ពិធីការពារសាកល្បងនិក្ខេបបទថ្នាក់បណ្ឌិតរបស់បេក្ខជនបណ្ឌិត តេង គឹមស៊ាន និស្សិតនៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា

82

រាជធានីភ្នំពេញ៖ ថ្ងៃសៅរ៍ ១២កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៧:៣០នាទីរសៀល នៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ហៅកាត់ UI បានរៀបចំពិធីការពារសាកល្បងនិក្ខេបបទថ្នាក់បណ្ឌិតជូន ៖

– បេក្ខជនបណ្ឌិត៖ តេង គឹមស៊ាន ភេទប្រុស
– ឯកទេស៖ នីតិសាធារណៈ ជំនាន់ទី៤ វគ្គ១
– ប្រធានបទ៖ វិធានបរិយាបន្នសិទ្ធិជនពិការកម្ពុជា
– សាស្ត្រាចារ្យណែនាំ៖ បណ្ឌិត អិម វិបុល និងបណ្ឌិត ឡាច សំរោង

សមាសភាពគណៈកម្មការវាយតម្លៃ៖
១. បណ្ឌិតសភាចារ្យ ខ្លូត ធីតា (ប្រធានគណៈកម្មការ)
២. បណ្ឌិត វ៉ាន់ ច័ន្ទតារា (សាស្ត្រាចារ្យវាយតម្លៃទី១)
៣. បណ្ឌិត សុខ សុផល (សាស្ត្រាចារ្យវាយតម្លៃទី២)
៤. បណ្ឌិត អិម វិបុល (សមាជិក និងជាសាស្ត្រាចារ្យណែនាំគោល)
៥. បណ្ឌិត ឡាច សំរោង (សមាជិក និងជាសាស្ត្រាចារ្យណែនាំរង)
៦. បណ្ឌិត ប៉ាង វុទ្ធី (សមាជិក)
៧. បណ្ឌិត ស៊ុ ឈុំឡុង (សមាជិក និងជាលេខាកត់ត្រា)

របៀបវារៈ៖
១. សម្របសម្រួលកម្មវិធីដោយតំណាងសាកលវិទ្យាល័យ
២. ប្រកាសបើកកម្មវិធីដោយប្រធានគណៈកម្មការ
៣. ការធ្វើបទបង្ហាញរបស់បេក្ខជន
៤. ការវាយតម្លៃរបស់គណៈកម្មការ (សំណួរនិងចម្លើយ)
៥. ការបូកសរុបលទ្ធផលវាយតម្លៃ និងប្រកាសលទ្ធផលដោយប្រធានគណៈកម្មការ
៦. ការប្តេជ្ញា និងមតិយោបល់របស់បេក្ខជន
៧. ប្រកាសបិទកម្មវិធី
៨. ថតរូបអនុស្សាវរីយ៍

សារបាននៃការរៀបចំពិធីការពារសាកល្បងនិក្ខេបបទថ្នាក់បណ្ឌិតរបស់បេក្ខជនបណ្ឌិត តេង គឹមស៊ាន ដែលជានិស្សិតថ្នាក់បណ្ឌិត មហាវិទ្យាល័យនីតិសាស្ត្រ ឯកទេសនីតិសាធារណៈ ជំនាន់ទី៤ វគ្គ១ បានបំពេញតាមលក្ខខណ្ឌនៃការបណ្តុះបណ្តាលថ្នាក់បណ្ឌិតរបស់សាកលវិទ្យាល័យឥន្ទ្រវិជ្ជា ដែលបេក្ខជនបណ្ឌិតបានលើកយកប្រធានបទ “វិធានបរិយាបន្នសិទ្ធិជនពិការកម្ពុជា” សម្រាប់ធ្វើការសិក្សាស្រាវជ្រាវ និងរៀបចំពិធីការពារសាកល្បងនិក្ខេបបទថ្នាក់បណ្ឌិតនាពេលនេះ។

ការសិក្សាស្រាវជ្រាវនេះ ដើម្បីរកឱ្យឃើញពីលទ្ធភាព និងប្រសិទ្ធភាពនៃការដាក់ បញ្ចូលបញ្ហាពិការភាព ទៅក្នុងដំណើរការអភិបាលកិច្ច និងកម្មវិធីនានានៅមូលដ្ឋាន ចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងលើកកម្ពស់ការចូលរួម របស់ជនពិការ ក្នុងការធ្វើសមាហរណកម្មទៅក្នុងសង្គម និងសេដ្ឋកិច្ច។ ជាពិសេស ក្នុងគោលបំណងដើម្បីសិក្សាស្រាវជ្រាវ និងពិនិត្យមើល ទៅលើគោលការណ៍ច្បាប់ និងគោលនយោបាយជាតិពាក់ព័ន្ធនានា ដែលត្រូវបានរៀបចំបង្កើតឡើង ទាក់ទងទៅនឹងកិច្ចគាំពារ និងលើកកម្ពស់សិទ្ធិជនពិការ។ ដើម្បីពិនិត្យមើល ពីការរើសអើងនានា ទាក់ទងទៅលើ លទ្ធភាពចេញចូល (Accessibility) ការងារ និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងការអប់រំ ដែលធ្វើអោយជនពិការ មិនអាចមានលទ្ធភាព និងមានឱកាសស្មើភាព ចូលរួមបានពេញលេញនៅក្នុងសង្គម? ដើម្បីពិនិត្យមើល ពីដំណើការអភិបាលកិច្ចនៅថ្នាក់ក្រោមជាតិ និងបទពិសោធន៍ជាក់ស្តែងនៅក្នុងការដាក់បញ្ចូលបញ្ហាពិការភាពទៅក្នុងកម្មវិធីនានានៅមូលដ្ឋាន។ ដើម្បីចូលរួមចំណែកក្នុងការកំណត់នូវសក្តានុពល និងប្រសិទ្ធភាព នៃការដាក់បញ្ចូលបញ្ហាពិការភាព ទៅក្នុងដំណើរការអភិបាលកិច្ច និងកម្មវិធីអភិវឌ្ឍនានានៅមូលដ្ឋាន ក្នុងការធ្វើសមាហរណកម្ម ជនពិការទៅក្នុងសង្គម និងសេដ្ឋកិច្ច។

ក្រុមប្រឹក្សាសកម្មភាពជនពិការ គួររៀបចំបង្កើតប្រព័ន្ធទិន្នន័យពិការភាពជាតិរួមមួយ (National Disability Database System) ដែលបន្តទៅថ្នាក់ក្រោមជាតិ កត់ត្រា រក្សា និងធ្វើបច្ចប្បន្នភាពទិន្នន័យជនពិការ ដើម្បីរៀបចំផែនការ ឬគោលនយោបាយ ឬដៃគូពាក់ព័ន្ធ ឆ្លើយតបបានច្បាស់លាស់។ គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ គួរត្រូវចាប់ផ្ដើម កសាងផែនការសកម្មភាពលម្អិត និងចាត់ជាអាទិភាពនូវសកម្មភាពជាក់លាក់ ពាក់ព័ន្ធ វិស័យពិការភាពចូលទៅក្នុងគម្រោងផែនការសកម្មភាពរបស់ខ្លួន។ ក្រុមការងារសកម្មភាពជនពិការ នៅតាមក្រសួង ស្ថាប័ន និងថ្នាក់រាជធានី-ខេត្ដ គួរត្រូវពង្រឹងភារកិច្ច ជួយសម្របសម្រួលបញ្ជ្រាប ផែនការយុទ្ធសាស្ដ្រជាតិ ស្ដីពីពិការភាពទៅក្នុងគោលនយោបាយ ផែនការសកម្មភាព និងកម្មវិធីនានានៅតាមក្រសួង ស្ថាប័ន និងថ្នាក់រាជធានីខេត្តរៀងៗខ្លួន។ ក្រសួង ស្ថាប័ន អង្គភាពនានា គួរត្រូវវាយតម្លៃអំពីគោលនយោបាយ និងយុទ្ធសាស្ដ្រ ដែលមានស្រាប់ របស់ខ្លួនជាមួយ នឹងផែនការយុទ្ធសាស្ដ្រជាតិស្ដីពីពិការភាព ដើម្បីកំណត់ពីវឌ្ឍនភាពនៃផ្នែកនីមួយៗ ដែលមិនទាន់បានធ្វើ និងកែតម្រូវឱ្យបានស្របគ្នា។ គួរត្រូវបន្តជំរុញការរៀបចំកសាងលិខិតបទដ្ឋានគតិយុត្ដទាក់ទងនឹងច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការដូចជា៖ ការរៀបចំ អនុក្រឹត្យ សារាចរណែនាំ ប្រកាសអន្ដរក្រសួង ប្រកាសក្រសួង ដើម្បីជំរុញការអនុវត្ដច្បាប់ឱ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព។ គ្រប់ក្រសួង ស្ថាប័នរដ្ឋ និងវិស័យឯកជន គួរត្រូវបានអនុវត្ដការជ្រើសរើសជនពិការឱ្យចូលបម្រើការងារតាមក្រសួង ស្ថាប័ន និងក្រុមហ៊ុននីមួយៗ តាមការកំណត់ ដោយត្រូវជ្រើសរើសជនពិការឱ្យគ្រប់ចំនួន២% សម្រាប់ស្ថាប័នរដ្ឋ និង១% សម្រាប់វិស័យឯកជន។ គួរបន្ដជំរុញការអនុវត្ដអត្រាជនពិការចូលបម្រើការងារក្នុងវិស័យឯកជន និង បន្ដធ្វើបច្ចុប្បន្នភាព ស្រង់ទិន្នន័យ អត្រាជនពិការចូលបម្រើការងារឱ្យបានទៀងទាត់ និងគួរបង្កើតប្រព័ន្ធកត់ត្រា តាមដាន និងគ្រប់គ្រងទិន្នន័យឱ្យបានច្បាស់លាស់។ រាជរដ្ឋាភិបាលកម្ពុជា គួរពិនិត្យលទ្ធភាពបន្ថែម ក្នុងការបង្កើនធនធានហិរញ្ញវត្ថុ ជូនដល់ក្រសួង ស្ថាប័នពាក់ព័ន្ធនៅថ្នាក់ជាតិ និងនៅថ្នាក់ក្រោមជាតិ ដើម្បីមានមូលដ្ឋាន និងមានលទ្ធភាព ក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់បងប្អូនជនពិការនៅតាមសហគមន៍បានសមស្រម និងទាន់ពេលវេលា។

ក្រោយការធ្វើបទបង្ហាញរបស់បេក្ខជនបណ្ឌិត តេង គឹមស៊ាន គណៈកម្មបានវាយតម្លៃខ្ពស់នូវការខិតខំ និងកោតសរសើរដល់បេក្ខជនបណ្ឌិត ដែលបានលើកយកប្រធានដ៏មានសារៈសំខាន់ ព្រមទាំងបានចោទជាសំណួរ ហើយបេក្ខជនបណ្ឌិតបានឆ្លើយបកស្រាយយ៉ាងក្បោះក្បាយ។ ជាលទ្ធផល គណៈកម្មការវាយតម្លៃផ្តល់នូវពិន្ទុល្អណាស់សម្រាប់ពិធីការពារសាកល្បងនិក្ខេបបទថ្នាក់បណ្ឌិត និងឯកភាពសម្រេចឱ្យបេក្ខជនបណ្ឌិត បន្តនីតិវិធីសម្រាប់ឈានទៅរៀចំពិធីការពារបញ្ចប់និក្ខេបបទថ្នាក់បណ្ឌិតនាពេលបន្ទាប់៕