មនុស្ស៤នាក់ ព្រមទាំងឆ្កែ៣ក្បាល ត្រូវបានគេជួយសង្គ្រោះទាន់ពេល ក្រោយពីវង្វេងបាត់នៅក្នុងព្រៃអស់ជាច្រើនថ្ងៃ

258

បរទេស៖ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ មនុស្ស៤នាក់ ព្រមទាំងសត្វឆ្កែចំនួន៣ក្បាល បានវង្វេងបាត់ក្នុងព្រៃអស់រយៈពេល៥ថ្ងៃ នៅពេលដែលពួកគេចេញទៅរកផ្សិត។ រហូតមកទល់នឹងថ្ងៃទី១៧ ខែឧសភា ទើបពួកគេត្រូវបានរកឃើញបន្ទាប់ពីឧទ្ធម្ភាគចក្រប៉ូលីសបានជិះរុករកពេញព្រៃតែម្ដង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nationthailand ។

ប្រភពព័ត៌មានដដែលបានឲ្យដឹងថា មន្រ្តីប៉ូលីសបានដើរដោយថ្មើរជើង ហើយក្រុមជួយសង្គ្រោះជិះឧទ្ធម្ភាគចក្រ បានធ្វើការជាមួយអាជ្ញាធរមូលដ្ឋានចាប់តាំងពីថ្ងៃអង្គារ មុនដើម្បីស្វែងរកមនុស្សដែលបាត់ខ្លួន។ ឧត្តមសេនីយ៍ឯក Krisana Pattanacharoen អ្នកនាំពាក្យរងនៃកងរាជអាវុធហត្ថថៃ បាននិយាយថាឧទ្ធម្ភាគចក្របានរាយការណ៍ពីទីតាំងរបស់ក្រុមអ្នកដើរព្រៃនេះ ដោយពួកគេបានប្រទះឃើញផ្សែងហុយចេញពីទីតាំងដែលពួកគេកំពុងនៅ ហើយពួកគេក៏ត្រូវបានខាងអាជ្ញាធរជួយសង្គ្រោះភ្លាមៗតែម្ដង។

យោងទៅតាមដំណើររឿងដែរក្រុមជួយសង្គ្រោះបានរៀបរាប់ប្រាប់ថា ពលរដ្ឋដែលបាត់ខ្លួននោះគឺរស់នៅក្នុងស្រុកវាំថង ខេត្តភិស្និក ពួកគេបានបាត់ខ្លួននៅក្នុងព្រៃភូថុនឡុកអស់រយៈពេល៥ថ្ងៃ។ មូលហេតុដែលធ្វើឲ្យពួកគេវង្វេងក្នុងព្រៃគឺដោយសារតែ មានភ្លៀងធ្លាក់ខ្លាំង២ថ្ងៃ ២យប់ជាប់គ្នា បន្ទាប់មកពួកគេក៏បានរត់រកកន្លែងជ្រកភ្លៀង ប៉ុន្តែជាអកុសលភ្លៀងមិនព្រមឈប់សោះព្រមទាំងមានខ្យល់ខ្លាំងទៀតផង ទើបធ្វើឲ្យពួកគេមានការភិតភ័យខ្លាចមានសត្វកាចសាហាវផងទើបធ្វើឲ្យពួកគេខិតខំឡើងភ្នំកាន់តែខ្ពស់ដើម្បីរកទីទួលសុវត្ថិភាព។

នៅក្នុងរយៈពេល៥ថ្ងៃ ដែលពួកគេនៅក្នុងព្រៃពួកគេបានបរិភោគផ្លែឈើ នឹងផឹកទឹកចេញពីដើមចេកព្រៃ សំណាងហើយដែលពួកគេមានដែកកេះមួយជាប់ខ្លួនយកមកជាមួយ ទើបអាចបង្កាត់ភ្លើងដើម្បីធ្វើជាសញ្ញាសុំជំនួយពីក្រុមសង្គ្រោះរបស់អាជ្ញាធរ។

បច្ចុប្បន្ននេះក្រុមមនុស្សប្រុស និងស្រី៤នាក់ ព្រមទាំងឆ្កែ៣ក្បាល ត្រូវបានបានរកឃើញវិញ នឹងជួយសង្គ្រោះដោយសុវត្ថិភាពពួកគេត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Phitsanulok ដើម្បីធ្វើការពិនិត្យរាងកាយ ៕