អន្តរជាតិប្រេសិតពិសេស UN ព្រួយបារម្ភជាខ្លាំងជុំវិញការកើនឡើងអំពើហិង្សានៅមីយ៉ាន់ម៉ា

219
UI Promtion 2021

ប្រេសិតពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកវិបត្តិមីយ៉ាន់ម៉ាទើបតែងតាំងថ្មី លោកស្រី Noeleen Heyzer នៅថ្ងៃទី២៧​ ខែធ្នូ ព្រួយបារម្ភជាខ្លាំងចំពោះការផ្ទុះឡើងនៃអំពើហិង្សានៅមីយ៉ាន់ម៉ា។ ស្របគ្នានេះ លោកស្រី​អំពាវនាវ​ឱ្យ​មាន​បទ​ឈប់​បាញ់​គ្នានៅ​ឆ្នាំ​ក្រោយ​រវាងរបប​យោធា និង​ក្រុម​ប្រឆាំងរបបសឹកផងដែរ​។

ប្រជាជនយ៉ាងតិច៣៥នាក់រួមទាំងកុមារ និងស្រ្តីត្រូវបានសម្លាប់ ហើយសាកសពរបស់ពួក ត្រូវ​បាន​ដុត​នៅរដ្ឋកាយ៉ាដែលជាតំបន់ជម្លោះមួយនៅមីយ៉ាន់ម៉ា។ ក្នុងចំណោមនោះ បុគ្គលិក ២ នាក់ដែលធ្វើការ​ឱ្យ​អង្គការ Save the Children នៅតែបាត់ខ្លួន បន្ទាប់ពីរថយន្តរបស់​ពួកគេ​ស្ថិតក្នុងចំណោម​រថយន្ត​ផ្សេងៗទៀតដែលត្រូវបានវាយប្រហារហើយដុតនៅតំបន់ជម្លោះខាងលើនេះដែរ។

ជុំវិញរឿងនេះ ក្នុងសេចក្តីថ្លែងការណ៍ជាលើកដំបូង ប្រេសិតពិសេសថ្មីរបស់ UN សម្រាប់មីយ៉ាន់ម៉ា លោកស្រី Noeleen បានលើកឡើងថា លោកស្រីព្រួយបារម្ភជាខ្លាំងដែល​ការផ្ទុះឡើង​នៃ​អំពើហិ​ង្សា​នៅ​តែបន្តក្នុងរដ្ឋកាយ៉ា និងតំបន់ផ្សេងទៀតនៅមីយ៉ាន់ម៉ា។ លោកស្រីទទូចឱ្យភាគីពាក់ព័ន្ធ​ទាំងអស់​ស្វែងរកដំណោះស្រាយដោយ សន្តិវិធីដើម្បីផលប្រយោជន៍ប្រជាជន និងសុវត្ថិភាពរស់នៅ​របស់​ពួកគេ​។​ លោកស្រីក៏រំលឹកពីផែនការ៥ចំណុចរបស់អាស៊ានដែលជំរុញឱ្យរបបយោធាបញ្ឈប់អំពើហិង្សា​ជា​បន្ទាន់។

ក្នុងសេចក្ដីថ្លែងការណ៍ដដែលខាងលើ ប្រេសិតពិសេសរូបនេះក៏បានជំរុញឱ្យភាគីទាំងអស់​ការពារ​សុវត្ថិភាពជនស៊ីវិល ធានាឱ្យមានការធ្វើដំណើរដោយសេរី និងអនុញ្ញាតឱ្យផ្តល់ជំនួយ​មនុស្សធម៌​ដល់​អ្នកដែលត្រូវការ រួមទាំងអ្នកដែលត្រូវបានបង្ខំឱ្យភៀសខ្លួនដោយសារអំពើហិង្សាផងដែរ។ ជាចុងក្រោយ លោកស្រី Noeleen បាន​អំពាវនាវឱ្យមានបទ​ឈប់បាញ់​នៅឆ្នាំក្រោយ​នៅ​ទូទាំង​ប្រទេស​រវាងភាគីជម្លោះនានា។

លោកស្រី Noeleen ដែលជនជាតិសិង្ហបុរី ត្រូវបានតែងតាំងដើម្បីជំនួសលោកស្រី Christine Schraner Burgene ក្នុងតំណែងជាប្រេសិតពិសេស UN ទទួលបន្ទុកវិបត្តិមីយ៉ាន់ម៉ា។ លោកស្រី Noeleen នឹងបន្តគាំទ្រ​សុវត្ថិភាពរបស់ប្រជាជនមីយ៉ាន់ម៉ា និងស្ដារសន្តិភាពមីយ៉ាន់ម៉ាឡើងវិញ៕
# CHN Channel News