ពិធីការពារសាកល្បងនិក្ខេបបទថ្នាក់បណ្ឌិតរបស់បេក្ខជនបណ្ឌិត ម៉ុក សុផាន់ណារ៉ា និស្សិតនៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា

110

រាជធានីភ្នំពេញ៖ ថ្ងៃសៅរ៍ ១២កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៦:៣០នាទីរសៀល នៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ហៅកាត់ UI បានរៀបចំពិធីការពារសាកល្បងនិក្ខេបបទថ្នាក់បណ្ឌិតជូន ៖

– បេក្ខជនបណ្ឌិត៖ ម៉ុក សុផាន់ណារ៉ា ភេទប្រុស
– ឯកទេស៖ នីតិសាធារណៈ ជំនាន់ទី៤ វគ្គ១
– ប្រធានបទ៖ យន្តការគតិយុត្តគ្រប់គ្រងនគរូបនីយកម្មនៅក្រុងបាត់ដំបង
– សាស្ត្រាចារ្យណែនាំ៖ បណ្ឌិត ប៉ាង វុទ្ធី និងបណ្ឌិត ឡាច សំរោង

សមាសភាពគណៈកម្មការវាយតម្លៃ៖
១. បណ្ឌិតសភាចារ្យ សោម សុមុនី (ប្រធានគណៈកម្មការ)
២. បណ្ឌិត វ៉ាន់ ច័ន្ទតារា (សាស្ត្រាចារ្យវាយតម្លៃទី១)
៣. បណ្ឌិត សាវ សុខ (សាស្ត្រាចារ្យវាយតម្លៃទី២)
៤. បណ្ឌិត ប៉ាង វុទ្ធី (សមាជិក និងជាសាស្ត្រាចារ្យណែនាំគោល)
៥. បណ្ឌិត ឡាច សំរោង (សមាជិក និងជាសាស្ត្រាចារ្យណែនាំរង)
៦. បណ្ឌិត សុខ សុផល (សមាជិក)
៧. បណ្ឌិត ស៊ុ ឈុំឡុង (សមាជិក និងជាលេខាកត់ត្រា)

របៀបវារៈ៖
១. សម្របសម្រួលកម្មវិធីដោយតំណាងសាកលវិទ្យាល័យ
២. ប្រកាសបើកកម្មវិធីដោយប្រធានគណៈកម្មការ
៣. ការធ្វើបទបង្ហាញរបស់បេក្ខជន
៤. ការវាយតម្លៃរបស់គណៈកម្មការ (សំណួរនិងចម្លើយ)
៥. ការបូកសរុបលទ្ធផលវាយតម្លៃ និងប្រកាសលទ្ធផលដោយប្រធានគណៈកម្មការ
៦. ការប្តេជ្ញា និងមតិយោបល់របស់បេក្ខជន
៧. ប្រកាសបិទកម្មវិធី
៨. ថតរូបអនុស្សាវរីយ៍

សារបាននៃការរៀបចំពិធីការពារសាកល្បងនិក្ខេបបទថ្នាក់បណ្ឌិតរបស់បេក្ខជនបណ្ឌិត ម៉ុក សុផាន់ណារ៉ា ដែលជានិស្សិតថ្នាក់បណ្ឌិត មហាវិទ្យាល័យនីតិសាស្ត្រ ឯកទេសនីតិសាធារណៈ ជំនាន់ទី៤ វគ្គ១ បានបំពេញតាមលក្ខខណ្ឌនៃការបណ្តុះបណ្តាលថ្នាក់បណ្ឌិតរបស់សាកលវិទ្យាល័យឥន្ទ្រវិជ្ជា ដែលបេក្ខជនបណ្ឌិតបានលើកយកប្រធានបទ “យន្តការគតិយុត្តគ្រប់គ្រងនគរូបនីយកម្មនៅក្រុងបាត់ដំបង” សម្រាប់ធ្វើការសិក្សាស្រាវជ្រាវ និងរៀបចំពិធីការពារសាកល្បងនិក្ខេបបទថ្នាក់បណ្ឌិតនាពេលនេះ។

ក្រោយពីបានធ្វើការសិក្សាស្រាវជ្រាវ វែកញែក និងប្រៀបធៀបរកដំណោះស្រាយនៅក្នុងលក្ខខ័ណ្ឌគតិយុត្តអំពីការគ្រប់គ្រងនគរូបនីយកម្ម និងការធ្វើសំយោគលើប្រធានបទទាំងមូល បានឆ្លុះបញ្ចាំងឱ្យឃើញពីសកម្មភាពយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងស្ថាប័នពាក់ព័ន្ធនានា អង្គការជាតិ អន្តរជាតិ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងស្មារតីយល់ដឹងរបស់ប្រជាពលរដ្ឋក្នុងការចូលរួមលើកកម្ពស់ និងគោរពតាមនគរូបនីយប្បញ្ញត្តិ ស្របតាមការអនុវត្តយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ក្នុងគោលដៅលើកកម្ពស់ការគ្រប់គ្រងនគរូបនីយកម្មប្រកបដោយចីរភាព។ សរុបសេចក្តីមក ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដៃគូរអភិវឌ្ឍ និងក្រុមហ៊ុនវិនិយោគលើវិស័យអចលនវត្ថុត្រូវនាំគ្នាំលើកកម្ពស់ផ្នែកនគរូបនីយកម្ម ការរៀបចំទីប្រជុំជន និងការអភិវឌ្ឍទីក្រុងតាមរយៈការអប់រំប្រជាពលរដ្ឋ ឱ្យមានការយល់ដឹងអំពីនគរូបនីយប្បញ្ញត្តិ។ ដាក់ទណ្ឌកម្មដល់មន្រ្តីប្រព្រឹត្តបទល្មើសគ្រប់លំដាប់ថ្នាក់ទាំងអស់។

ក្រុងបាត់ដំបងមិនទាន់មានការកំណត់បទប្បញ្ញាត្តិលម្អិតតាមតំបន់ ដើម្បីប្រើជាគោលក្នុងការរៀបចំផែនការអភិវឌ្ឍន៍ផ្សេងៗរបស់ខ្លួន ដែលនាំឱ្យកិច្ចការងារគ្រប់គ្រងទីក្រុងនៅតែមិនទាន់ឆ្លើយបានពេញលេញទៅនឹងតម្រូវការចាំបាច់ និងស្ថានភាពជាក់ស្តែង។ ទាំងនេះគឺជាតម្រូវការចាំបាច់ដែលគួរតែត្រូវបានបំពេញបន្ថែម។ បណ្តុះបណ្តាលអប់រំប្រជាជននៅសហគមន៍មូលដ្ឋានឱ្យបានដិតដល់បំផុត បញ្ជ្រាបបញ្ហានគរូបនីយប្បញ្ញត្តិទៅក្នុងស្រទាប់ប្រជាពលរដ្ឋ និងនៅក្នុងកម្មវិធីសិក្សាឱ្យបានស៊ីជម្រៅ។ ការអភិវឌ្ឍវិស័យលំនៅឋាន ឬបុរី ត្រូវមានការសិក្សាប្លង់អភិវឌ្ឍដីឱ្យបានច្បាស់លាស់ ដោយត្រូវសិក្សាអំពីលំហរបៃតង ការបញ្ជ្រាបការកាត់បន្ថយបំរែបំរួលអាកាសធាតុ និងការអភិវឌ្ឍលំនៅឋានឆ្លាត។ ផ្តន្ទាទោសទៅតាមច្បាប់ឱ្យបានធ្ងន់ធ្ងរដល់ជនប្រព្រឹត្តបទល្មើសផ្នែកនគរូបនីយប្បញ្ញត្តិ និងជនមានអំណាចទាំងឡាយណាដែលធ្វើសកម្មភាពខុសច្បាប់ក្នុងការបំផ្លាញសណ្តាប់ធ្នាប់ទីក្រុង ទីប្រជុំជន និងរំលោភបំពានច្បាប់សំណង់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងនគរូបនីយកម្ម។ រឹតបន្តឹងការអនុវត្តច្បាប់សំណង់ អនុក្រឹត្យ និងសារាចរនានាទាំងឡាយក្នុងវិស័យនគរូបនីយកម្ម ដើម្បីពង្រឹងបច្ចេកទេស។ ធ្វើការអប់រំផ្សព្វផ្សាយអំពីតួនាទី និងទ្រឹស្តីនគរូបនីយកម្ម ក្នុងការចូលរួមលើកកម្ពស់ និងការអភិវឌ្ឍទីក្រុង។

ក្រោយការធ្វើបទបង្ហាញរបស់បេក្ខជនបណ្ឌិត ម៉ុក សុផាន់ណារ៉ា គណៈកម្មបានវាយតម្លៃខ្ពស់នូវការខិតខំ និងកោតសរសើរដល់បេក្ខជនបណ្ឌិត ដែលបានលើកយកប្រធានដ៏មានសារៈសំខាន់ ព្រមទាំងបានចោទជាសំណួរ ហើយបេក្ខជនបណ្ឌិតបានឆ្លើយបកស្រាយយ៉ាងក្បោះក្បាយ។ ជាលទ្ធផល គណៈកម្មការវាយតម្លៃផ្តល់នូវពិន្ទុល្អណាស់សម្រាប់ពិធីការពារសាកល្បងនិក្ខេបបទថ្នាក់បណ្ឌិត និងឯកភាពសម្រេចឱ្យបេក្ខជនបណ្ឌិត បន្តនីតិវិធីសម្រាប់ឈានទៅរៀចំពិធីការពារបញ្ចប់និក្ខេបបទថ្នាក់បណ្ឌិតនាពេលបន្ទាប់៕