
ក្រុងប៉េកាំង: ប្រទេសចិន កាលពីថ្ងៃសៅរ៍រាយការណ៍ពីចំនួនករណីកូវីដ ១៩ ថ្មីខ្ពស់បំផុតក្នុងរយៈពេល ៤ ខែចុងក្រោយនេះ ខណៈដែលមន្ត្រីដុតដៃដុតជើងចេញវិធានការទប់ស្កាត់ដូចជាការបិទខ្ទប់ក្រុងដែលមានប្រជាជនរាប់លានរស់នៅជាដើម។
យោងតាមសេចក្តីថ្លែងការណ៍របស់គណៈកម្មការសុខភាពជាតិ ក្នុងចំណោមករណីឆ្លងថ្មីចំនួន១៤០នាក់ មាន៨៧នាក់ឆ្លងតាមសហគមន៍។ ភាគច្រើននៃករណីឆ្លងថ្មីគឺនៅក្រុងស៊ីអាន (Xi’an)ដែលមានប្រជាជនរស់នៅជាង ១៣ លាននាក់និងត្រូវអាជ្ញាធរចេញវិធានការបិទខ្ទប់កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុន។
ទិន្នន័យផ្លូវការកាលពីថ្ងៃសៅរ៍បង្ហាញថាក្រុងស៊ីអានមានករណីឆ្លងក្នុងសហគមន៍ចំនួន៧៥ ករណីនៅថ្ងៃទី២៤។ ក្រុងShenzhen ភាគខាងត្បូងវិញ មានអ្នកដំណើរ៥នាក់ពីទីក្រុងLos Angeles ធ្វើតេស្តវិជ្ជមានកូវីដ ៣នាក់ក្នុងចំណោមនោះរកឃើញឆ្លងវ៉ារ្យ៉ង់អូមីក្រុង។ អ្នកឆ្លងវ៉ារ្យ៉ង់អូមីក្រុងនៅប្រទេសចិន ភាគច្រើនជាអ្នកដំណើរមកពីបរទេស។
លោកវេជ្ជបណ្ឌិតZhang Boliក្រុមងការងារបច្ចេកទេសជួយរៀបចំការឆ្លើយតប និងការព្យាបាលដំបូងរបស់ប្រទេសចិនប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋថារហូតមកដល់ពេលនេះ ចំណុចរបត់សម្រាប់ការផ្ទុះឡើងមិនទាន់មកដល់ទេប៉ុន្តែការទប់ស្កាត់ដ៏តឹងរ៉ឹងគឺចាំបាច់។
ចិនចេញវិធានការយ៉ាងតឹងរ៉ឹងក្នុងយុទ្ធនាការកូវីដសូន្យរបស់ខ្លួន ដោយអាជ្ញាធរមូលដ្ឋានណាដែលបរាជ័យក្នុងការគ្រប់គ្រងវីរុសក្នុងតំបន់របស់ពួកគេអាចត្រូវបានបណ្តេញចេញ ឬរងការស្តីបន្ទោស។ ប្រទេសនេះត្រៀមខ្លួនខ្ពស់ ខណៈព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាដែលខ្លួនធ្វើជាម្ចាស់ផ្ទះកាន់តែខិតជិតមកដល់៕ # CHN Channel News