រុស្សីប្រកាសភាពអាសន្ន ក្រោយលេចធ្លាយប្រេងប្រមាណ ២ម៉ឺនតោន ចូលទន្លេមួយនៅ Siberia

190

បរទេស៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសភាពអាសន្ន ក្រោយពីប្រេងប្រមាណ ២០,០០០តោន បានលេចធ្លាយចូលទៅក្នុងទន្លេមួយក្បែរទីក្រុង ណូរីល (Norilsk) នៃតំបន់ស៊ីប៊េរី (Siberia) ភាគខាងជើងប្រទេសរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែមិថុនា ឆ្នាំ២០២០។

ការលេចធ្លាយប្រេងខាងលើនេះ គឺកើតចេញពីរោងចក្រមួយកន្លែងរបស់ក្រុមហ៊ុន ណូរីល នីកឃែល (Norilsk Nickel) ហើយទន្លេដែលប្រេងនោះបានកំពប់ចូល ក៏ផ្សារភ្ជាប់ទៅកាន់មហាសមុទ្រទឹកកកអាក់ទិចផងដែរ។ កាលពីថ្ងៃពុធម្សិលមិញនេះ លោក វ៉្លាឌីមៀ ពូទីន បានស្តីបន្ទោសខ្លាំងៗទៅលើក្រុមហ៊ុន Norilsk Nickel ចំពោះភាពយឺតយ៉ាវក្នុងការចាត់វិធានការសង្គ្រោះ ដែលជាហេតុបង្ខំឲ្យលោក ត្រូវប្រកាសភាពអាសន្ន។

លោក ពូទីន បានចោទជាសំនួរយ៉ាងដូច្នេះថា «ហេតុអ្វីបានជាទីភ្នាក់ងាររដ្ឋនានារបស់យើង ពីរថ្ងៃរួចទៅហើយទើបដឹងលឺរឿងនេះ? តើយើងត្រូវតាមដានភាពអាសន្ន តាមរយៈបណ្តាញសង្គមឬ?»។ ការចោទជាសំនួរបែបនេះបានកើតមានឡើង ក្រោយពីមន្ត្រីជាន់ខ្ពស់រុស្ស៊ីប្រចាំតំបន់ខាងលើបានលើកឡើងថា ពួកគេបានទទួលព័ត៌មាន អំពីភាពអាសន្ននៃការលេចធ្លាយប្រេង តាមរយៈការបង្ហោះព័ត៌មាននៅលើបណ្តាញសង្គម។

គួរបញ្ជាក់ថា ហេតុការណ៍លេចធ្លាយប្រេងខាងលើនេះ បានកើតមានឡើងតាំងតែពីចុងសប្តាហ៍មុនមកម្ល៉េះ។ ជុំវិញបញ្ហានេះ លោកប្រធានាធិបតីរុស្ស៊ីបានបញ្ជាឲ្យមានការស៊ើបអង្កេតជាបន្ទាន់ ដើម្បីរកមូលហេតុស្ថិតនៅពីក្រោយ។ បញ្ហាបានកើតមានឡើង ខណៈដែលប្រទេសមានផ្ទៃដី ធំជាងគេបំផុតលើលោកមួយនេះ កំពុងតែប្រយុទ្ធនឹងជំងឺ COVID-19 យ៉ាងក្តៅគគុកបំផុត៕