ដំណើរការព្រឹកថ្ងៃទី២នៃការប្រឡងបាក់ឌុប ប្រព្រឹត្តិទៅដោយរលូនល្អ មិនមានបាតុភាពអ្វីកើតឡើងនោះឡើយ

162
UI Promtion 2021

ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ឲ្យដឹងថា ដំណើរការព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ដែលជាថ្ងៃទី២នៃការប្រឡងបាក់ឌុប ប្រព្រឹត្តិទៅដោយរលូនល្អ មិនមានបាតុភាពអ្វីកើតឡើងនោះឡើយ។ នេះបើតាមលោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ ប្រាប់បណ្តាញព័ត៌មាន Fresh News។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា «ជាទូទៅ ដំណើរការប្រឡងបាក់ឌុបថ្ងៃ២៨ ធ្នូ ២០២១ នៅទូទាំងប្រទេស បានប្រព្រឹត្តិទៅដោយរលូន ប្រកបដោយសន្តិសុខ និងសណ្តាប់ធ្នាប់ល្អ និងមានការគោរពបទបញ្ញត្តិ ដោយបេក្ខជននិងគ្រប់ភាគីពាក់ព័ន្ធ តាមការគ្រោងទុក ក្រោមកិច្ចសហការយ៉ាងស្អិតរមួត ជាមួយក្រសួង ស្ថាប័នចំនួន៧÷ ក្រសួងមហាផ្ទៃ, ក្រសួងសុខាភិបាល, កងរាជអាវុធហត្ថ, អង្គភាពប្រឆាំងអំពើពុករលួយ, សហភាពសហព័ន្ធយុវជនកម្ពុជា, អគ្គីសនីកម្ពុជា, និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ»

អ្នកនាំពាក្យបានបន្តថា បេក្ខជនប្រឡងនៅតាមមណ្ឌលមួយចំនួន មានបញ្ហាសុខភាពនៅក្នុងអំឡុងពេលប្រឡងក្នុងដំណើរសំណេរនាព្រឹកនេះ។ បញ្ហាសុខភាពរបស់បេក្ខជនរួមមានអាការៈវិលមុខ ខ្យល់គរ ក្អួត និងបានទទួលការជួយសង្គ្រោះបឋមពីសំណាក់ក្រុមគ្រូពេទ្យប្រចាំការនៅតាមមណ្ឌលប្រឡង ដើម្បីអាចត្រឡប់ចូលរួមបន្តការប្រឡងបាន។

សូមជម្រាបថា ចំពោះដំណើរការសំណេរនាព្រឹកនេះ មានពីរមុខវិជ្ជា សម្រាប់ថ្នាក់វិទ្យាសាស្ត្រ គឺអក្សរសាស្ត្រខ្មែរ និងរូបវិទ្យា និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម គឺ គណិតវិទ្យា សីលធម៌-ពលរដ្ឋវិជ្ជា។

ដោយឡែកពេលរៀលវិញ មានមួយមុខវិជ្ជា សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម គឺអក្សរសាស្ត្រខ្មែរ មានរយៈពេល១៥០នាទី និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រ គឺគណិតវិទ្យា រយៈពេល១៥០នាទី៕