គ្រោះថ្នាក់ចរាចរណ៍រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹង បណ្ដាលឱ្យស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៤នាក់ រួចជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋបណ្ដាលឱ្យម្ចាស់ផ្ទះរងរបួស

371

សៀមរាប៖ កាលពីវេលាម៉ោង០៥និង៣០នាទីព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចគីឡូម៉ែត្រលេខ ៣៥១-៣៥២ ក្នុងទឹកដីភូមិកិត្តិយស ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្ត និងរថយន្ត បណ្ដាលឱ្យមនុស្សស្លាប់ម្នាក់នៅនឹងកន្លែងកើតហេតុ និង មនុស្សចំនួន០៤នាក់ រួចជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋចំនួន២ខ្នងបន្ថែមទៀតដែលមានម្ចាស់ឈ្មោះ៖

ទី១/ ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ហង់ រឿង ភេទប្រុស អាយុ៦០ឆ្នាំ សង់អំពីឈើទំហំ ៥,២០ម៉ែត្រគុណនឹង៨ម៉ែត្រ ប្រក់ស័ង្គសី ជញ្ជាំងក្ដារ កម្ពស់២,៥០ម៉ែត្រ បានដួលរលំទាំងស្រុង

ទី២/ ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ជួន លេន ភេទប្រុស អាយុ៣៤ឆ្នាំ ផ្ទះសង់អំពីដែក ទំហំ៤ម៉ែត្រគុណនឹង៥ម៉ែត្រ ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី រងការខូចខាតស្រាល ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ចាម 3A.8376 បើកបរដោយឈ្មោះ សុខ យាងភារុត ភេទប្រុស អាយុ១៧ឆ្នាំ ( រងរបួសស្រាល ) នៅភូមិថ្មដាកើត ឃុំទួលសុភី ស្រុកអូររាំងឪ ខេត្តកំពង់ចាម ជារថយន្តដឹកត្រី ហើយបានដឹកមនុស្ស១នាក់ឈ្មោះ ជុន រដ្ឋធី ភេទប្រុស អាយុ២៧ឆ្នាំ ( រងរបួសធ្ងន់ ) នៅភូមិថ្មដាលិច ឃុំទួលសុភី ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បើកបរក្នុងទិសដៅពីកើតទៅលិចបានបែកកង់មុខហើយបុកជាមួយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ពាក់ស្លាកលេខ កំពង់ស្ពឺ 3A.0115 បើកបរដោយឈ្មោះ រ៉េត សារឹទ្ធ ភេទប្រុស អាយុ២៧ឆ្នាំ ( ស្លាប់នៅនឹងកន្លែងកើតហេតុ ) នៅភូមិជ្រាស់ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប បើកបរក្នុងទិសដៅពីកើតទៅលិច ពេលបុកហើយ រថយន្តជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋចំនួន២ខ្នងបន្ថែមទៀត បណ្ដាលឲ្យមនុស្សចំនួន០២នាក់ ដែលជាកូនម្ចាស់ផ្ទះ បានរងរបួសស្រាល គឺឈ្មោះ ហង់ បុត្រវីរះ ភេទប្រុស អាយុ២៩ឆ្នាំ និងឈ្មោះ ណាត ចាន់ណា ភេទស្រី អាយុ២៧ឆ្នាំ ។

សមត្ថកិច្ចនគរបាលស្រុកពួក បានឲ្យដឹងបន្ថែមទៀតថា ក្រោយពេលកើតហេតុកម្លាំងផ្នែកសណ្ដាប់ធ្នាប់សាធារណៈនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រៃជ្រូក បានចុះដល់កន្លែងកើតហេតុ ដើម្បីជួយអន្តរាគមន៍ និងសង្គ្រោះ ព្រមទាំងបានធ្វើកំណត់ហេតុ សម្រាប់ធ្វើការដោះស្រាយនៅពេលក្រោយ ៕