ករណីបេក្ខជនប្រឡងបាក់ឌុបក្តៅខ្លួន មានបន្ទប់ប្រឡងដាច់ដោយឡែក

172
UI Promtion 2021
ភ្នំពេញ៖ ការប្រឡងបាក់ឌុបឆ្នាំនេះ បើទោះបីជាបេក្ខជនមាន អាការៈក្តៅខ្លួនក៏ដោយ ក៏នៅតែអនុញ្ញាតឱ្យប្រឡង ដោយគ្រាន់តែ ដាក់នៅដាច់ដោយឡែកពីគេ ។

ក្នុងកិច្ចប្រជុំដើម្បីត្រៀមលក្ខណៈ ក្នុងការប្រឡងបាក់ឌុប ដែលនឹងប្រព្រឹត្តទៅថ្ងៃទី២៧ និង២៨ ធ្នូ ខាងមុខនេះ លោក នួន ផារ័ត្ន បានបញ្ជាក់ថា សម្រាប់បេក្ខជនដែលចូលប្រឡង បើមានការបញ្ហាសុខភាពក្ដៅខ្លួន ក៏យើងរក្សាបេក្ខជននោះ អោយនៅប្រឡងដដែល ដោយគ្រាន់តែដាក់ពួកគាត់ នៅដាច់ដោយឡែកពីគេឯង។

លោកក៏បានជំរុញឲ្យអាជ្ញាធរ សហការជាមួយមន្ទីរអប់រំយុវជន និងកីឡា ដើម្បីធានាសុវត្ថិភាព នៃការប្រឡងនេះទទួលបាននូវភាពជោគជ័យ និងត្រូវបង្កើតឲ្យមានគណៈកម្មការ ទីបញ្ជាការស្រាលមួយ ដើម្បីទទួលព័ត៌មានក៏ដូចជាធ្វើអន្តរាគមន៍ ទៅលើអ្វីផ្សេងៗដែលកើតមាន និងធ្វើការហាមដាច់ខាត ចំពោះការបើកអាជីវកម្ម នៅក្បែរសាលាពាក់ព័ន្ធ នឹងការថតចម្លងឯកសារនានា។

ជាមួយគ្នានោះ លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា សម្រាប់ការប្រឡងបាក់ឌុបឆ្នាំនេះ នឹងចាប់ផ្ដើមប្រឡងនៅថ្ងៃចន្ទទី២៧ និង២៨ធ្នូឆ្នាំ២០២១ នៅមណ្ឌលប្រលងចំនួន ២៨ មណ្ឌល មាន៨៤០បន្ទប់ និងមានបេក្ខជនប្រលងចំនួន ២០៧២៥៤នាក់ ។ ចំពោះទីតាំងផ្ញើរយានយន្ត របស់បេក្ខជនប្រឡងទាំង ២៨មណ្ឌល គឺមិនអនុញ្ញាតឲ្យយកលុយ ថ្លៃផ្ញើយានយន្តនោះទេ ដោយរដ្ឋបាលរាជធានីភ្នំពេញ បានប្រគល់ថវិកាចំនួន ១លានរៀល សម្លាប់មួយមណ្ឌល ដើម្បីសម្រួលលើកិច្ចការ ផ្ញើយានយន្តនេះ ដោយមិនយកប្រាក់ពីបេក្ខជន ។

គួរឲ្យដឹងថា កិច្ចប្រជុំខាងលើនេះ បានធ្វើឡើងនាល្ងាចថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ដោយមានលោក នួន ផារ័ត្ន ,លោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញលោក ឃាង សេង អនុប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ និងលោក ជា ជាតិ អនុរដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡា ព្រមទាំងមានការចូលរួម ពីអាជ្ញាធរខណ្ឌចំនួន ១០ នៅក្នុងរាជធានីភ្នំពេញផងដែរ៕