សម្តេចតេជោ ហ៊ុន សែន និងមេដឹកនាំអាស៊ាន បើកកិច្ចប្រជុំពិសេស ស្តីពីបញ្ហាជំងឺកូវីដ-១៩ តាមរយៈ Video Conference

101

នៅព្រឹកថ្ងៃអង្គារ៧រាច ខែចេត្រ ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងមេដឹកនាំអាស៊ានដទៃទៀត នឹងបើកកិច្ចប្រជុំពិសេសស្តីពីបញ្ហាបង្កឡើងដោយជំងឺកូវីដ-១៩ ដែលកិច្ចប្រជុំនេះធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ (Video Conference)។

ក្រៅពីការជួបប្រជុំកំពូលពិសេសរវាងមេដឹកនាំអាស៊ានហើយនោះ មេដឹកនាំអាស៊ានទាំង១០ ក៏នឹងអញ្ជើញប្រជុំកំពូលពិសេសជាមួយ មេដឹកនាំដឹកនាំដៃគូអាស៊ាន៣ផ្សេងទៀត រួមមាន៖ ចិន ជប៉ុន និងកូរ៉េខាងត្បូង។ កិច្ចប្រជុំកំពូលអាស៊ានបូក៣នេះ ក៏នឹងជជែកផ្តោតជាសំខាន់ទៅលើបញ្ហាបង្កឡើងដោយជំងឺកូវីដ-១៩ផងដែរ។

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានពិសេស និងកិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេសស្តីពីជំងឺកូវីដ១៩ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងថ្លែងសុន្ទរកថាដ៏មានសារសំខាន់ចំនួន០២ ស្តីពីផលប៉ះពាល់នៃជំងឺកូវីដ១៩ ទៅលើការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម និងកំណើនសេដ្ឋកិច្ចពិភពលោក ព្រមទាំងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃកូវីដ-១៩ ទៅលើសន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងកិច្ចការសង្គមជារួម ដែលទាមទារឱ្យមានកិច្ចប្រឹងប្រែងរួមគ្នាជាអន្តរជាតិ ប្រកបដោយប្រសិទ្ធិភាព និងទាន់ពេលវេលា ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងនៃកូវីដ១៩នេះ៕