ចិនព្រមានចាត់វិធានការក្តៅ បើតៃវ៉ាន់ហ៊ានឆ្លងបន្ទាត់ក្រហមទៅរកឯករាជ្យជាតិ

212
UI Promtion 2021
  • មន្រ្តីមួយរូបរបស់រដ្ឋាភិបាលទីក្រុងប៉េកាំងនៅថ្ងៃពុធនេះ បានចេញមុខព្រមានថា ចិននឹងប្រើវិធានការក្តៅភ្លាមៗ ប្រសិនបើតៃវ៉ាន់ហ៊ានធ្វើសកម្មភាព ដើម្បីសំដៅទៅរកការប្រកាសឯករាជ្យ ហើយលោកបានបន្ថែមថា បញ្ហាតៃវ៉ាន់អាចនឹងតានតឹងខ្លាំងថែមទៀត នៅក្នុងឆ្នាំ២០២២។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៩ ខែធ្នូ ឆ្នាំ២០២១។

លោក ម៉ា សៀវគ័ង (Ma Xiaoguang) អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់របស់រដ្ឋាភិបាលចិន បានថ្លែងថា ប្រទេសចិនស្ម័គ្រចិត្តនឹងខិតខំព្យាយាមឲ្យអស់ពីលទ្ធភាព ដើម្បីស្វែងរកការបង្រួបបង្រួមគ្នាជាមួយតៃវ៉ាន់ដោយសន្តិវិធី ក៏ប៉ុន្តែនឹងចាត់វិធានការក្តៅភ្លាមៗ ប្រសិនបើបន្ទាត់ក្រហមណាមួយទាក់ទងនឹងការប្រកាសឯករាជ្យ ត្រូវបានតៃវ៉ាន់ឈានជើងរំលង។

លោក ម៉ា បានបន្តថា ការបង្កហេតុដោយកម្លាំងគាំទ្រឯករាជ្យនៅតៃវ៉ាន់ រួមជាមួយការជ្រៀតជ្រែកពីខាងក្រៅ អាចនឹងកើនឡើងខ្លាំង ហើយកាន់តែតានតឹងថែមទៀត ក្នុងរយៈពេលប៉ុន្មានខែខាងមុខ ពោលគឺនៅឆ្នាំក្រោយនេះ ស្ថានការណ៍នៅតំបន់ច្រកសមុទ្រតៃវ៉ាន់ នឹងកាន់តែមានភាពស្មុគស្មាញនិងធ្ងន់ធ្ងរ។

គួរបញ្ជាក់ថា កោះតៃវ៉ាន់ត្រូវបានរដ្ឋាភិបាលទីក្រុងប៉េកាំង ចាត់ទុកត្រឹមជាខេត្តមួយប៉ុណ្ណោះរបស់ខ្លួន ហើយក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ចិនបានបង្កើនសម្ពាធផ្នែកយោធានិងការទូតជាខ្លាំងទៅលើដែនកោះនេះ ដែលជាហេតុបង្កឲ្យមានការខឹងសម្បារពីតៃវ៉ាន់ និងក្តីបារម្ភពីសំណាក់សហរដ្ឋអាមេរិក ដែលជាខ្នងបង្អែកធំបំផុតរបស់តៃវ៉ាន់៕