ប្រេស៊ីល ក្លាយជាប្រទេសជាប់ចំណាត់ថ្នាក់លេខ៣ ដែលមានមនុស្សស្លាប់ដោយសារ COVID-19 ច្រើនជាងគេលើលោក

149

(ប្រេស៊ីឡា៖ ទីបំផុតប្រទេសប្រេស៊ីលបានវ៉ាដាច់ប្រទេសអ៊ីតាលីហើយ ជុំវិញតួលេខអ្នកស្លាប់ដោយសារ COVID-19 បើគិតត្រឹមថ្ងៃសុក្រ ទី០៥ ខែមិថុនានេះ ដោយបានដណ្តើមយកចំណាត់ថ្នាក់លេខ ៣ លើកំពូលតារាងនៃបណ្តាប្រទេស ដែលមានចំនួនអ្នកស្លាប់ច្រើនបំផុតលើពិភពលោក បន្ទាប់ពីតួលេខអ្នកស្លាប់សរុប របស់ប្រទេសអាមេរិកឡាទីនមួយនេះបានកើនលើស ៣៤,០០០នាក់។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន The Guardian នាព្រឹកថ្ងៃសុក្រ ទី០៥ ខែមិថុនា ឆ្នាំ២០២០។

តួលេខនេះត្រូវបានផ្សព្វផ្សាយ ដោយក្រសួងសុខាភិបាលប្រទេសប្រេស៊ីលផ្ទាល់តែម្តង កាលពីយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅប្រេស៊ីល)។ តាមរយៈតួលេខចុងក្រោយនេះ ដែលមានចំនួនអ្នកស្លាប់សរុបជាង ៣៤,០០០នាក់ក្នុងចំណោមករណីឆ្លងសរុបជាង ៦១៥,០០០ករណី វាធ្វើឲ្យប្រេស៊ីលជាប្រទេសឈរលំដាប់ថ្នាក់ទី ៣ ក្នុងចំណោមប្រទេសដែលមានចំនួនអ្នកស្លាប់ច្រើនជាងគេបំផុត ដោយសារ COVID-19 (អាមេរិកលេខ១ និងអង់គ្លេសលេខ២) និងចំណាត់ថ្នាក់ទី ២ ជាប្រទេស ដែលមានអ្នកកើតជំងឺដ៏កាចសាហាវនេះច្រើនជាងគេបំផុតដោយស្ថិត នៅក្រោមសហរដ្ឋអាមេរិកតែមួយគត់។

ទោះជាបែបនេះក្តី អាជ្ញាធរក្រុង និងរដ្ឋនានានៃប្រទេសអាមេរិកឡាទីនមួយនេះ ក៏នៅតែព្យាយាមបើកសកម្មភាពសេដ្ឋកិច្ចឡើងវិញដដែល។ តួយ៉ាងដូចជា នៅទីក្រុងរីយ៉ូ (Rio de Janeiro) ដែលជាទីក្រុងធំលំដាប់ទី ២ របស់ប្រទេសនេះ ហាងទំនិញជាច្រើនប្រភេទត្រូវបានអនុញ្ញាតឲ្យបើកទ្វារឡើងវិញ ជាលើកដំបូងនៅថ្ងៃអង្គារសប្តាហ៍នេះ បន្ទាប់ពីបានបិទទ្វារអស់រយៈពេលប៉ុន្មានខែកន្លងមកហើយ នៅចំពោះមុខវិបត្តិ COVID-19។

ប្រធានាធិបតីស្តាំនិយមលោក ហ្ស៊ែរ បូលសូណារ៉ូ (Jair Bolsonaro) ដែលពីដំបូងបានមើលស្រាលលើហានិភ័យរបស់ COVID-19 បានលើកឡើងកាលពីថ្ងៃអង្គារសប្តាហ៍នេះថា «ការស្លាប់គឺជាជោគវាសនារបស់មនុស្សគ្រប់រូប» ដែលទំនងជាលោកចង់សំដៅដល់ការស្លាប់ ដោយសារជំងឺរាតត្បាតសកលនេះជារឿងធម្មតា និងមិនអាចគេចផុតបាន ខណៈសកម្មភាពសេដ្ឋកិច្ចជារឿងសំខាន់ជាង៕