ថ្ងៃទី២៣ ខែមិថុនា នេះ​ កម្ពុជារកឃើញអ្នកកើតជំងឺ Covid-19 ម្នាក់ថ្មីទៀត 

241

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកកើតជំងឺកូវីដ១៩ មួយនាក់ថ្មីទៀត លើបុរសជនជាតិខ្មែរ សញ្ជាតិអាមេរិក ធ្វើដំណើរពីអាមេរិកត្រឡប់មកកម្ពុជា។

ក្រសួងសុខាភិបាលបញ្ជាក់ថា បុរសខ្មែរ មានសញ្ជាតិអាមេរិកកាំងនេះ មានអាយុ៦៦ឆ្នាំ (រស់នៅសហរដ្ឋអាមេរិក) មានអាសយដ្ឋានស្នាក់ នៅភូមិដំណាក់ប្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីសហរដ្ឋអាមេរិក មកដល់កម្ពុជានៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ ទទួលបានលទ្ធផលតេស្តវិជ្ជមានវីរុសកូវីដ-១៩ បច្ចុប្បន្ន ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតរួចហើយ។

ក្រសួងបានបញ្ជាក់ឲ្យដឹងទៀតថា ជើងហោះហើរដែលរកឃើញបុរសជនជាតិខ្មែរមានជំងឺកូវីដ១៩នេះ មានអ្នកដំណើរសរុបចំនួន ១១២នាក់ (ស្ត្រី ៤១នាក់ និងបុរស ៧១នាក់) ហើយក្នុងចំនួននេះមានជនជាតិខ្មែរចំនួន៨៩នាក់ (ស្រី ៣៥នាក់) និងជនបរទេសចំនួន២៣នាក់ (ស្រី ៦នាក់)។ អ្នកដំណើរដែលមានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩នោះ ត្រូវបានដាក់ឱ្យធ្វើចតាឡីស័ក ចំនួន១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កជម្ពូវ័ន១ (សម្រាប់អ្នកដែលមិនមានលទ្ធភាពបង់ថ្លៃសណ្ឋាគារ) និងសណ្ឋាគារមួយក្នុងទីក្រុងភ្នំពេញ (សម្រាប់អ្នកដែលជ្រើសរើសយកការបង់ថ្លៃសណ្ឋាគារ) ដើម្បី តាមដានសុខភាពបន្តសទៀត។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០នេះ អ្នកមានវីរុសកូវីដ-១៩ ដែលបានរកឃើញទាំងអស់នៅទូទាំងប្រទេស សរុបចំនួន ១៣០នាក់ (ស្ត្រី ៣៩នាក់ និងបុរស ៩១នាក់)។ ចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន១២៧នាក់ (ស្មើនឹង ៩៧.៦៩% ធៀប នឹងចំនួនអ្នកមានវីរុសកូវីដ-១៩ទាំងអស់) នៅក្នុងចំនួននេះមានស្រី ៣៩នាក់ និងបុរស៨៨នាក់ អ្នកកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន០៣នាក់ ក្នុងនោះមានបុរសជនជាតិខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសឥណ្ឌូណេស៊ី, បុរសជនជាតិខ្មែរ វិលត្រឡប់មកពីប្រទេសម៉ាឡេស៊ី និងបុរសខ្មែរ មានសញ្ជាតិអាមេរិកកាំង ដែលបានធ្វើដំណើរមកពីសហរដ្ឋអាមេរិក៕