ទីបំផុតលោក ចូ បៃដិន ចុះហត្ថលេខាលើកញ្ចប់ថវិកាការពារជាតិជិត «៧៧០ពាន់លានដុល្លារ»

252
UI Promtion 2021

ទីបំផុតប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃចន្ទសប្តាហ៍នេះ បានចុះហត្ថលេខារួចហើយលើច្បាប់ថ្មី ដើម្បីដាក់ឲ្យប្រើប្រាស់កញ្ចប់ថវិកា ទ្រទ្រង់វិស័យការពារជាតិ ដែលត្រូវបានអនុម័តកាលពីដើមខែធ្នូនេះ ដោយសភាទាំងពីរ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNN នាព្រឹកថ្ងៃអង្គារ ទី២៨ ខែធ្នូ ឆ្នាំ២០២១។

កញ្ចប់ថវិកាសម្រាប់ទ្រទ្រង់វិស័យយោធា នៃមហាអំណាចលេខ ១ របស់ពិភពលោកនេះ គឺមានទំហំជិត «៧៧០ពាន់លានដុល្លារ» សម្រាប់ឆ្នាំសារពើពន្ធ ២០២២ ដោយផ្តោតសំខាន់ទៅលើកម្មវិធីការពារជាតិនានា ក្នុងនោះមានដូចជាកម្មវិធីរបស់មន្ទីរបញ្ចកោណ និងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ដែលត្រួតពិនិត្យដោយក្រសួងថាមពល។

លោក ចូ បៃដិន បានថ្លែងបន្ទាប់ពីការចុះហត្ថលេខា លើច្បាប់អនុម័តកញ្ចប់ថវិកា ខាងលើនេះថា «ច្បាប់ថ្មីនេះនឹងផ្តល់នូវអត្ថប្រយោជន៍សំខាន់ៗ និងជំរុញឲ្យមានយុត្តិធម៌ សម្រាប់បុគ្គលិកយោធា និងក្រុមគ្រួសាររបស់ពួកគេ ក្នុងនោះរួមទាំងអាជ្ញាធរពាក់ព័ន្ធសំខាន់ៗ ដើម្បីគាំទ្រដល់វិស័យការពារជាតិរបស់យើង»

យ៉ាងណាក៏ដោយ ការព្យាយាមទាមទារកញ្ចប់ថវិកាដោយរដ្ឋបាលលោក ចូ បៃដិន និងផែនការបង្កើនខ្ទង់ចំណាយ ទៅលើវិស័យការពារជាតិ ក៏ស្ថិតនៅក្នុងភាពចម្រូងចម្រាសខ្លាំងផងដែរ។ បញ្ហាធំៗនៅចំពោះមុខ គឺពាក់ព័ន្ធនឹងការទាមទារឲ្យបិទពន្ធនាគារ ហ្កាន់តាណាម៉ូ (Guantanamo) និងការផ្លាស់ប្តូរមួយចំនួន លើប្រព័ន្ធយុត្តិធម៌នៅក្នុងវិស័យយោធា ឆ្លើយតបនឹងបញ្ហាបៀតបៀន និងរំលោភបំពានផ្លូវភេទក្នុងជួរកងទ័ពនោះជាដើម។

 

 

គួរបញ្ជាក់ថា សមាជិកសភារបស់អាមេរិក នឹងត្រូវធ្វើការងារយ៉ាងសកម្មបន្តទៅទៀត ក្នុងការជួយទ្រទ្រង់កម្មវិធីរបស់រដ្ឋបាលលោក ចូ បៃដិន សម្រាប់ឆ្នាំសារពើពន្ធខាងមុខ ដើម្បីឲ្យការរឹតត្បិតផ្នែកច្បាប់នានាក្នុងសភា ស្តីពីការប្រើប្រាស់កញ្ចប់ថវិកាយោធា ត្រូវដកចេញ និងផែនការបង្កើតថវិកាទ្រទ្រង់វិស័យយោធា ក្លាយជាការពិត៕