សេចក្តីប្រកាសគណបក្សប្រជាជនកម្ពុជា៖ ជ្រើសតាំងអនុប្រធាន២រូប, សម្រេចបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី

314
UI Promtion 2021

និងជ្រើសតាំងលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត
(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីប្រកាសអំពីលទ្ធផលននៃសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ របស់ខ្លួន នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១នេះ ដោយបានសម្រេចលើរបៀបវារៈចំនួន៤។
សន្និបាតនេះបានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស, សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល។ អញ្ជើញចូលរួមក្នុងសន្និបាតនេះមានសមាជិក សមាជិកានៃគណៈកម្មាធិការកណ្តាលចំនួន៧៧៥រូប លើបរិមាណរួម៨៦៥រូប។
តាមលទ្ធផលដែលបណ្តាញព័ត៌មាន CHN Channel News ទទួលបានបញ្ជាក់ឱ្យដឹងថា សន្និបាតបានប្រព្រឹត្តទៅក្នុងស្មារតីឯកភាព ប្រជាធិបតេយ្យ និងការទទួលខុសត្រូវខ្ពស់បំផុតចំពោះបុព្វហេតុជាតិ និងប្រជាជន ដោយបានសម្រេចលទ្ធផលដូចខាងក្រោម ៖
១៖ បោះឆ្នោតជ្រើសតាំងបន្ថែម សម្តេចពិជ័យសេនា ទៀ បាញ់ ជាអនុប្រធានគណបក្ស និង លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាអនុប្រធានគណបក្ស
២៖ បន្តគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី និងបានសម្រេចជាឯកច្ឆ័ន្ទ ជ្រើសតាំងឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត
៣៖ ពិភាក្សាអំពីកិច្ចការមួយចំនួនស្តីពីការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២
៤៖ អង្គសន្និបាតបានយល់ជ្រួតជ្រាបស៊ីជម្រៅអំពីខ្លឹមសារនៃទស្សនៈសភាពការណ៍ ឆ្នាំ២០២១ និងទិសដៅភារកិច្ច សំខាន់ៗរបស់គណបក្សក្នុងឆ្នាំ២០២២។
គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានអំពាវនាវគណៈកម្មាធិការនៃគណបក្សគ្រប់ថ្នាក់គ្រប់ផ្នែក គ្រប់ក្រុមការងារគណបក្សចុះមូលដ្ឋាន និងមន្ត្រី សមាជិក សមាជិកានៃគណបក្សប្រជាជនកម្ពុជា សូមពង្រឹងសាមគ្គីភាព ឯកភាពផ្ទ ក្នុងរឹងមាំ ខិតខំបន្តអនុវត្តកម្មវិធីនយោបាយ និងសេចក្តីសម្រេចនានារបស់គណបក្សឱ្យបានសម្រេចជោគជ័យ ដើម្បី បម្រើផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ជាតិ និងប្រជាជន។
គណបក្សប្រជាជនកម្ពុជា បានអំពាវនាវជនរួមជាតិទាំងមូលទាំងនៅក្នុងប្រទេសទាំងនៅក្រៅប្រទេស សូមបន្តរួមសាមគ្គីគ្នាជាធ្លុងមួយ ក្រោមដំបូលរដ្ឋធម្មនុញ្ញ និងម្លប់ដ៏ត្រជាក់នៃ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីថែរក្សាការពារសន្តិភាព ឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាឱ្យបានរឹងមាំ ស្ថិតស្ថេរគង់វង្សជារៀងដរាប។
ព្រមជាមួយនោះ គណបក្សប្រជាជនកម្ពុជាអំពាវនាវដល់ជនរួមជាតិ បន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានសុវត្ថិភាពសុខាភិបាល សំដៅការពារមិនឱ្យជំងឺកូវីដ-១៩ អាចឆ្លងរាលដាលជាថ្មីទៀត បាន និងរួមគ្នាបញ្ចេញអស់កម្លាំងកាយ កម្លាំងចិត្ត ដើម្បីស្តារ និងអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជាឡើងវិញ ក្រោយវិបត្តិជំងឺកូវីដឱ្យមានសន្ទុះរីកចម្រើនខ្លាំងក្លាឡើង៕