ACU សង្កេតឃើញថា ដំណើការដឹកជញ្ជូនវិញ្ញាសាប្រឡងបាក់ឌុបចំនួន ៨៧៣ហឹប បានធ្វើឡើងយ៉ាងម៉ត់ចត់ និងសុវត្ថិភាព

342
UI Promtion 2021

(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានអះអាងថា ដំណើការដឹកជញ្ជូនវិញ្ញាសាប្រឡងបាក់ឌុបចំនួន ៨៧៣ហឹបទៅកាន់រាជធានី ខេត្ត ដើម្បីត្រៀមការប្រឡងនៅសប្តាហ៍ក្រោយនេះ បានធ្វើឡើងយ៉ាងម៉ត់ចត់ និងសុវត្ថិភាព។

ក្នុងសេចក្តីជូនដំណឹងផ្សព្វផ្សាយនៅយប់ថ្ងៃទី២៤ ខែធ្នូនេះ អង្គភាពប្រឆាំងអំពើពុករលួយបានឲ្យដឹងថា ក្រុមការងារចំហអង្គភាពប្រឆាំងអំពើពុករលួយចូលរួមសង្កេតការណ៍ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៧ ធ្នូ ២០២១ បានចូលរួមសង្កេតការណ៍ដំណើរការដឹកប្រធានវិញ្ញាសាទៅកាន់រាជធានី ខេត្ត ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ដោយចូលរួមតាំងពីដំណាក់កាលរៀបចំដឹកជញ្ជូនចេញពីក្រសួងអប់រំ យុវជន និងកីឡា (វិទ្យាស្ថានជាតិអប់រំ) រហូតដល់ សាលារាជធានី ខេត្ត ដែលជាទីតាំងរក្សាទុកប្រធានវិញ្ញាសាប្រឡង។

ក្នុងដំណើរការនៃការដឹកជញ្ជូនប្រធានវិញ្ញាសាសរុប ៨៧៣ហឹប អ.ប.ព. កត់សម្គាល់ឃើញថា គ្រប់ភាគីពាក់ព័ន្ធ រួមមាន គណៈមេប្រយោគទូទាំងប្រទេសប្រចាំរាជធានីខេត្ត គណៈកម្មការអប្បមាទទូទាំងប្រទេសប្រចាំរាជធានីខេត្ត អាជ្ញាធរដែនដី (អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត, កងកម្លាំងនគរបាល, កងរាជអាវុធហត្ថ) បានយកចិត្តទុកដាក់ខ្ពស់ អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនលើកិច្ចការនេះ ស្របទៅតាមបទប្បញ្ញត្តិពាក់ព័ន្ធ ដោយ៖

១. នៅក្នុងដំណើរការនៃការរៀបចំប្រគល់-ទទួល និងដឹកជញ្ជូនហឹបវិញ្ញាសាចេញពីវិទ្យាស្ថានជាតិអប់រំ គឺមានការ ចូលរួមពិនិត្យយ៉ាងម៉ត់ចត់លើស្រោមវិញ្ញាសាដែលបានបិទជិតយ៉ាងគត់មត់មិនមានការរហែក ផ្ទៀងផ្ទាត់ចំនួន យ៉ាងត្រឹមត្រូវ រួចទើបបញ្ចូលទៅក្នុងហឹបប្រធានវិញ្ញាសា និងចាក់សោដោយបិទក្ខិតក្រដាស (Sceller) លើរន្ធសោទើបដាក់បញ្ចូលទៅក្នុងរថយន្ត ដឹកជញ្ជូនទៅកាន់គោលដៅ។

២. ក្នុងការធ្វើដំណើរទៅកាន់ទីតាំងរក្សាទុកហឹប នៅតាមរាជធានី ខេត្ត មានការរក្សា ការពារ ធានាសុវត្ថិភាពក្នុងការដឹកជញ្ជូន មិនឱ្យមានការរំខាន ការធ្វើឱ្យបាត់បង់ ឬប៉ះពាល់ធ្វើឱ្យរហែកក្រដាសបិទផ្ចិត (Sceller) លើរន្ធសោ របស់ហិបប្រធានវិញ្ញាសាឡើយ។

៣. ហឹបប្រធានវិញ្ញាសាបានដឹកដល់គោលដៅ ដោយបានរួមគ្នាត្រួតពិនិត្យហើយឃើញថារក្សាបាននូវសភាពដើម ទើបអាជ្ញាធរដែនដីរៀបចំទទួលរក្សាទុកនៅទីតាំងមានការចាក់សោរត្រឹមត្រូវ និងមានកម្លាំងយាមកាម២៤ម៉ោង ដើម្បីធានាសុវត្ថិភាពហឹបប្រធានវិញ្ញាសា រហូតដល់ការបញ្ចូនបន្តទៅមណ្ឌលប្រឡងតាមការកំណត់។

ជារួម អ.ប.ព សង្កេតឃើញថា ដំណើរការដឹកជញ្ជូនហឹបប្រធានវិញ្ញសារប្រឡង ប្រព្រឹត្តទៅរលូន ប្រកបដោយសុវត្ថិភាព និងគោរពទៅតាមបទប្បញ្ញត្តិ ដែលបានដាក់ចេញដោយក្រសួងអប់រំ យុវជន និងកីឡា ជាពិសេសមានការចូលរួមគាំទ្រដល់ដំណើរការការងារដោយអាជ្ញាធរដែនដីយ៉ាងសកម្មផងដែរ។

សូមបញ្ជាក់ថា ការប្រឡងបាក់ឌុបនឹងចូលមកដល់នៅថ្ងៃចន្ទទី២៧ ខែធ្នូ សប្តាហ៍ក្រោយនេះហើយ។ សម្រាប់ឆ្នាំ២០២១ នេះ មានមណ្ឌលប្រឡងសរុប ២០៤មណ្ឌល ត្រូវជា ៤៦១៦បន្ទប់ បេក្ខជនចុះឈ្មោះប្រឡងសរុប ១១៤១៨៣ ស្រី៦០៣៩៧នាក់ ហើយគណៈមេប្រយោគ និងគណៈកម្មការនានាចូលរួមក្នុងដំណើរការប្រឡងមានចំនួន ៣១ ៤៣២នាក់។ ដើម្បីធានាបានថាការប្រឡងប្រព្រឹត្តទៅដោយរលូន ក្រសួងបានពង្រឹងកិច្ចសហការយ៉ាងស្អិតរមួតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធចំនួន ៧៕