ព្រមទាំងបានផ្តល់នូវធាតុចូលបន្ថែម ដោយពិភាក្សាជាមួយសាស្ត្រាចារ្យណែនាំ និងធ្វើការកែសម្រួលលើចំណុចសំខាន់ៗបន្ថែមទៀត។ ជាលទ្ធផល គណៈកម្មការបានលើកទឹកចិត្តឱ្យបេក្ខជនបណ្ឌិត បន្តការសិក្សាស្រាវជ្រាវលើប្រធាននេះ ហើយឯកភាពសម្រេចឱ្យបេក្ខជនបណ្ឌិត ជួន សារ៉ា បន្តការសិក្សាស្រាវជ្រាវរបស់ខ្លួន ដើម្បីឈានទៅរៀបចំពិធីការពារជាបន្តបន្ទាប់៕