ពិធីការពាររបាយការណ៍ស្រាវជ្រាវបឋម ថ្នាក់បណ្ឌិតរបស់បេក្ខជន សំរោង មន្ត្រា និស្សិតនៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា

104

រាជធានីភ្នំពេញ៖ ថ្ងៃអាទិត្យ ១កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១០:០០នាទីព្រឹក នៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ហៅកាត់ UI បានរៀបចំពិធីការពាររបាយការណ៍ស្រាវជ្រាវបឋម ថ្នាក់បណ្ឌិតជូន ៖

– បេក្ខនារី៖ សំរោង មន្ត្រា ភេទស្រី
– ជំនាញ៖ នីតិសាស្ត្រ ជំនាន់ទី៤ វគ្គ២១
– ប្រធានបទ៖ នីតិវិធីក្នុងការឆែកឆេរ និងការឃាត់ខ្លួននៃបទល្មើសឧក្រិដ្ឋក្នុងរឿងព្រហ្មទណ្ឌ (ក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ)
– សាស្ត្រាចារ្យណែនាំ៖ បណ្ឌិត ជីវ កេង និងបណ្ឌិតសភាចារ្យ ខ្លូត ធីតា

សមាសភាពគណៈកម្មការវាយតម្លៃ៖
១. បណ្ឌិត វ៉ាន់ច័ន្ទតារា (ប្រធានគណៈកម្មការ)
២. បណ្ឌិត ឯក ឆេងហួត (សាស្ត្រាចារ្យវាយតម្លៃទី១)
៣. បណ្ឌិត ឈន វឿន (សាស្ត្រាចារ្យវាយតម្លៃទី២)
៤. បណ្ឌិត ជីវ កេង (សាស្ត្រាចារ្យណែនាំ)
៤. បណ្ឌិត ជា មុនីឫទ្ធិ (លេខាកត់ត្រា)

របៀបវារៈ៖
១. សម្របសម្រួលកម្មវិធីដោយតំណាងសាកលវិទ្យាល័យ
២. ប្រកាសបើកកម្មវិធីដោយប្រធានគណៈកម្មការ
៣. ការធ្វើបទបង្ហាញរបស់បេក្ខជន
៤. ការវាយតម្លៃរបស់គណៈកម្មការ (សំណួរនិងចម្លើយ)
៥. ការបូកសរុបលទ្ធផលវាយតម្លៃ និងប្រកាសលទ្ធផលដោយប្រធានគណៈកម្មការវាយតម្លៃ
៦. ការប្តេជ្ញា និងមតិយោបល់របស់បេក្ខជន
៧. ប្រកាសបិទកម្មវិធី
៨. ថតរូបអនុស្សាវរីយ៍

សារបាននៃការរៀបចំពិធីការពាររបាយការណ៍ស្រាវជ្រាវបឋម ថ្នាក់បណ្ឌិតរបស់បេក្ខនារី សំរោង មន្ត្រា ដែលជានិស្សិតថ្នាក់បណ្ឌិត ជំនាញនីតិសាស្ត្រ ជំនាន់ទី៤ វគ្គ១ មហាវិទ្យាល័យនីតិសាស្ត្រ បានបំពេញតាមលក្ខខណ្ឌនៃការបណ្តុះបណ្តាលថ្នាក់បណ្ឌិតរបស់សាកលវិទ្យាល័យឥន្ទ្រវិជ្ជា ដែលបេក្ខជនបានលើកយកប្រធានបទ “នីតិវិធីក្នុងការឆែកឆេរ និងការឃាត់ខ្លួននៃបទល្មើសឧក្រិដ្ឋក្នុងរឿងព្រហ្មទណ្ឌ (ក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ)” សម្រាប់ធ្វើការសិក្សាស្រាវជ្រាវ និងរៀបចំពិធីការពាររបាយការណ៍ស្រាវជ្រាវបឋម ថ្នាក់បណ្ឌិតនាពេលនេះ ក្នុងគោលបំណងដើម្បីស្វែងយល់ឱ្យស៊ីជម្រៅពីវិធានការនិងនីតិវិធីនានានៃការឆែកឆេរ និងការឃាត់ខ្លួននៅក្នុងបទឧក្រិដ្ឋឱ្យបានច្បាស់លាស់ ពីភាពខុសគ្នារវាងការឆែកឆេរក្នុងករណីបទល្មើសជាក់ស្តែង និងមិនជាក់ស្តែងដែលដំណើរការក្នុងយុត្តាធិការព្រហ្មទណ្ឌ។ ជាពិសេសដើម្បីសិក្សាពីនីតិវិធីព្រហ្មទណ្ឌថ្មីកំពុងអនុវត្តដោយស្ថាប័នតុលាការនៃព្រះរាជាណាចក្រកម្ពុជា។ លើសពីនេះ ក្នុងគោលបំណងដើម្បីឈ្វេងយល់និងសិក្សាប្រៀបធៀបអំពីភាពខុសគ្នារវាងព្រហ្មទណ្ឌ និងក្រមនីតិព្រហ្មទណ្ឌថ្មី និងច្បាប់ព្រហ្មទណ្ឌសម័យអន្តរកាលក្នុងការអនុវត្តវិធានឆែកឆេរ និងការឃាត់ខ្លួនក្នុងបទល្មើសឧក្រិដ្ឋ ឬមជ្ឈឹមជាក់ស្តែងនេះ។ ម្យ៉ាងទៀត ដើម្បីរៀបចំចងក្រងទុកជាឯកសារសម្រាប់អ្នកសិក្សាស្រាវជ្រាវ ក៏ដូចជាសាធារណជនគ្រប់មជ្ឈដ្ឋានឱ្យមានការយល់ដឹងបន្ថែមពីនីតិវិធីព្រហ្មទណ្ឌ យោងតាមក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌថ្មី ព្រមទាំងសិក្សាស្វែងរកដំណោះស្រាយដែលជាបញ្ហាប្រឈមរបស់ជនរងគ្រោះ ដើមបណ្តឹងរដ្ឋប្បវេណី អ្នកទទួលខុសត្រូវរដ្ឋប្បវេណី និងជនសង្ស័យ ជាពិសសេស គឺមន្ត្រីអនុវត្តច្បាប់។

ជាលទ្ធផល គណៈកម្មការវាយតម្លៃបានកោតសរសើរ និងលើកទឹកចិត្តឱ្យបេក្ខជនបន្តស្រាវជ្រាវលើប្រធាននេះ ដោយធ្វើការកែសម្រួលលើចំណុចសំខាន់ៗបន្ថែមទៀត ហើយគណៈកម្មការបានឯកភាពសម្រេចឱ្យបេក្ខនារី សំរោង មន្ត្រា បន្តការសិក្សាស្រាវជ្រាវរបស់ខ្លួន ដើម្បីឈានទៅធ្វើពិធីការពារគម្រោងស្រាវជ្រាវពិស្តារ(ប្លង់លម្អិត)និក្ខេបបទថ្នាក់បណ្ឌិតជាបន្តបន្ទាប់៕