បុណ្យណូអែលបញ្ចប់ ! រឿង «Spider-Man: No Way Home» កើបលុយបានលើសពី ១ពាន់លានដុល្លារ ជុំវិញពិភពលោក ខណៈចំណាយផលិតត្រឹមតែ ២០០លានដុល្លារ

192
UI Promtion 2021

ខ្សែភាពយន្តវគ្គថ្មីនៃខ្សែស្រឡាយ Spider-Man ចំណងជើងថា «Spider-Man: No Way Home» ដែលត្រៀមធ្វើឲ្យផ្ទុះក្នុងថ្ងៃបូណ្យណូអែលនោះ នៅទីបំផុតត្រូវបានរាយការណ៍មកថា កើបលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ពីការចាក់បញ្ចាំង រហូតដល់លើសពី ១ពាន់លានដុល្លារ នៅជុំវិញពិភពលោក បើទោះបីជាមានការរីករាលដាលកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង ក៏ដោយ។

បើតាមការចេញផ្សាយរបស់សារព័ត៌មាន Straits Times នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា ខ្សែភាពយន្ត «Spider-Man: No Way Home» រកប្រាក់បានលើសពី ១ពាន់លានដុល្លារអាមេរិកពីការចាក់បញ្ចាំងនៅជុំវិញពិភពលោក ត្រឹមរយៈពេល១២ថ្ងៃប៉ុណ្ណោះ។ ក្នុងចំណោមនោះ អាមេរិកខាងជើង ត្រូវបានគេដឹងថា ទទួលប្រាក់ចំណូលបានច្រើនជាងគេ រហូតដល់ ៤៦៧.៣លានដុល្លារអាមេរិក និងចំនួន ៥៨៧លានដុល្លារអាមេរិក បានមកពីបណ្តាប្រទេសផ្សេងៗទៀត។

គួរជម្រាបថា សម្រាប់ភាពយន្ត Spider-Man វគ្គថ្មី ដែលមានចំណងជើងថា Spider-Man: No Way Home នេះ ត្រូវបានគេដឹងថា ចំណាយប្រាក់ផលិតត្រឹមតែ ២០០លានដុល្លារប៉ុណ្ណោះ ខណៈនេះទទួលបានចំណូលយ៉ាងសន្ធឹកសន្ធាប់ពីការចាក់បញ្ចាំង បើទោះបីជាមានការរាតត្បាតកូវីដ-១៩ក្តី ដែលធ្វើឲ្យរឿងនេះ ក្លាយជាភាពយន្តរកចំណូលបានច្រើនបំផុត ក្នុងបរិបទកូវីដ-១៩។

រឿងនេះ ក៏មានការចូលរួមពីសំណាក់តារាសម្ដែងដទៃទៀត ក្នុងភាពយន្ត ដូចជា Jacob Batalon (ចេខុប បាឡាតុន) ដែលដើរតួជាមិត្តល្អរបស់ Tom Holland (ថម ហុលឡេន) និង Zendaya (ហ្សេនដាយ៉ា) ផងដែរ៕