ប្រទេសបី ដែលហាមឃាត់ប្រជាជនប្រើប្រាស់បណ្ដាញសង្គមFacebook

155
UI Promtion 2021

នៅក្នុងយុគសម័យថ្មីនេះ បណ្ដាញសង្គមត្រូវបានប្រើប្រាស់ ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយក្រុមគ្រួសារ និងមិត្តភ័ក្តិ ព្រមទាំងការបញ្ចេញមតិផ្សេងៗ។ ប៉ុន្តែរដ្ឋាភិបាលនៃប្រទេសមួយចំនួនបានចាត់វិធានការមិនអនុញ្ញាតឲ្យប្រើប្រាស់Facebook នោះឡើយ ដោយផ្អែកលើហេតុផលមួយចំនួន។ អត្ថបទនេះ នឹងបកស្រាយត្រួសៗពីប្រទេសចំនួនបីដែលនៅបន្តហាមឃាត់ការប្រើប្រាស់បណ្ដាញសង្គម Facebook។

តើមានប្រទេសណាខ្លះដែលបន្តហាមឃាត់យ៉ាងតឹងរ៉ឹងចំពោះការប្រើប្រាស់បណ្ដាញ សង្គម Facebook? តើមានមូលហេតុអ្វីខ្លះនៅពីក្រោយការហាមឃាត់ទាំងនោះ?

១. ចិន
ជាយូរមកហើយ រដ្ឋាភិបាលចិន តែងតែចាត់ចំណាត់ការរឹតត្បិតព័ត៌មានលើប្រព័ន្ធ អ៊ីនធឺណិត ជាពិសេសចំពោះព័ត៌មានណាដែលរសើប និងធ្វើឱ្យប៉ះពាល់ដល់អំណាចបក្សកុម្មុយនីស្ដចិន។ ការណ៍នេះ ក៏មិនមានអ្វីគួរឱ្យភ្ញាក់ផ្អើលនោះទេ ដែលបណ្ដាញសង្គមFacebook ត្រូវបានហាមឃាត់។
ក្នុងឆ្នាំ២០០៩ Facebook ក៏ដូចជា Twitter ត្រូវបានហាមឃាត់នៅចិន បន្ទាប់ពីកុបកម្មក្នុងឆ្នាំ ២០០៩ បានកើតឡើងនៅទីក្រុង Urumqi ក្នុងតំបន់ស៊ីនជាំង។ ជាក់ស្តែង សកម្មជនឯករាជ្យតំបន់ស៊ីនជាំងមួយចំនួន បានប្រើប្រាស់Facebook ជាផ្នែកនៃបណ្តាញទំនាក់ទំនងរបស់ពួកគេ។ ការបង្រ្កាបនេះ ត្រូវបានមើលឃើញថា រដ្ឋាភិបាល មានគោលបំណងកាត់បន្ថយទំនាក់ទំនង ក្នុងចំណោមសកម្មជនឯករាជ្យទាំងនោះ។
យ៉ាងណាមិញ ប្រជាជនចិននៅអាចភ្ជាប់ទំនាក់ទំនង តាមបណ្ដាញសង្គមចិន ដែលគ្រប់គ្រងយ៉ាងតឹងរ៉ឹង ដោយរដ្ឋាភិបាលរួមមាន បណ្តាញសង្គម Weibo និង WeChat ជាដើម។ លើសពីនេះ
ប្រជាជនមួយចំនួន នៅតែអាចប្រើប្រាស់Facebook បាននៅតាមកន្លែងមួយចំនួនដូចជា ហុងកុង និងម៉ាកាវជាដើម។ ប្រជាជនចិនផ្សេងទៀត ក៏អាចប្រើប្រាស់បណ្ដាញសង្គមខាងលើបានដែរ ដោយប្រើ VPN។

២. អ៊ីរ៉ង់
យោងតាមរបាយការណ៍របស់សារព័ត៌មាន CNN រដ្ឋាភិបាលអ៊ីរ៉ង់ បានហាមការប្រើប្រាស់Facebook នៅពេលដែលសកម្មជនបានប្រើវា ដើម្បីប្រមូលផ្តុំគាំទ្រគណបក្សប្រឆាំង អំឡុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០០៩។
អតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ លោក Ali Jannati បានលើកឡើងពីក្តីសង្ឃឹមសម្រាប់ការអនុញ្ញាតឱ្យប្រើ បណ្ដាញសង្គមនេះឡើងវិញនៅឆ្នាំ ២០១៣។ លោកបានកត់សម្គាល់ថា បណ្តាញសង្គមគួរ តែអាចប្រើប្រាស់បានសម្រាប់ប្រជាជនអ៊ីរ៉ង់ធម្មតា។ ប៉ុន្តែការស្នើនេះមិនមានប្រសិទ្ធភាពនោះទេ ហើយការរឹតត្បិតនៅតែបន្តមាន។ បណ្ដាញសង្គមផ្សេងទៀតដូចជា Twitter និងTelegram ក៏ត្រូវបានហាមឃាត់មិនឱ្យប្រើប្រាស់ជាបន្តបន្ទាប់។ យ៉ាងណាមិញ ប្រជាជនអ៊ីរ៉ង់មួយចំនួន នៅតែអាចបន្តប្រើប្រាស់បណ្ដាញសង្គមមួយនេះបាន ដោយប្រើ VPN ។
៣. កូរ៉េខាងជើង
កូរ៉េខាងជើងជាប្រទេសសម្ងាត់បំផុតមួយក្នុងពិភពលោក ដោយសារការរឹតត្បិតយ៉ាងខ្លាំងលើការធ្វើដំណើរ និងការប្រាស្រ័យទាក់ទងគ្នា។
ក្នុងឆ្នាំ២០១៦ កូរ៉េខាងជើងបានប្រកាសជាផ្លូវការ ចំពោះការហាមឃាត់ការប្រើប្រាស់Facebook ព្រមទាំងTwitter និង YouTube ផងដែរ។ បន្ថែមពីនេះ ប្រសិនជានរណាម្នាក់បាន ព្យាយាមចូលប្រើបណ្ដាញសង្គមមួយនេះដោយគ្មានការអនុញ្ញាតនោះ ពួកគេ នឹងត្រូវទទួលទោសក្រោមច្បាប់កូរ៉េខាងជើង។

គោលដៅ នៃការរឹតបន្តឹងនេះ កាន់តែធ្វើឱ្យមានការលំបាកបន្ថែមទៀតសម្រាប់ភ្ញៀវទេសចរ ឬសហគមន៍តូចៗនៃជនបរទេស ក្នុងការបង្ហោះព័ត៌មានរសើបអំពីកូរ៉េខាងជើងទៅកាន់ពិភពខាងក្រៅ។ ការហាមប្រាមនេះ ក៏រឹតតែរឹតត្បិតជនជាតិកូរ៉េខាងជើង ដែលអាចចូលប្រើអ៊ីនធឺណិត ដើម្បីមើលព័ត៌មានអំពីប្រទេសរបស់ពួកគេ ដែលបានបង្ហោះនៅក្រៅពីប្រទេសនេះផងដែរ។

សរុបមកវិញ ទោះបីរដ្ឋាភិបាលហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមFacebook នៅក្នុងប្រទេសទាំងនោះក៏ដោយ អ្នកប្រើប្រាស់មួយចំនួននៅតែអាចចូលប្រើបណ្ដាញសង្គមនេះបាន។ ជាក់ស្តែងនៅចិន ប្រជាជនដែលរស់នៅក្នុងតំបន់ស្វយ័តដូចជាហុងកុង និងម៉ាកាវ អាចប្រើ Facebook បាន ឬសូម្បីតែអ្នកដែលរស់ នៅតំបន់ដីគោកក៏អាចចូលប្រើបានដែរ ដោយប្រើ VPN។

ការដាក់កម្រិតនេះកាន់តែមានប្រសិទ្ធភាពតិចតួចនៅក្នុងអ៊ីរ៉ង់ ខណៈដែលមន្ត្រីរដ្ឋាភិបាលកំពូលៗជាច្រើន នៅតែអាចប្រើប្រាស់Facebook និងប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងទៀត។ ចំណែកនៅកូរ៉េខាងជើងវិញ វាមានប្រសិទ្ធភាពខ្ពស់ ប៉ុន្តែនោះដោយសារតែ ប្រជាជនតិចណាស់ដែលអាចប្រើប្រាស់សេវាអ៊ីនធឺណិត។ ការដាក់កម្រិតនេះអាចនឹងមាន ប្រសិទ្ធភាពតិច ប្រសិនបើសេវាអ៊ីនធឺណិតមានច្រើនឡើងសម្រាប់ប្រជាជនកូរ៉េខាងជើង៕ # CHN Channel News