សរុបព្រឹត្តិការណ៍ពាក់ព័ន្ធ «កូវីដ-១៩» សំខាន់ៗទូទាំងពិភពលោក ប្រចាំឆ្នាំ២០២១

230
UI Promtion 2021

ជំងឺឆ្លងរាតត្បាតសកល COVID-19 បានបង្កការបំផ្លិចបំផ្លាញពេញមួយឆ្នាំ២០២១ ខណៈនៅតែមានការព្រួយបារម្ភជាច្រើនថា វាអាចនឹងបន្តឆ្លងរាតត្បាត នៅឆ្នាំ២០២២ ខាងមុខនេះ ចំពោះមុខការឆ្លងរាលដាលយ៉ាងឆាប់រហ័ស នៃមេរោគបំប្លែងថ្មី Omicron។ ក្រៅតែពីផ្ដាច់ជីវិត និងធ្វើឱ្យមនុស្សធ្លាក់ខ្លួនឈឺ COVID-19 ក៏បានបង្ក ឱ្យពិភពលោកបែកបាក់សាមគ្គីគ្នា និងការកើនឡើងនៃគំនិតវ៉ាក់សាំងជាតិនិយមផងដែរ ដោយប្រជាជននៅប្រទេសអ្នកមាន មានវ៉ាក់សាំងចាក់គ្រប់គ្រាន់ រីឯប្រជាជននៅតាម ប្រទេសក្រីក្រមួយភាគធំ ជាពិសេសក្នុងតំបន់អាហ្វ្រិក កំពុងទន្ទឹមរង់ចាំវ៉ាក់សាំង។

ខាងក្រោមនេះគឺជាព្រឹត្តិការណ៍ COVID-19 សំខាន់ៗក្នុងឆ្នាំ២០២១៖

* ថ្ងៃទី៥ ខែមករា៖ វ៉ាក់សាំងបង្ការកូវីដ-១៩ របស់ក្រុមអាមេរិក Pfizer សហការផលិតជាមួយក្រុមហ៊ុនអាល្លឺម៉ង់ BioNTech ត្រូវបានអនុម័តទទួលស្គាល់ដោយ អង្គការសុខភាពពិភពលោក WHO ក្រោមលក្ខខណ្ឌប្រើប្រាស់បន្ទាន់។

* ថ្ងៃទី២០ ខែមករា៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន សម្រេចនាំសហរដ្ឋអាមេរិកចូលក្នុងអង្គការ WHO វិញ បន្ទាប់ពីលោក ដូណាល់ ត្រាំ ប្រកាសផ្ដាច់ ទំនាក់ទំនងជាមួយអង្គការមួយនេះ។

* ថ្ងៃទី០៣ ខែមីនា៖ របាយការណ៍ស៊ើបអង្កេតកម្រាស់ ១២០ទំព័រ របស់អង្គការ WHO បានសន្និដ្ឋានថាវីរុសកូរ៉ូណាដែលបង្កជាជំងឺ COVID-19 ដែលត្រូវបានគេ រកឃើញមុនគេក្នុងទីក្រុងវូហាន ប្រទេសចិន ចម្លងជំងឺពីមនុស្សទៅសត្វ។

* ថ្ងៃទី១១ ខែមីនា៖ ប្រទេសដាណឺម៉ាក, ន័រវែស និងអ៉ីស្លង់ ប្រកាសផ្អាកការប្រើវ៉ាក់សាំងអង់គ្លេស AstraZeneca បន្ទាប់ពីរកឃើញថាអ្នកដែលបានចាក់វ៉ាក់សាំងនេះ មានបញ្ហាកំណកឈាមនៅក្នុងសសៃឈាម។

* ថ្ងៃទី១១ ខែឧសភា៖ អង្គការសុខភាពពិភពលោក WHO បានប្រកាសចាត់ទុកមេរោគបំប្លែងថ្មី Delta ជាមេរោគបំប្លែងថ្មីគួរឱ្យបារម្ភ (variant of concern)។ Delta ត្រូវបានគេរាយការណ៍ដំបូងគេនៅក្នុងប្រទេសឥណ្ឌា។ មេរោគបំប្លែងថ្មីនេះឯង បានបង្កវិនាសសកម្មយ៉ាងសម្បើមនៅក្នុងប្រទេសឥណ្ឌា ដែលធ្លាប់បានមើលឃើញចំនួនអ្នកឆ្លង COVID-19 ប្រចាំថ្ងៃដល់ទៅច្រើនជាង ៤០០,០០០នាក់ ក្នុងមួយថ្ងៃ (នៅថ្ងៃទី៧ ខែឧសភា) និងអ្នកស្លាប់ច្រើនជាង ៤,០០០នាក់ក្នុងមួយថ្ងៃ។

* ថ្ងៃទី១ ខែកក្កដា៖ បណ្ដាប្រទេសអឺរ៉ុបបានប្រកាសដាក់ចេញលិខិតឆ្លងដែនវ៉ាក់សាំង COVID-19 ឬលិខិតបញ្ជាក់ពីលទ្ធផលធ្វើតេស្ដអវិជ្ជមាន។

* ថ្ងៃទី០៩ ខែកញ្ញា៖ ការចាក់វ៉ាក់សាំងបានក្លាយជាកាតព្វកិច្ច នៅតាមបណ្ដាប្រទេសជាច្រើន ហើយក្នុងនោះប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក៏បានប្រកាសអនុវត្តការ ចាក់វ៉ាក់សាំងជាកាតព្វកិច្ចសម្រាប់បុគ្គលិករដ្ឋទាំងអស់ រួមទាំងបុគ្គលិកនៅតាមក្រុមហ៊ុនឯកជនធំៗផងដែរ។

* ថ្ងៃទី៨ ខែតុលា៖ អាជ្ញាធរសុខាភិបាលប្រេស៊ីលបានរាយការណ៍ពី ចំនួនអ្នកស្លាប់ដោយសារ COVID-19 កើនលើស ៦០០,០០០នាក់ ដែលជាចំនួនតួលេខអ្នកស្លាប់ច្រើន ជាងគេលំដាប់ទី២ បន្ទាប់ពីសហរដ្ឋអាមេរិក។

* ថ្ងៃទី២៤ ខែវិច្ឆិកា៖ ក្រុមអ្នកវិទ្យាសាស្ត្រនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង បានប្រកាសពីរកឃើញជាលើកដំបូងនូវមេរោគបំប្លែងថ្មីមួយប្រភេទ ដែលមានលេខកូដសម្គាល់ B.1.1.529 ដែលក្រោយមកមានឈ្មោះថា Omicron។

* ថ្ងៃទី២៦ ខែវិច្ឆិកា៖ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសដាក់ឈ្មោះមេរោគបំប្លែងថ្មី Omicron និងចាត់ទុកវាជាមេរោគបំប្លែងថ្មីគួរឱ្យបារម្ភ (Variant of Concern)

* ថ្ងៃទី២២ ខែធ្នូ៖ ទីភ្នាក់ងារចំណីអាហារ និងឱសថអាមេរិក (FDA) បានអនុម័តឱ្យប្រើប្រាស់ថ្នាំគ្រាប់ព្យាបាល COVID-19 ឈ្មោះPaxlovid របស់ក្រុមហ៊ុន Pfizer ហើយ ប៉ុន្មានថ្ងៃក្រោយមកក្នុងខែដដែល ទើប FDA អនុម័តឱ្យប្រើថ្នាំគ្រាប់ព្យាបាល COVID-19 របស់ក្រុមហ៊ុន Merck នៅក្នុងសហរដ្ឋអាមេរិក៕
ប្រភព៖ CNN (ថ្ងៃសុក្រ ទី៣១ ខែធ្នូ ឆ្នាំ២០២១)

UI Promtion 2021

#CHNChannelNews