ជើងហោះហើរជាង ២,០០០ជើងទូទាំងពិភពលោក ត្រូវបានលុបចោលដោយសារជំងឺCOVID-19បំប្លែងថ្មី «អូមីក្រុង»

262
UI Promtion 2021

ជើងហោះហើរសរុប ២,១១៨ជើង ត្រូវបានលុបចោល និងជាង ៥,៧០០ជើងទៀតត្រូវបានពន្យារពេល នៅទូទាំងពិភពលោក ដោយសារតែការរាតត្បាតនៃវីរុស COVID-19 បំប្លែងថ្មី អូមីក្រុង (Omicron)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នាព្រឹកថ្ងៃសៅរ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២១។

ទិន្នន័យខាងលើនេះ គឺទទួលបានមកពីវែបសាយជំនាញ ខាងតាមដានជើងហោះហើរ «Flightaware.com» ដែលបានកត់ត្រាទិន្នន័យចុងក្រោយ ត្រឹមយប់ថ្ងៃសុក្រសប្តាហ៍នេះ។ នៅក្នុងចំណោមជើងហោះហើរជាង ២,០០០ជើង ដែលត្រូវបានលុបចោលនោះ ៥០០ជើងត្រូវបានគេដឹងថា មានគោលដៅទៅកាន់សហរដ្ឋអាមេរិក។

បើតាមក្រុមហ៊ុនអាកាសចរណ៍ លូហ្វថាន់សា (Lufthansa), ដែលតា (Delta), យូណៃធីដ អ៊ែរឡាញ (United Airlines) និងអាកាសចរណ៍អន្តរជាតិជាច្រើនទៀត បានគូសបញ្ជាក់ស្រដៀងៗគ្នាថា មូលហេតុនៃការលុបចោលជើងហោះហើរនោះ ក៏ព្រោះតែបុគ្គលិកបម្រើការលើ យន្តហោះរបស់ពួកគេ ខ្លះបានធ្លាក់ខ្លួនឈឺ និងខ្លះទៀតត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក ក្រោយពីបានជាប់ពាក់ព័ន្ធនឹងអ្នកជំងឺ COVID-19។

គួរបញ្ជាក់ថា សម្រាប់់ក្រុមហ៊ុន United Airlines តែឯង ជើងហោះហើរជាង ១៧០ជើងទៅហើយត្រូវបានលុបចោល។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ អាកាសចរណ៍អាមេរិកមួយនេះ បានលើកឡើងថា ការរាតត្បាតវីរុសបំប្លែងថ្មី Omicron បាននិងកំពុងបង្កផលប៉ះពាល់ដល់ បុគ្គលិកបម្រើការងារឲ្យក្រុមហ៊ុននេះ និងប្រជាជនដែលជាអតិថិជន៕