ពិធីសិក្ខាសាលាថ្នាក់បណ្ឌិតលើកទី២របស់បេក្ខជនបណ្ឌិត កាន់ ម៉ន និស្សិតនៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា

56

រាជធានីភ្នំពេញ៖ នៅថ្ងៃសៅរ៍ ១២កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៤៖៣០នាទីរសៀល នៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ហៅកាត់ UI បានរៀបចំសិក្ខាសាលាថ្នាក់បណ្ឌិតលើកទី២ជូន៖

– បេក្ខជនបណ្ឌិត៖ កាន់ ម៉ន ភេទប្រុស
– ជំនាញ៖ នីតិឯកជន
– ជំនាន់ទី៣ វគ្គ១
– ប្រធានបទ៖ ស្ថានភាពប្រឈមនៃការអនុវត្តច្បាប់ស្តីពីការងារលើវិស័យកាត់ដេរនៅកម្ពុជា
– សាស្ត្រាចារ្យណែនាំ៖ បណ្ឌិត សំ នារី និងបណ្ឌិតសភាចារ្យ សោម សុមុនី

សមាសភាពក្រុមប្រឹក្សាវាយតម្លៃសិក្ខាសាលាថ្នាក់បណ្ឌិត៖
១- សាស្ត្រាចារ្យបណ្ឌិត ឡាច សំរោង (ប្រធាន)
២- សាស្ត្រាចារ្យបណ្ឌិត វ៉ាន់ ច័ន្ទតារា (សមាជិក)
៣- សាស្ត្រាចារ្យបណ្ឌិត ជា មុនីឫទ្ធិ (សមាជិក និងជាលេខាកត់ត្រា)
៤- បណ្ឌិតសភាចារ្យ សោម សុមុនី (សមាជិក និងជាសាស្ត្រាចារ្យណែនាំ)

របៀបវារៈ៖
១. សម្របសម្រួលកម្មវិធីដោយតំណាងសាកលវិទ្យាល័យ
២. ប្រកាសបើកកម្មវិធីដោយប្រធានក្រុមប្រឹក្សាវាយតម្លៃ
៣. ការធ្វើបទបង្ហាញរបស់បេក្ខជន
៤. ការវាយតម្លៃរបស់គណៈកម្មការ (សំណួរនិងចម្លើយ)
៥. ការបូកសរុបការវាយតម្លៃ និងប្រកាសលទ្ធផលដោយប្រធានក្រុមប្រឹក្សាវាយតម្លៃ
៦. ការប្តេជ្ញា និងមតិយោបល់របស់បេក្ខជន
៧. ប្រកាសបិទកម្មវិធី
៨. ថតរូបអនុស្សាវរីយ៍
សារបាននៃការរៀបចំពិធីសិក្ខាសាលាថ្នាក់បណ្ឌិតលើកទី២របស់បេក្ខជន កាន់ ម៉ន ដែលជានិស្សិតថ្នាក់បណ្ឌិត មហាវិទ្យាល័យនីតិសាស្ត្រ ជំនាន់ទី៣ វគ្គ១ ជំនាញនីតិឯកជន បានបំពេញតាមលក្ខខណ្ឌនៃការបណ្តុះបណ្តាលថ្នាក់បណ្ឌិតរបស់សាកលវិទ្យាល័យឥន្ទ្រវិជ្ជា ដែលបេក្ខជនបណ្ឌិតបានលើកយកប្រធានបទស្តីពី “ស្ថានភាពប្រឈមនៃការអនុវត្តច្បាប់ស្តីពីការងារលើវិស័យកាត់ដេរនៅកម្ពុជា” ដើម្បីធ្វើបទបង្ហាញក្នុងពិធីសិក្ខាសាលាថ្នាក់បណ្ឌិតលើកទី២នាពេលនេះ។

តាមរយៈការសិក្សា យើងអាចសន្និដ្ឋានបានថា ការលប់បំបាត់កូតាពាណិជ្ជកម្មសកលលើវិស័យវាយនភណ្ឌ និងសម្លៀកបំពាក់កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០០៥ ធ្វើឱ្យមានការដុនដាបយ៉ាងខ្លាំងនៅក្នុងទីផ្សារវាយនភណ្ឌ និងសម្លៀកបំពាក់ពិភពលោក។ ប្រទេសចិនដែលជាប្រទេសផ្គត់ផ្គង់កម្លាំងពលកម្មច្រើនជាងគេ បានចំណាយដើមទុនក្នុងវិស័យវាយនភណ្ឌ សហគ្រាសកាត់ដេរ និងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តដែលកន្លងមកទទួលបានយ៉ាងធំសម្បើមពីវិស័យនាំចេញនេះ។ ទោះជាយ៉ាងណាក្តី កម្ពុជាមានរោងចក្រសរុបជាង២៥០ នៅក្នុងឧស្សាហកម្មកាត់ដេរកម្ពុជាទាំងមូល ដែលមានទំហំចាប់ពីកម្មកររាប់រយនាក់ ដល់រាប់ពាន់នាក់ នៅក្នុងរោងចក្រនីមួយៗ។ រោងចក្រនៅក្នុងប្រទេសកម្ពុជាជាង ៧០ ភាគរយ គឺជាកម្មសិទ្ធិរបស់ជនជាតិខ្មែរ ហើយសល់ពីនេះគឺជាកម្មសិទ្ធិរបស់វិនិយោគិនមកពីតំបន់ផ្សេងទៀត នៅអាស៊ី អឺរ៉ុប និងអាមេរិកខាងជើង។ ផលប្រយោជន៍នៃនិយោជកក្នុងឧស្សាហកម្មកាត់ដេរ ត្រូវបានតំណាងដោយសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ដែលដឹកនាំដោយក្រុមប្រឹក្សាប្រតិបត្តិ។ ឧស្សាហកម្មកាត់ដេរ គឺជាវិស័យផ្លូវការតែមួយគត់ដែលបង្កើតការងារច្រើនជាងគេបំផុតនៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ ក្នុងចំណោមនិយោជិតប្រមាណ ៣០០ ០០០នាក់ នៅតាមបណ្តារោងចក្រកាត់ដេរជាង ៩០ ភាគរយជាស្រ្តី ដែលមានជំនាញតិចតួច និងជាកម្មករផ្នែកផលិតកម្មនៅតាមផ្នែកជាច្រើន ដូចជា (១)ផ្នែកកាត់ (២)ផ្នែកប៉ាក់ (៣)ផ្នែកដេរ (៤)ផ្នែកត្រួតពិនិត្យគុណភាព (៥)ផ្នែកបង្ហើយការងារ។ ជាមួយនឹងការចូលជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោករបស់ប្រទេសវៀតណាម និងការរំពឹងទុកដែលថា ការដាក់ការពារ (Safeguards) លើប្រទេសចិននឹងត្រូវបានដកចេញនៅចុងឆ្នាំ២០០៨ ប្រទេសកម្ពុជាអាចនឹងបន្តរងសម្ពាធនៃការធ្លាក់ចុះលើតម្លៃសម្រាប់ការនាំចេញសម្លៀកបំពាក់ជាមួយនឹងកំណើនការប្រកួតប្រជែង។ការចំណាយធំជាងគេក្នុងស្រឡាងផ្គត់ផ្គង់របស់ប្រទេសកម្ពុជា គឺការចំណាយលើកម្លាំងពលកម្មផ្ទាល់នៅក្នុងសកម្មភាពបង្រ្គប់ ដែលមានប្រមាណ៣៩% នៃការចំណាយលើការកាត់ ការផលិត ការលម្អពាណិជ្ជកម្ម និងការដឹកជញ្ជូននៅប្រទេសកម្ពុជា។

ជាលទ្ធផល ក្រុមប្រឹក្សាវាយតម្លៃកើតសរសើរ និងបានសម្រេចឱ្យបេក្ខជនបណ្ឌិត កាន់ ម៉ន បន្តនីតិវិធីរៀបចំអត្ថបទសម្រាប់ចុះផ្សាយទស្សវដ្តីវិទ្យាសាស្ត្រ ដើម្បីឈានទៅរៀបចំនីតិវិធីការពារបញ្ចប់និក្ខេបបទថ្នាក់បណ្ឌិតនាពេលខាងមុខ៕