ពិធីសិក្ខាសាលាថ្នាក់បណ្ឌិតលើកទី២របស់បេក្ខជនបណ្ឌិត ជា ថោយ និស្សិតនៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា

58

រាជធានីភ្នំពេញ៖ នៅថ្ងៃសៅរ៍ ១២កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៣៖៣០នាទីរសៀល នៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ហៅកាត់ UI បានរៀបចំសិក្ខាសាលាថ្នាក់បណ្ឌិតលើកទី២ជូន៖

– បេក្ខជនបណ្ឌិត៖ ជា ថោយ ភេទប្រុស
– ជំនាញ៖ នីតិសាធារណៈ
– ជំនាន់ទី៣ វគ្គ២
– ប្រធានបទ៖ បញ្ហាប្រឈមធ្ងន់ធ្ងរនៃគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងដំណោះស្រាយគតិយុត្តិ
– សាស្ត្រាចារ្យណែនាំ៖ បណ្ឌិតសភាចារ្យ ខ្លូត ធីតា និងបណ្ឌិត ជីវ កេង

សមាសភាពក្រុមប្រឹក្សាវាយតម្លៃសិក្ខាសាលាថ្នាក់បណ្ឌិត៖
១- សាស្ត្រាចារ្យបណ្ឌិត ឡាច សំរោង (ប្រធាន)
២- សាស្ត្រាចារ្យបណ្ឌិត វ៉ាន់ ច័ន្ទតារា (សមាជិក)
៣- សាស្ត្រាចារ្យបណ្ឌិត ជា មុនីឫទ្ធិ (សមាជិក និងជាលេខាកត់ត្រា)
៤- សាស្ត្រាចារ្យបណ្ឌិត សុខ សុផល (សមាជិក និងជាសាស្ត្រាចារ្យណែនាំ)

របៀបវារៈ៖
១. សម្របសម្រួលកម្មវិធីដោយតំណាងសាកលវិទ្យាល័យ
២. ប្រកាសបើកកម្មវិធីដោយប្រធានក្រុមប្រឹក្សាវាយតម្លៃ
៣. ការធ្វើបទបង្ហាញរបស់បេក្ខជន
៤. ការវាយតម្លៃរបស់គណៈកម្មការ (សំណួរនិងចម្លើយ)
៥. ការបូកសរុបការវាយតម្លៃ និងប្រកាសលទ្ធផលដោយប្រធានក្រុមប្រឹក្សាវាយតម្លៃ
៦. ការប្តេជ្ញា និងមតិយោបល់របស់បេក្ខជន
៧. ប្រកាសបិទកម្មវិធី
៨. ថតរូបអនុស្សាវរីយ៍
សារបាននៃការរៀបចំពិធីសិក្ខាសាលាថ្នាក់បណ្ឌិតលើកទី២របស់បេក្ខជន ជា ថោយ ដែលជានិស្សិតថ្នាក់បណ្ឌិត មហាវិទ្យាល័យនីតិសាស្ត្រ ជំនាន់ទី៤ វគ្គ១ ជំនាញនីតិសាធារណៈ បានបំពេញតាមលក្ខខណ្ឌនៃការបណ្តុះបណ្តាលថ្នាក់បណ្ឌិតរបស់សាកលវិទ្យាល័យឥន្ទ្រវិជ្ជា ដែលបេក្ខជនបណ្ឌិតបានលើកយកប្រធានបទស្តីពី “បញ្ហាប្រឈមធ្ងន់ធ្ងរនៃគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងដំណោះស្រាយគតិយុត្តិ” ដើម្បីធ្វើបទបង្ហាញក្នុងពិធីសិក្ខាសាលាថ្នាក់បណ្ឌិតលើកទី២នាពេលនេះ។

បច្ចុប្បន្ននេះព្រះរាជាណាចក្រកម្ពុជា ករណីគ្រោះថ្នាក់ចរាចរណ៍ គឺជាកង្វល់ដ៏ធំមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ។ បញ្ហាគ្រោះថ្នាក់ចរាចរណ៍បានក្លាយទៅជាឃាតកធំទី២ បន្ទាប់ពីជំងឺអេដស៍ដែលបានធ្វើឱ្យប្រជាពលរដ្ឋបាត់បង់ជីវិត របួស ពិការ បាត់បង់សមត្ថភាពពលកម្ម ខូចខាតនិងបាត់បង់ទ្រព្យសម្បត្តិសាធារណៈ និងទ្រព្យសម្បត្តិឯកជន រំខានដល់ភាពសុខដុមរមនានានានៅក្នុងសង្គម និងជាយថាហេតុ បានធ្វើឱ្យប៉ះពាល់ដល់គោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។ នៅក្នុងនោះផងដែរ ការចូលរួមសហការរបស់អង្គការជនពិការអន្តរជាតិបែលហ្សិកជាមួយរាជ រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកក្នុងការអប់រំផ្សព្វ ផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដល់អ្នកប្រើប្រាស់ផ្លូវដើម្បីធ្វើឱ្យពួកគាត់មានជំនាញបើកបរប្រកបដោយសុវត្ថិភាពខ្ពស់ ដែលទង្វើនេះ គឺជាវិភាគទានថ្លៃថ្លាមិនអាចកាត់ថ្លៃបានរបស់អង្គការអណ្តរជាតិមួយនេះ ក្នុងការចូលរួមទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះយើងអាចសន្និដ្ឋានបានថា ការអនុវត្តវិធានសុវត្ថិភាពចរាចរណ៍ផ្លូវគោករបស់ព្រះរាជាណាចក្រកម្ពុជា ត្រូវគេកំពុងតែអនុវត្តបន្តអនុវត្តយ៉ាងផុសផុល ថ្វីបើស្ថិតនៅក្នុងកម្រិតមធ្យមក៏ដោយ។ ក៏ប៉ុន្តែ យើងក៏ទាមទារឱ្យមានធនធានមនុស្ស ធនធានហិរញ្ញវត្ថុបន្ថែមទៀត ដើម្បីយកមកអនុវត្តគោលនយោបាយ និងច្បាប់ចរាចរណ៍ឱ្យមានប្រសិទ្ធភាព។ ជាពិសេសទៅទៀត ត្រូវតែផ្សព្វផ្សាយច្បាប់ចរាចរណ៍ និងបង្រៀនប្រជាពលរដ្ឋឱ្យយល់ច្បាស់ពីសុវត្ថិភាពចរាចរណ៍ និងច្បាប់ចរាចរណ៍ឱ្យកាន់តែមានចំនួនច្រើនឡើង ពីព្រោះបើយើងមានតែច្បាប់ទេ ប៉ុន្តែប្រជាលរដ្ឋមិនចេះច្បាប់ដដែល ចំនួនអ្នកគ្រោះថ្នាក់ចរាចរណ៍នៅតែកើនឡើងដដែល ជាហេតុធ្វើឱ្យបាត់បង់ជីវិតមនុស្ស បន្សល់ទុកនូវជនពិការ និងខាតបង់សេដ្ឋកិច្ចជាតិ ដោយសារតែការខូតខាតទ្រព្យសម្បត្តិ។

ជាលទ្ធផល ក្រុមប្រឹក្សាវាយតម្លៃកើតសរសើរ និងបានសម្រេចឱ្យបេក្ខជនបណ្ឌិត ជា ថោយ បន្តនីតិវិធីរៀបចំអត្ថបទសម្រាប់ចុះផ្សាយទស្សវដ្តីវិទ្យាសាស្ត្រ ដើម្បីឈានទៅរៀបចំនីតិវិធីការពារបញ្ចប់និក្ខេបបទថ្នាក់បណ្ឌិតនាពេលខាងមុខ៕