នៅលើពិភពលោក អ្នកឆ្លងជំងឺCOVID-19 កើនដល់២.២៥លាននាក់ និងស្លាប់ជាង ១៥ម៉ឺននាក់

100

បរទេស៖ ចំនួនករណីឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងរហូតដល់ ២,២៥០,៧៣៥ករណី ក្នុងនោះស្លាប់ ១៥៤,២៤១នាក់ និងជាសះស្បើយឡើងវិញ ៦១២,០៧១នាក់ នៅតាមប្រទេស-ដែនដីសរុបចំនួន ២១០ ទូទាំងភពផែនដី។ នេះបើយោងតាមទិន្នន័យពីគេហទំព័រ worldometer គិតត្រឹមម៉ោង ៨៖០០នាទីព្រឹកថ្ងៃសៅរ៍ ទី១៨ ខែមេសា ឆ្នាំ២០២០ នេះ។

គិតចាប់តាំងពីការឆ្លងវីរុសកូរ៉ូណាថ្មី (COVID-19) បានផ្ទុះឡើងដំបូងនៅទីក្រុងវូហាន ប្រទេសចិន និងមនុស្សស្លាប់ដំបូង ត្រូវបានរាយការណ៍កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ ៨៣ថ្ងៃក្រោយមកទៀត មនុស្សទាំងពិភពលោកបានស្លាប់ចំនួន ៥០,០០០នាក់ ហើយ ០៨ថ្ងៃបន្ទាប់ទៀត ចំនួនអ្នកស្លាប់បានកើនឡើងដល់ ១០០,០០០នាក់ និង ០៨ថ្ងៃចុងក្រោយនេះមនុស្សស្លាប់បានកើនដល់លើស ១៥០,០០០នាក់។

បើពិនិត្យលើចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 នៅពេលនេះ គឺមានកម្រិតទាបជាងឆ្ងាយ បើធៀបទៅនឹងអតីតកាល ១០០ឆ្នាំមុន ដែលកាលណោះជំងឺផ្កាសាយអេស្ប៉ាញ (Spanish Flu) បានសម្លាប់ជីវិតមនុស្សជាង ២០លាននាក់ពីឆ្នាំ១៩១៨ ដល់ឆ្នាំ១៩២០។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកដែលជាមហាអំណាចលេខ ១ លើលោកនោះ កំពុងតែងគ្រោះធ្ងន់ធ្ងរជាងគេ ជាមួយករណីឆ្លងសរុបជាង ៧សែនករណី ក្នុងនោះស្លាប់ជាង ៣៧,០០០នាក់ តាមពីក្រោយប្រទេសអេស្ប៉ាញ អ៉ីតាលី បារាំង អាល្លឺម៉ង់ និងអង់គ្លេស ដែលសុទ្ធតែមានករណីឆ្លង ខ្ទង់រាប់សែននាក់ដូចគ្នា៕