ក្នុងថ្ងៃទិវាជាតិនៃការចងចាំ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យជនរួមជាតិ ការពារសន្តិភាព កុំឲ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកវិញ

90

(ភ្នំពេញ)៖ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ ជាថ្ងៃទិវាជាតិនៃការចងចាំ ជាថ្ងៃដែលជនរួមជាតិគ្រប់រូបចងចាំមិនអាចបំភ្លេចបាន នៃរបបប្រល័យពូជសាសន៍ប៉ុលពត ដែលបានសម្លាប់ពលរដ្ឋជាង៣លាននាក់។

នៅថ្ងៃនេះផងដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពត បានអំពាវនាវជាថ្មី ដល់បងប្អូនជូនរួមជាតិទាំងអស់ ត្រូវការពារសន្តិភាព ដែលរកបានដោយលំបាក ឲ្យបានគង់វង្ស កុំឲ្យរបបដ៏ឃោរឃៅ និងខ្មៅងងឹតនេះ ត្រឡប់មកទឹកដីកម្ពុជាវិញឲ្យសោះ។

សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា សន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាង ក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត។

សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលបានសរសេរក្នុង Facebook ទាំងស្រុងយ៉ាងដូច្នេះថា «ថ្ងៃនេះ ជាថ្ងៃទិវាជាតិនៃការចងចាំ ២០ ឧសភា ដែលជាថ្ងៃប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅ និងខ្មៅងងឹត។ ទិវានេះ ជាការរំលឹកដល់វិញ្ញាណក្ខន្ធ ដល់ជនរងគ្រោះជាង៣លាននាក់ ដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ។

ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បានដឹង និងបានយល់ច្បាស់ អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ជិត៣ទសវត្សរ៍ ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វធាតុជាដើម។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជា ត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏គ្មានដែរ។

ដើម្បីកុំឲ្យរបបនេះវិលត្រឡប់មកវិញ ចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស ពីព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត»

សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំ នៅថ្ងៃទី២០ ខែឧសភា គណបក្សប្រជាជនកម្ពុជា តែងតែធ្វើពិធីរំលឹកវិញ្ញាណក្ខន្ធប្រជាជនកម្ពុជា ដែលបានស្លាប់ដោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ជាពិសេស គឺជាការធ្វើបុណ្យដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់អ្នកដែលបានស្លាប់បាត់បង់ជីវិតទាំងនោះផងដែរ។ ប៉ុន្តែដោយសារ បញ្ហារាតត្បាតនៃជំងឺកូវីដ១៩ (COVID-19) នៅឆ្នាំ២០២០នេះពិធីនេះ ត្រូវបានផ្អាករៀបចំ៕