ក្រសួងសុខាភិបាល បានស្នើសុំឲ្យរដ្ឋាភិបាលចិន តាមរយៈមូលនិធិចិនដើម្បីសន្ដិភាព និងអភិវឌ្ឍចិន លើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធមន្ទីរពេទ្យមួយ ស្ថិតនៅខេត្តកណ្តាល ដើម្បីជាមន្ទីរពេទ្យស្តង់ដាមួយសម្រាប់ផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ

49

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ០៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ នៅទីស្តីការក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ព្រមទាំងថ្នាក់ដឹកនាំក្រសួង បានអនុញ្ញាតឲ្យមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍចិន (CFPD) ជួបសំដែងការគួរសម និងថ្លែងអំណរគុណចំពោះកិច្ចសហប្រតិ្តបតិការកន្លងមក ព្រមទាំងពិភាក្សាលើការងារបេសកកម្មនៅប្រទេសកម្ពុជាបន្ត។

លោកជំទាវរដ្ឋលេខាធិការ បានស្នើសុំឲ្យរដ្ឋាភិបាលចិន តាមរយៈមូលនិធិចិនដើម្បីសន្ដិភាព និងអភិវឌ្ឍចិន លើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធមន្ទីរពេទ្យមួយ ស្ថិតនៅខេត្តកណ្តាល ដើម្បីជាមន្ទីរពេទ្យស្តង់ដាមួយសម្រាប់ផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកដំណើរចូលមកប្រទេសកម្ពុជា ក្រោយពេលប្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី រួចជាស្ថានពរនៅឆ្នាំ២០២៣ខាងមុខ។

ជាកិច្ចឆ្លើយតប លោក ZHANG YAOWU ប្រធានការិយាល័យមូលនិធិដើម្បីសន្ដិភាព និងអភិវឌ្ឍចិននៅកម្ពុជា នឹងបន្ដបេសកកម្មការងារក្រោយពីមានការិយាល័យផ្ទាល់នៅប្រទេសកម្ពុជា និងបានឯកភាពលើយោបល់ចំពោះសំណើរទៅកាន់រដ្ឋាភិបាលចិន ដើម្បីពិនិត្យមើលលើគម្រោងនេះ ព្រមទាំងបន្តចូលរួមការងារប្រយុទ្ធនឹងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅកម្ពុជា។