សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិន៣នាក់ ពាក់ព័ន្ធករណីសម្លាប់ជនជាតិចិនដូចគ្នា

171

ព្រះសីហនុ៖ កាលពីវេលាម៉ោង១៥ៈ៣០នាទី ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ កម្លាំងអាវុធហត្ថដឹកនាំដោយវរសេនីយ៍ឯក សុង កុសល មេបញ្ជាការរងទទួលជំនាញស្រាវជ្រាវព័ត៌មាន និងសន្តិសុខ បានចុះធ្វើការស្រាវជ្រាវករណីមានមនុស្សធ្លាក់ស្លាប់នៅចំណុចភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ រហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ដែលពាក់ព័ន្ធទៅនឹងមនុស្សឃាតគិតទុកជាមុន ។

លោកវរសេនីយ៍ឯក សុង កុសល បានអោយដឹងថាជនសង្ស័យទាំង៣នាក់រួមមាន៖
១.ឈ្មោះ Lin Xiao Jun ( លីនហាវ ជុន ) ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ ស្នាក់នៅបច្ចុប្បន្ន ក្រុម១៤ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។

២.ឈ្មោះឆឹង ជីងខួយ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ ស្នាក់នៅបច្ចុប្បន្នសណ្ឋាគារហ័រ.សាំង ក្រុម១៤ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។

៣.ឈ្មោះPu Song Lin( ពូ សុងលីន)ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែនលេខៈ EG4904033 មុខរបរទេសចរណ៍ស្នាក់នៅបច្ចុប្បន្ន សណ្ឋាគារហ័រ.សាំង ក្រុម១៤ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។

ជនសង្ស័យទាំង៣នាក់ខាងលើ គឺពាក់ព័ន្ធករណីឃាតកម្ម កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ នៅចំណុចសណ្ឋាគារមហាសមុទ្រ (ករណីបុរសជនជាតិចិនធ្លាក់ពីលើសណ្ឋាគារជាន់ទី៣ស្លាប់) ស្ថិតនៅចំណុចភូមិ៣ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ។

ដោយឡែកជនសង្ស័យទាំង៣នាក់ បានរត់មកស្នាក់នៅសណ្ឋាគារមួយកន្លែង ក្បែរង្វង់មូលតោពីរ ក្រោយមកត្រូវបានអាវុធហត្ថខេត្តឃាត់ខ្លួនបាននៅល្ងាចថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ចំណុចក្រុម១៤ ភូមិ០៤ សង្កាត់០៤ ក្រុង/ខេត្តព្រះសីហនុ ។

ដកហូតវត្ថុតាងរួមមាន:
១.រថយន្ត០១គ្រឿងម៉ាកហាយឡេនឌឺពណ៌កណ្តុប្រមេះស្លាកលេខព្រះសីហនុ2B-9225។
២.ទូរស័ព្ទ០២គ្រឿង។
៣.លិខិតឆ្លងដែនជនជាតិចិនចំនួន០២ច្បាប់ ព្រមទាំងឯកសារពាក់ព័ន្ធមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យកម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌអាវុធហត្ថកំពុងធ្វើការសាកសួរតាមនីតិវិធីនៅបញ្ជាការដ្ឋានអាវុធហត្ថខេត្តព្រះសីហនុ និងបន្តស្រាវជ្រាវរកមុខបក្ខពួកដែលពាក់ព័ន្ធបន្ថែមទៀត៕ ដោយ វ៉ើន កញ្ញា