សម្តេចតេជោ ហ៊ុន សែន ក្រើនរំលឹកពលរដ្ឋ ឱ្យប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺCOVID-19

115

(ភ្នំពេញ)៖ បើទោះបីមានជំងឺកូវីដ១៩ មិនកើតមានលើពលរដ្ឋកម្ពុជារយៈពេលជិត១ខែយ៉ាងណាក្តី តែសម្រាប់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅតែព្រួយបារម្ភចំពោះការរីករាលដាលនៃជំងឺនេះ។ សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹក និងអំពាវនាវឱ្យប្រជាពលរដ្ឋបន្តស្មារតីប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះជំងឺកូវីដ១៩នេះ។

តាមរយៈទំព័រ Facebook នៅព្រឹកថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២០នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានកត់សម្គាល់ថា តែក្នុងមួយប៉ប្រិចភ្នែកសោះចំនួនអ្នកឆ្លងជំងឺកូវីដ19 នៅក្នុងពិភពលោក បានកេីនជាង៤លាននាក់។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នេះជាក្តីបារម្ភខ្លាំងបំផុតរបស់ពិភពលោកទាំងមូល។

សម្រាប់កម្ពុជាមកដល់ព្រឹកថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២០នេះ អ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១២២នាក់ ត្រូវបានព្យាបាលជាសះស្បើយ១២១នាក់ហើយ នៅសល់តែ ១នាក់ទៀតប៉ុណ្ណោះ។ ជាមួយគ្នារយៈពេលជិត ១ខែហើយ មិនមានអ្នកឆ្លងថ្មីទៀតនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពរបស់ប្រជាពលរដ្ឋ និងបានដាក់ចេញវិធានការជាច្រើន ដើម្បីបញ្ចៀសការរាតត្បាតជំងឺកូវីដ១៩មកលើប្រជាពលរដ្ឋនោះ នៅតែមានការបារម្ភចំពោះការរីករាលដាលនៃជំងឺនេះ។ សម្តេចនាយករដ្ឋមន្ត្រី បន្តរំលឹកឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ខ្ពស់ជានិច្ចចំពោះអនាម័យសុខភាពជាប្រចាំ។

សម្តេចតេជោ ហ៊ុន សែន រំលឹកប្រជាពលរដ្ឋត្រូវឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជែលសម្លាប់មេរោគ។ លើសពីនេះទៀត ត្រូវពាក់ម៉ាស ឬក្រម៉ាកុំឱ្យឆ្លងរោគ ព្រោះជំងឺដ៏កាចសាហាវនេះងាយឆ្លងលឿនណាស់។

សម្តេចតេជោ ក៏បានរំលឹកឱ្យប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់ស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល។

សូមបញ្ជាក់ថា រហូតមកដល់ព្រឹកថ្ងៃអង្គារ ទី១២ ខែឧសភា ការរីករាលជំងឺកូវីដ១៩ នៅលើពិភពលោកបន្តស្រកស្រុតនៅឡើយនោះទេ នៅតែមានសភាពស្រួចស្រាវដដែល។ មកដល់ព្រឹកថ្ងៃនេះ អ្នកឆ្លងជំងឺកូវីដ១៩ នៅលើពិភពលោក បានកើនឡើងដល់ជាង ៤លាននាក់ ក្នុងនោះអ្នកស្លាប់មានជិត ២៩ម៉ឺននាក់ ខណៈអ្នកជាសះស្បើយឡើងវិញមានជាង ១.៥លាននាក់។

សម្រាប់កម្ពុជាបើទោះបីថា អ្នកជំងឺសល់តែ១នាក់ ហើយមិនមានអ្នកកើតថ្មីរយៈពេលជិត១ខែយ៉ាងណាក្តី តែក្រសួងសុខាភិបាល នៅតែព្រមានពីហានិភ័យ និងការប្រឈមចំពោះការរីករាលជំងឺនេះដដែល។ ក្រសួងសុខាភិបាល នៅតែបន្តអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ មិនត្រូវធ្វេសប្រហែស មិនត្រូវប្រមាថចំពោះជំងឺនេះឡើយ ហើយត្រូវបន្តអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួនតាមវិធានការពារទាំងឡាយដែលក្រសួងបានណែនាំ៕