កម្ពុជាកោះហៅឯកអគ្គរដ្ឋទូតវៀតណាម មកប្រាប់រឿងបោះតង់យោធានៅតំបន់ព្រំដែនដែលមិនទាន់ឯកភាពគ្នា និងស្នើឲ្យវៀតណាមរុះរើជាបន្ទាន់

157

(ភ្នំពេញ)៖ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានកោះហៅលោក Vu Quang Minh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា មកប្រាប់អំពីរឿងយោធាវៀតណាម បោះតង់ នៅតំបន់ព្រំដែនដែលមិនទាន់ឯកភាពគ្នា នាព្រំដែនខេត្តកណ្តាល។

ជាមួយគ្នានេះ កម្ពុជាក៏បានស្នើតាមរយៈអគ្គរដ្ឋទូតវៀតណាម ឲ្យរុះរើតង់យោធាទាំងនោះឲ្យបានឆាប់ជាទីបំផុត។

ក្រសួងការបរទេសបានបញ្ជាក់ថា ការកោះអញ្ជើញអគ្គរដ្ឋទូតវៀតណាមមកជួបនេះ បានធ្វើឡើងដោយលោកស្រី អ៊ាត សោភា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយកម្ពុជាបានស្នើឲ្យភាគីវៀតណាម រុះរើតង់ចេញទាំងអស់ឲ្យបានឆាប់ ហើយបន្តរក្សាស្ថានភាពដើមមិនកែប្រែក្នុងតំបន់នោះ រហូតដល់គណៈកម្មការព្រំដែននៃប្រទេសទាំងពីរ ដោះស្រាយកំណត់ខ្សែព្រំដែនជាក់លាក់ជាស្ថាពរនៅតំបន់នោះ ដើម្បីប្រែក្លាយតំបន់ព្រំដែនប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍជាប្រយោជន៍រួមសម្រាប់ ប្រជាជននៃប្រទេសទាំងពីរ។

សូមបញ្ជាក់ថា សម្រាប់វិធានការរឹតបន្តឹងការឆ្លងដែនដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ភាគីវៀតណាមក៏បានបោះតង់យោធាចំនួន ៣១កន្លែង នៅជាប់ព្រំដែនស្រុកលើកដែក និងស្រុកកោះធំ ខេត្តកណ្ដាល ដែលនៅចំណុចនេះភាគីទាំងពីរ មិនទាន់មានការឯកភាពគ្នាលើខ្សែបន្ទាត់ព្រំដែននៅឡើយទេ។

សេចក្តីប្រកាសព័ត៌មានបានបន្តថា ពាក់ព័ន្ធនឹងករណីនេះ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានធ្វើកំណត់ទូតតវ៉ាអំពីការបោះតង់របស់វៀតណាមចំនួន ៣១កន្លែង លើតំបន់ព្រំដែនដែលមិនទាន់ឯកភាពគ្នាក្នុងខេត្តកណ្តាល នៃប្រទេសកម្ពុជា ជាប់នឹងខេត្តអានយ៉ាងនៃប្រទេសវៀតណាម ដោយស្នើឲ្យភាគីវៀតណាមរុះរើតង់ទាំងនោះចេញ និងបញ្ឈប់សកម្មភាពនានា ដើម្បីរក្សាស្ថានភាពដើមមិនកែប្រែ នៅក្នុងតំបន់នេះ ស្របតាមសេចក្តីប្រកាស រួមចុះថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៩៥ សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ និងកិច្ចព្រមព្រៀង ពាក់ព័ន្ធព្រំដែន រវាងប្រទេសទាំងពីរ។

រហូតដល់នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ក្រសួងការបរទេសវៀតណាម បានធ្វើកំណត់ទូតឆ្លើយតបនឹងកំណត់ទូតកម្ពុជា ដោយអះអាងថា ការបោះតង់នៅតាមព្រំដែនដោយខេត្តអានយ៉ាងនេះ គឺជាវិធានបណ្តោះអាសន្នចាំបាច់ ដើម្បីទប់ស្កាត់ឲ្យទាន់ពេលវេលានូវការធ្វើដំណើរឆ្លងកាត់ព្រំដែន ក្នុងអំឡុងពេលនៃ ការរីករាលដាលជំងឺឆ្លងកូវីដ១៩ ហើយការបោះតង់ទាំងនោះមិនមានផល ប៉ះពាល់ ដល់ការខណ្ឌសីមា និងបោះបង្គោលព្រំដែន លើតំបន់ព្រំដែនរវាងប្រទេសទាំងពីរនេះទេ។ អាជ្ញាធរវៀតណាមបានសន្យាថា នឹងធ្វើការរុះរើតង់ដែលបានបោះជាបណ្តោះអាសន្នទាំងអស់ ចេញពីតំបន់នោះ៕

ប្រភពៈ Fresh News