តោះប្រិយមិត្តមកយល់ដឹងពីកម្លាំងយោធារបស់ប្រទេសមហាអំណាចទាំង ៥

226
UI Promtion 2021

យោធា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការការពារជាតិរបស់ប្រទេសនីមួយៗ ជាពិសេសប្រទេសមហាអំណាច។ ក្នុងចំណោមបណ្តាប្រទេសទាំងអស់ អាម៉េរិកបានចំណាយថវិកាការពារជាតិច្រើនជាងគេ ដោយមានជាង ៧០០ពាន់លានដុល្លារ និងតាមពីក្រោយដោយ ចិន ឥណ្ឌា និងរុស្ស៊ី នៅក្នុងឆ្នាំ២០២១។ ការចំណាយថវិកាដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ បានធ្វើឱ្យប្រទេសមហាអំណាច អភិវឌ្ឍសមត្ថភាពយោធា ប្រព័ន្ធការពារមីស៊ីល មីស៊ីលអន្តរទ្វីប និងសព្វាវុធផ្សេងទៀត ដើម្បីពង្រឹងសមត្ថភាពយោធាខ្លួន។

ខាងក្រោមនេះ គឺជាកម្លាំងយោធារបស់ប្រទេសមហាអំណាចទាំង ៥ ដែលមានអាម៉េរិក, ចិន, រុស្ស៊ី, អង់គ្លេស និងបារាំង។

អាម៉េរិក
អាម៉េរិក គឺជាមហាអំណាចផ្នែកយោធាមួយ ដែលបានចំណាយថវិកាការពារជាតិជាង ៧០០ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២០ ពោលគឺជាការចំណាយដ៏ច្រើនជាងគេបង្អស់។ កម្លាំងយោធារបស់ប្រទេសមហាអំណាចមួយនេះ ក៏ខ្លាំងដែរ។ យោធាអាម៉េរិក មានយន្តហោះចម្បាំងប្រមាណ ២១០០គ្រឿង, ឧទ្ធម្ភាគចក្រសម្រាប់វាយប្រហារមានចំនួន ៩៦៧គ្រឿង, យន្តហោះយោធាសម្រាប់ដឹកសម្ភារ និងយន្តហោះប្រើក្នុងគោលដៅពិសេសមានចំនួនច្រើនជាង ៩០០គ្រឿងទៀត។

កម្លាំងជើងទឹកវិញ អាម៉េរិក មាននាវាដឹកយន្តហោះចម្បាំងចំនួន ១១គ្រឿង ដែលច្រើនជាងមហាអំណាចផ្សេងៗ។ នាវាដឹកយន្តហោះចម្បាំងអាម៉េរិកមួយចំនួន អាចដឹកយន្តហោះចម្បាំងបានរហូតដល់ ៩០ គ្រឿងឯណោះ។

ចំណែកអាវុធនុយក្លេអ៊ែរវិញ អាម៉េរិកមានច្រើនលំដាប់ទីពីរ បន្ទាប់ពីរុស្ស៊ី។ តាមទិន្នន័យរបស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិទីក្រុងស្តុកខុល (SIPRI) អាម៉េរិក មានក្បាលគ្រាប់នុយក្លេអ៊ែរសរុប ៥៥៥០ ខណៈរុស្ស៊ីមានចំនួន ៦២៥៥ គ្រាប់ឯណោះ នៅក្នុងឆ្នាំ២០២១។ ក្បាលគ្រាប់ទាំងនេះ គិតទាំងក្បាលគ្រាប់ចាស់ និងក្បាលគ្រាប់នុយក្លេអ៊ែរថ្មី។ កម្លាំងយោធាអាម៉េរិក ដែលកំពុងបំពេញប្រតិបត្តិការមានចំនួនសរុប ១,៤លាននាក់។

ចិន
ជាមហាអំណាចដែលទើបតែឡើងមកក្រោយគេ ចិន បានខិតខំពង្រឹងសមត្ថភាពយោធារបស់ខ្លួនយ៉ាងខ្លាំង។ កន្លងមក ចិន បានដាក់គោលដៅធ្វើទំនើបកម្មយោធាខ្លួន ឱ្យក្លាយជាយោធាលំដាប់ពិភពលោក ត្រឹមឆ្នាំ២០២៧ ដែលត្រូវជាខួប ១០០ឆ្នាំ នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន។ នៅក្នុងឆ្នាំ២០២០ ចិន បានចំណាយថវិកាលើវិស័យការពារជាតិប្រមាណ ២៤៤លានដុល្លារ។ ចិន មានទាហាន ដែលកំពុងបំពេញការងារសរុបចំនួន ២លាននាក់។

រីឯផ្នែកជើងទឹកវិញ ចិនមាននាវាដឹកយន្តហោះចម្បាំងត្រឹមតែ ២គ្រឿងប៉ុណ្ណោះ និងនាវាយោធាចំនួន ៣៦០គ្រឿង ដែលជាចំនួនដ៏ច្រើនជាងគេបំផុត ខណៈអាម៉េរិក មានត្រឹមតែ ២៩៧គ្រឿងប៉ុណ្ណោះ។

ស្របគ្នានេះ កងទ័ពអាកាសចិន មានយន្តហោះយោធាចំនួន ២៥០០គ្រឿង ដោយក្នុងនោះប្រមាណ ២០០០គ្រឿងជាយន្តហោះចម្បាំង។ នៅក្នុងឆ្នាំ២០២០ ចិនមានក្បាលគ្រាប់នុយក្លេអ៊ែរចំនួន ៣៥០គ្រាប់។

រុស្ស៊ី
បន្ទាប់ដួលរលំនៃសហភាពសូវៀត រុស្ស៊ី បានទទួលតំណែងជាមហាអំណាចបន្ត និងកាន់កាប់អាវុធនុយក្លេអ៊ែរសរុបច្រើនជាងគេនៅក្នុងឆ្នាំ២០២១។ តាមវិទ្យាស្ថាន SIPRI រុស្ស៊ីមានអាវុធនុយក្លេអ៊ែរចំនួន ៦៣៧៥គ្រាប់ ដែលមានទាំងក្បាលគ្រាប់ចាស់ និងថ្មី។ នៅក្នុងឆ្នាំ២០២០ រុស្ស៊ីបានចំណាយថវិកា លើយោធាចំនួន ៦៦ ពាន់លានដុល្លារ។

ស្របគ្នានោះ រុស្ស៊ីមានមីស៊ីលបាលីស្ទិកអន្តរទ្វីបចំនួន ៣៣៦គ្រាប់, រថពាសដែក ២៨៤០គ្រឿង, កាំភ្លើងធំចំនួនជាង ៤ពាន់គ្រឿង។ លើសពីនេះ រុស្ស៊ី មាននាវាមុជទឹកចំនួន ៤៩គ្រឿង និងនាវាយោធាជាង ១០០គ្រឿង។ យន្តហោះយោធារបស់ប្រទេសមួយនេះ មាន ១១៦០គ្រឿង រួមទាំងកម្លាំងយោធាបំពេញការងារចំនួន ២៩ម៉ឺននាក់ និងមានកម្លាំងបម្រុងសរុបរហូតដល់ ២លាននាក់។ ក្នុងពេលបច្ចុប្បន្ន រុស្ស៊ីមាននាវាដឹកយន្តហោះចម្បាំង ដែលបំពេញប្រតិបត្តិការត្រឹមតែ ១គ្រឿងប៉ុណ្ណោះ។

អង់គ្លេស
ជាមហាអំណាចចាស់ អង់គ្លេស បានចំណាយថវិកាលើវិស័យការពារជាតិចំនួន ៥៨ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២០ ។ ទន្ទឹមនេះ អង់គ្លេស បានកាន់កាប់អាវុធនុយក្លេអ៊ែរសរុបចំនួន ២២៥គ្រាប់ ខណៈពេលរដ្ឋាភិបាលប្រទេសមួយនេះ ក៏កំពុងអភិវឌ្ឍបន្ថែមទៀត។ តាមទិន្នន័យរបស់ Global Fire Power អង់គ្លេស មានទាហានដែលកំពុងបំពេញការងារជាង ១៩ម៉ឺននាក់ និងកម្លាំងបម្រុងជាង ៨ម៉ឺននាក់។

យន្តហោះយោធា គិតត្រឹមឆ្នាំ២០២១ ដែលរួមមានយោធាហោះចម្បាំង, យន្តហោះសម្រាប់ដឹកជញ្ជូនសម្ភារយោធា, ឧទ្ធម្ភាគចក្រសម្រាប់វាយប្រហារ, និងយន្តហោះផ្សេងទៀត មានចំនួនសរុប ៧៣៨គ្រឿង។ ទន្ទឹមនេះ អង់គ្លេសមានរថពាសដែកចំនួន ១០៩គ្រឿង, រថយន្តការពារកម្លាំងយោធាចំនួន ៥៥០០គ្រឿង, គ្រាប់រ៉ុក្កែតចំនួន ៣៥ដើម និងកាំភ្លើងធំជាច្រើនដើមផ្សេងទៀត។ ក្នុងជើងទឹកវិញ អង់គ្លេសមាននាវាដឹកយន្តហោះចំនួន ២គ្រឿង, នាវាពិឃាដចំនួន ៦គ្រឿង, នាវាមុជទឹកចំនួន ១១គ្រឿង, នាវាល្បាតចំនួន ២៥គ្រឿង និងនាវាផ្សេងទៀត។

បារាំង
បារាំង នៅក្នុងឆ្នាំ ២០២០ បានចំណាយថវិកាលើវិស័យការពារជាតិចំនួន ៥១ពាន់លានដុល្លារ។ មហាអំណាចនៅអឺរ៉ុបមួយនេះ បានកាន់កាប់អាវុធនុយក្លេអ៊ែរចំនួន ២៩០គ្រាប់ ដោយមានទាំងចាស់ និងទាំងថ្មី។ កម្លាំងយោធា ដែលកំពុងបំពេញការងារមានចំនួនប្រមាណ ២៧ម៉ឺននាក់ និងកម្លាំងបម្រុងចំនួនជាង ៣ម៉ឺននាក់។

ចំណែកយន្តហោះយោធាបារាំងមានរហូតដល់ទៅ ១ពាន់គ្រឿងឯណោះ ក្នុងនោះ យន្តហោះចម្បាំង និងយន្តហោះស្កាត់មានចំនួន ២៦៩ គ្រឿង, យន្តហោះសម្រាប់ដឹកជញ្ជូនសម្ភារយោធាចំនួន ១១៨គ្រឿង, ឧទ្ធម្ភាគចក្រសម្រាប់វាយប្រហារមានចំនួន ៦៩គ្រឿង និងយន្តហោះយោធាជាច្រើនគ្រឿងផ្សេងទៀត។

ស្របគ្នានេះ បារាំងមានរថពាសដែកចំនួន ៤០៦គ្រឿង, រថយន្តសម្រាប់ការពារកងទ័ពជាង ៦ពាន់គ្រឿង, កាំភ្លើងធំចំនួន ១០៩គ្រឿង និងគ្រាប់រ៉ុក្កែតចំនួន ១៣។

រីឯកងទ័ពជើងទឹកវិញ បារាំងមាននាវាចំនួន ១៨០គ្រឿង។ ក្នុងនោះ បារាំង មាននាវាដឹកយន្តហោះចម្បាំង ចំនួន ១គ្រឿង, នាវាដឹកឧទ្ធម្ភាគចក្រចំនួន ៣គ្រឿង, នាវាពិឃាដចំនួន ១១គ្រឿង, នាវាមុជទឹកចំនួន ១០គ្រឿង, នាវាល្បាត ១៥គ្រឿង និងនាវាយោធាផ្សេងទៀត៕# CHN Channel News