«ណូអែល» ជាកូនដំរីញីមួយក្បាល ដែលទើបកើតបាន ​នារយៈពេល៣០ឆ្នាំចុងក្រោយនេះ

329
UI Promtion 2021

«អ៊ីកែវ» ជាដំរីស្រុកញីតែមួយគត់នៅខេត្តរតនគិរី ដែលទើបបង្កើតបានកូនញីមួយក្បាលឈ្មោះនាង«ណូអែល» កាលពីព្រឹកថ្ងៃអាទិត្យទី២៦ធ្នូ។ «ណូអែល» ជាកូនដំរីស្រុកមួយក្បាល ក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះនៅកម្ពុជា។ ជាមួយគ្នានេះ ក្រសួងបរិស្ថាន បានអបអរសាទរចំពោះវត្តមានកូនដំរីស្រុកនេះ និងជំរុញឱ្យសមាគមខិតខំបង្កាត់កូនដំរីបន្ថែម។
ប្រធានសមាគមអៃរាវត្តារូបនេះ បានលើកឡើងថា បច្ចុប្បន្នសត្វដំរីស្រុកនៅកម្ពុជាមានចំនួនតិចតួចគួរឲ្យព្រួយបាម្ភ។ ការទទួលបានកូនដំរីមួយក្បាលនេះ គឺជាក្ដីសង្ឃឹមធំមួយ ដែលជំរុញឲ្យសមាគមអៃរាវត្តាខិតខំប្រឹងប្រែងបន្តសកម្មភាពអភិរក្ស និងបង្កាត់ពូជដំរីស្រុកបន្ថែមទៀត។ លោកស្រី ពន្យល់ថា មូលហេតុដែលដាក់ឈ្មោះ «ណូអែល» គឺដោយសារកូនដំរីញីនេះកើតនៅថ្ងៃទី២៦ធ្នូ គឺក្រោយពិធីបុណ្យណូអែលមួយថ្ងៃ។
ដ្បិតសប្បាយចិត្តដែលទទួលបានកូនដំរីមួយក្បាល ប៉ុន្តែលោកស្រី ខៃ ចិន្តា ព្រួយបាម្ភចំពោះ «អ៊ីកែវ» ដែលមិនព្រមទទួលយកកូនឲ្យនៅក្បែរ ពិសេសបារម្ភឆ្លងជំងឺ ឬវីរុសផ្សេងៗដែលអាចធ្វើឲ្យកូនដំរីងាប់យ៉ាងលឿន។ បច្ចុប្បន្ន ណូអែល មានសុខភាពល្អ ក្រោមការមើលថែរបស់ក្រុមការងារសមាគម​អៃ​រាវ​ត្តា តែកូនដំរីនេះហាក់នៅខ្វះក្ដីស្រលាញ់ពីម្ដាយ។

«សុខភាពកូនដំរីល្អ ប៉ុន្តែយើងនៅមានកង្វល់មួយចំនួន គឺមិនទាន់ផ្សាំងឲ្យចូលជាមួយមេបាន ព្រោះមេដូចជាអត់ទាន់ទទួលស្គាល់កូនឲ្យចូលក្បែ (ធ្វើបាបកូន)។ ឥឡូវហ្នឹង យើងចិញ្ចឹមដោយប្រើទឹកដោះគោ និងផ្ដល់ក្ដីស្រលាញ់ជំនួសមេ។ ដូច្នេះ យើងត្រូវយាមនៅក្បែកូន និងមេ ២៤ម៉ោងជាប់ជានិច្ច។ សត្វដំរី គឺមិនអាចកំណត់ថា សុវត្ថិភាព១០០%ឡើយ ព្រោះយើងមើលអត់ឃើញ ខ្លាចក្រែងមានវីរុសផ្សេងៗចូលមក អាចធ្វើឲ្យប៉ះពាល់ដល់កូនដំរី»។ នេះបើតាមលោកស្រី ខៃ ចិន្ដា ប្រាប់សារព័ត៌មាន CHN ​ នៅថ្ងៃទី២៧ធ្នូនេះ។

សមាគម​អៃ​រាវ​ត្តា ត្រូវចំណាយពេលមើលថែយូរ ដើម្បីផ្សាំឲ្យមេ និងកូនស្គាល់គ្នា ពិសេសត្រូវរ៉ាប់រងលើការចំណាយផ្សេងៗដូចជា ទឹកដោះគោ និងថ្នាំព្យាបាលជាដើម។ ជារៀងរាល់ថ្ងៃ «ណូអែល» ត្រូវបៅទឹកដោះគោពី១០ទៅ៥០លីត្រ ហើយមេរបស់វាត្រូវបំប៉នចំណីអស់រាប់រយគីឡូ រហូតដល់ពួកវាមានសុខភាពរឹងមាំឡើងវិញ។
មូលនិធិអភិរក្សដំរីអៃរាវត្តា ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៥ ក្រោមគំនិតផ្ដួចផ្ដើមរបស់លោកស្រី ខៃ ចិន្ដា ដែលទទួលបានថវិការគាំទ្រ២ម៉ឺនដុល្លារជារៀងរាល់ឆ្នាំពីក្រសួងបរិស្ថាន និងជំនួយផ្សេងៗទៀតដែលទទួលបានពីការរៃអង្គាសពីសប្បុរសជន។ លោកស្រី ខៃ ចិន្ដា បញ្ជាក់ថា សមាគម​អៃ​រាវ​ត្តាត្រូវចំណាយថវិកាជាង១០ម៉ឺនដុល្លារក្នុងមួយឆ្នាំៗ ដើម្បីចិញ្ចឹមសត្វដំរី ខណៈរយៈពេល២ឆ្នាំនៃវិបត្តិកូវីដ-១៩នេះ បានធ្វើឲ្យសមាគម​អៃ​រាវ​ត្តា បាត់បង់ចំណូលមួយផ្នែក ដោយសារគ្មានភ្ញៀវទេសចរមកទស្សនាដំរីដូចមុន។

លោកស្រី ខៃ ចិន្ដា ប្រាប់ដូច្នេះថា៖«ពីមុនកូវីដខាងក្រុមការងារខ្ញុំ បានរៀបចំកញ្ចប់អេកូទេសចរណ៍ បានន័យថា ពេលគេមកទស្សនាដំរី មុជទឹកឲ្យដំរី​ ថតជាមួយដំរី ឬដើរជាមួយដំរីក្នុងព្រៃ។ អ៊ីចឹង គេបានជួយបង់ជាកញ្ចប់ទេសចរណ៍តិចតួចដែរ។ ប៉ុន្តែ ដល់ពេលកូវីដ១៩រយៈពេល ២ឆ្នាំនេះ គឺអត់មានភ្ញៀវទេ ធ្វើឲ្យបាត់បង់ចំណូលមួយផ្នែកដែរ»។

ជាមួយគ្នានេះ លោក នេត្រ ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថានបាន ប្រាប់សារព័ត៌មាន CHN ថា ការដែលទទួលបានកូនស្រុកមួយក្បាលពីសមាគម​អៃ​រាវ​ត្តានេះ គឺជាដំណឹងមួយគួរឲ្យរីករាយ ព្រោះ បច្ចុប្បន្ន ដំរីស្រុកមានមិនដល់១០០ក្បាលទេ ហើយដំរីព្រៃមានចន្លោះពី៤០០ទៅ៦០០ក្បាល។

លោក នេត្រ ភក្រ្តា ថ្លែងដូច្នេះ៖«សមាគម​អៃ​រាវ​ត្តាទទួលបានកូនដំរីស្រុកមួយ វាគឺជាដំណឹងគួរឲ្យរីករាយ ហើយយើងត្រូវស្វាគមន៍ចំពោះវត្តមានកូនដំរីនេះ។ ក្រសួងបរិស្ថានក៏បានចូលរួមក្នុងការគាំទ្រផ្នែកថវិកាទៅសមាគម​អៃ​រាវ​ត្តាហ្នឹង ដើម្បីធ្វើការងារអភិរក្សដំរីផងដែរ»។
បច្ចុប្បន្ន ខេត្តរតនគិរីទាំងមូលមានសត្វដំរីស្រុកតែ៤ក្បាលប៉ុណ្ណោះដែលរស់នៅតំបន់ទឹកជ្រោះ​កា​ទៀង ក្នុង​ស្រុក​លំផាត់ ក្រោមការកិច្ចការងារអភិរក្សរបស់សមាគម​អៃ​រាវ​ត្តា ក្នុងនោះមានឈ្មោល២ក្បាលឈ្មោះ ប៉ុក វ៉ា, ខាំ​សែននិងញីមួយក្បាលឈ្មោះ អ៊ីកែវ ដែលមានកូនឈ្មោះ ណូអែល។ ដោយឡែក ដំរីមួយក្បាលទៀតឈ្មោះ ម៉ាក់ ម៉ៃ បានងាប់ដោយសារជំងឺកាលពាក់កណ្ដាលខែឧសភាឆ្នាំ២០២០។

ប្រធានសមគមអៃ​រាវ​ត្តារូបនេះ បានអំពាវនាវឲ្យមហាជនចូលរួមគ្នាស្រលាញ់ការពារសត្វដំរី ពិសេសស្នើឲ្យកន្លែងចិញ្ចឹមដំរីទូទាំងប្រទេសកម្ពុជារួមគ្នាជំរុញការបង្កាត់ពូជដំរីស្រុកបន្ថែមទៀត ដើម្បីកុំឲ្យផុតពូជពីប្រទេសកម្ពុជា៕ #ChnChannelNews