បាតុកម្មប្រឆាំងការរើសអើងពូជសាសន៍នៅអាមេរិក បានផ្ទុះឡើងគួរឱ្យព្រួយបារម្ភ

143

(អន្ដរជាតិ)៖ បាតុកម្មប្រឆាំងការរើសអើងពូជសាសន៍ ក្រោយការស្លាប់របស់បុរសជនជាតិស្បែកខ្មៅ George Floyd នៅក្រុង Minneapolis រដ្ឋ Minnesota សហរដ្ឋអាមេរិក បានរាលដាលដល់អង់គ្លេសនិងអាល្លឺមង់។ នេះបើយោងតាមកាសែត CGTN។

ក្រុមបាតុករនៅទីក្រុងប៊ែរឡាំង អាល្លឺម៉ង់ បានកាន់បដា «ជីវិតជនជាតិស្បែកខ្មៅសំខាន់» និង «ខ្ញុំមិនអាចដកដង្ហើមបានទេ» និងបន្ដស្រែកដូចនេះ​នៅពីមុខទូតសហរដ្ឋអាមេរិក ដើម្បីសម្ដែងការមិនពេញចិត្តចំពោះសកម្មភាពរបស់ប៉ូលីសមកលើ George Floyd ដែលពួកគេគិតថា នេះជាការរើសអើងពូជសាសន៍ដ៏ធ្ងន់ធ្ងរ។

ចំណែកឯចក្រភពអង់គ្លេសក៏មានការធ្វើបាតុកម្មទាមទាររកយុត្តិធម៌ឱ្យ George Floyd ផងដែរ។ មានក្រុមបាតុកម្មផ្សេងៗទៀតបានផុសឡើងនៅក្រុង Manchester និងក្រុង Cardiff។

សូមជម្រាបជូនផងដែរថា ការស្លាប់របស់បុរសស្បែកខ្មៅឈ្មោះ George Floyd បានបញ្ជួលកំហឹងប្រជាជននៅតាមបណ្ដារដ្ឋនានានៅសហរដ្ឋអាមេរិក រហូតដល់មានការបះបោរវាយកំទេចស្នាក់ការនិងឡានប៉ូលីស និងការលួចប្លន់ទ្រព្យសម្បត្តិឯកជននិងសាធារណៈដោយជនឆ្លៀតឱកាស៕