សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៦ ក្រោមមូលបទ «ភាពស្អិតរមួត និងការឆ្លើយតប» នៅថ្ងៃទី២៦ ខែមិថុនាខាងមុខនេះ

64

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូល អាស៊ាន លើកទី៣៦ ក្រោមមូលបទ «ភាពស្អិតរមួត និងការឆ្លើយតប» ដែលនឹងប្រព្រឹត្តទៅតាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានដែលក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញប្រកាសនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០នេះ។

អញ្ជើញអមសម្តេចតេជោនាយករដ្ឋមន្រ្តី នៅក្នុងកិច្ចប្រជុំ រួមមាន ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម,ឯកឧត្តម ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា, ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្ដីក្រសួងសុខាភិបាល និងលោកជំទាវវេជ្ជ. អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ព្រមទាំងឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាមួយចំនួនផងដែរ។

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៦ តាមរយៈប្រព័ន្ធវីដេអូ ថ្នាក់ដឹកនាំនឹងផ្តោតការយកចិត្តទុកដាក់លើកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាន ក្នុងការដោះស្រាយជំងឺរាតត្បាតជាសកលកូវីដ-១៩ និងការលើកកម្ពស់ការស្តារសេដ្ឋកិច្ច-សង្គមក្រោយជំងឺកូវីដ-១៩ វិធី និងមធ្យោបាយនានា ដើម្បីសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ និងទំនាក់ទំនងរបស់អាស៊ានជាមួយដៃគូខាងក្រៅ និងសហគមន៍ពិភពលោក។

ស្របពេលជាមួយកិច្ចប្រជុំកំពូលនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏នឹងអញ្ជើញចូលរួមកិច្ចប្រជុំមួយចំនួន រួមមាន៖
-សម័យប្រជុំពិសេសរបស់ថ្នាក់ដឹកនាំអាស៊ាន នាឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ស្តីពីការលើកកម្ពស់តួនាទីស្រ្តីក្នុងយុគសម័យឌីជីថល
-កិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ានជាមួយតំណាងអន្តរសភាអាស៊ាន
-កិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ានជាមួយតំណាងយុវជនអាស៊ាន
-កិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ានជាមួយតំណាងក្រុមប្រឹក្សាផ្តល់យោបល់ធុរកិច្ចអាស៊ាន។

នៅមុនកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ព្រមទាំងរដ្ឋមន្រ្ដីការបរទេសអាស៊ានផ្សេងទៀត នឹងអញ្ជើញចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្រ្ដីការបរទេសអាស៊ាន កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សន្តិសុខ-នយោបាយអាស៊ានលើកទី២១ និងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី២៦ តាមរយៈប្រព័ន្ធវីដេអូផងដែរ ដែលនៅក្នុងឱកាសនោះ លោកនឹងពិភាក្សាលើប្រធានបទសំខាន់ៗមួយចំនួន ជាពិសេសការត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦៕