មន្រ្តីUN «រន្ធត់»ចំពោះរបាយការណ៍ដុតរថយន្តបណ្ដាលឱ្យជនស៊ីវិល៣៥នាក់បាត់បង់ជីវិត៕

254
UI Promtion 2021

មន្ត្រីអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអាទិត្យទី២៦ ខែធ្នូថា លោក «រន្ធត់» ចំពោះរបាយការណ៍គួរឱ្យទុកចិត្តមួយថាយ៉ាងហោចណាស់ជនស៊ីវិល ៣៥នាក់ត្រូវបានសម្លាប់ និងសាកសពរបស់ពួកគេត្រូវបានដុតក្នុងប្រទេសមីយ៉ាន់ម៉ា ហើយបានទាមទារឱ្យរដ្ឋាភិបាលបើកការស៊ើបអង្កេត។

បុគ្គលិកពីរនាក់មកពីអង្គការ Save the Children បានបាត់ខ្លួនបន្ទាប់រថយន្តរបស់ពួកគេត្រូវបានវាយប្រហារនិងដុតបំផ្លាញនៅរដ្ឋកាយ៉ា(Kaya) ភាគខាងកើតប្រទេសមីយ៉ាន់ម៉ា។

ក្រុមអ្នកឃ្លាំមើលនិងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានដាក់បន្ទោសលើការវាយប្រហារលើកងកម្លាំងយោធា។

«ខ្ញុំថ្កោលទោសលើឧប្បត្តិហេតុដ៏អាក្រក់នេះ និងរាល់ការវាយប្រហារប្រឆាំងលើជនស៊ីវិលទូទាំងប្រទេស» លោកម៉ាទីន ហ្រ្គីវហ្វីត (Martin Griffiths) អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌។ ជាពិសេសលោកបានទទូចឱ្យមានការស៊ើបអង្កេតប្រកបដោយតម្លាភាព។

ប្រទេសមីយ៉ាន់ម៉ាត្រូវបានធ្លាក់ក្នុងភាពវឹកវរចាប់តាំងពីខែកុម្ភៈ បណ្ដាលឱ្យមនុស្សជាង ៣០០០នាក់បានបាត់បង់ជីវិតដោយសារការបង្រ្កាបដោយកងសន្តិសុខលើបាតុករ។ នេះបើតាមការបញ្ជាក់របស់ក្រុមអ្នកឃ្លាំមើលក្នុងស្រុក។

«កងកម្លាំងការពារប្រជាជន» បានងើបឡើងប្រឆាំងរបបសឹកទូទាំងប្រទេស ហើយទាញទាហានរដ្ឋាភិបាលឱ្យធ្លាក់ក្នុងការបង្ហូរឈាម។

កាលពីថ្ងៃសៅរ៍ រូបថតមួយបានបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គមដែលបង្ហាញពីរថយន្តដែលឆេះអស់ចំនួនពីរ និងរថយន្តមួយទៀតនៅលើផ្លូវហាយវេក្នុងសង្កាត់ព្រុសូ (Hpruso) ក្នុងរដ្ឋកាយ៉ាហ (Kayah) ជាមួយនឹងសាកសពឆេះនៅខាងក្នុងរថយន្ត។

សមាជិក«កងកម្លាំងការពារប្រជាជន»ក្នុងតំបន់ បាននិយាយថាសមមិត្តរបស់ពួកគេបានប្រទះឃើញរថយន្តមួយចំនួននៅថ្ងៃសៅរ៍ បន្ទាប់ពីបានទទួលដំណឹងថាយោធារបបសឹកឃាត់រថយន្តនៅសង្កាត់ព្រុសូ(Hpruso)ក្រោយមានការប៉ះទង្កិចគ្នានៅតំបន់ក្បែរនោះកាលពីថ្ងៃសុក្រ។

ប្រភពដដែលបន្តបញ្ជាក់ប្រាប់សារព័ត៌មានបារាំងAFPថា នៅពេលដែលលោកត្រួតពិនិត្យទីតាំងកន្លែងកើតហេតុ លោកឃើញមានសាកសព២៧​ ក្នុងរថយន្តដែលបានឆេះ។

ប្រភពផ្សេងដែលសុំមិនបញ្ចេញអត្តសញ្ញាណ បានអះអាងថា «លោករកឃើញលលាដ៍ក្បាលចំនួន២៧» ប៉ុន្តែមានឆ្អឹងជាច្រើនទៀតមិនអាចរាប់បានដោយសារឆេះសព្វអស់។

បន្ថែមពីនេះ តាមមន្រ្តី​យោធា​រដ្ឋាភិបាល​បានអះអាងថា យោធារដ្ឋាភិបាលរងការវាយប្រហារនៅតំបន់ក្បែរសង្កាត់ព្រុសូ ហើយបញ្ឈប់រថយន្ត ៧គ្រឿងដែលមានការសង្ស័យ។ មន្រ្តីអ្នកនាំពាក្យលោក ស​ មីន តុន(Zaw Min Tun) បានប្រាប់កាសែត AFP ដោយមិនបានបញ្ជាក់ពីព័ត៌មានលម្អិតឡើយ។

សូមបញ្ជាក់ថា ទិន្នន័យពីផ្កាយរណបក៏បានបង្ហាញពីអគ្គីភ័យមួយបានកើតឡើងនៅប្រហែលម៉ោង ១រសៀលថ្ងៃសុក្រនៅសង្កាត់ព្រុសូ។

# CHN Channel News