អ្នកនាំពាក្យក្រសួងអប់រំ៖ ដំណើរការកំណែប្រឡងបាក់ឌុប បាននិងកំពុងប្រព្រឹត្តទៅយ៉ាងល្អប្រសើរ !

269
UI Promtion 2021
  1. លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ការប្រព្រឹត្តទៅនៃដំណើរការកំណែប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២១ ចាប់ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ បាននិងកំពុងប្រព្រឹត្តទៅយ៉ាងល្អប្រសើរ។

លោក រស់ សុវាចា បានថ្លែងប្រាប់បណ្តាញព័ត៌មាន CHN Channel News នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ទៀតថា កិច្ចការកំណែនេះ ក៏បន្តអនុវត្តនូវគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបានគួរជាទីទុកចិត្ត ស្របវិធានការសុវត្ថិភាពសុខភាព ដោយមានកិច្ចសហការ ពីក្រសួង/ស្ថាប័នទាំង៧ រួមមាន ក្រសួងមហាផ្ទៃ, ក្រសួងសុខាភិបាល, កងរាជអាវុធហត្ថ, អង្គភាពប្រឆាំងអំពើពុករលួយ, សហភាពសហព័ន្ធយុវជនកម្ពុជា, អគ្គីសនីកម្ពុជា, និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ។

សូមជម្រាបថា ដំណើរការប្រឡងបាក់ឌុប ឆ្នាំ២០២១នេះ មានមណ្ឌលប្រឡងចំនួន ២០៤ ចែកចេញជា ៤ ៦១៦បន្ទប់ និងមានបេក្ខជនចុះឈ្មោះប្រឡង សរុបចំនួន ១១៤ ១៨៥នាក់ ស្រី ៦០ ៣៩៧នាក់។ ក្នុងដំណើរការប្រឡងរយៈពេល ២ថ្ងៃ បេក្ខជនអវត្តមានសរុប ៤ ៤៣០ នាក់ (ស្រី ១ ៨២៧ នាក់) ត្រូវជា៣,៨៨ ភាគរយ នៃចំនួនបេក្ខជនចុះឈ្មោះប្រឡងសរុប។

តាមការគ្រោងទុក លទ្ធផលនៃការប្រឡង នឹងត្រូវប្រកាសនៅតាមមណ្ឌលប្រឡង ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ និងនៅតាមមណ្ឌលប្រឡង ក្នុងខេត្តផ្សេងទៀត នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ និងផ្សព្វផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គមផ្លូវការ របស់ក្រសួងអប់រំ៕

 

#CHNChannelNews