អ្នកជំនាញក្នុងវិស័យធនាគារលើកទឹកចិត្ដដល់យុវជនកម្ពុជា ចេះចាប់ផ្ដើមសន្សំប្រាក់ កុំចាំតែចាយគ្រប់ ឬចាយសល់

312
UI Promtion 2021

នកជំនាញក្នុងវិស័យធនាគារលោក រ័ត្ន សោភ័ណ អគ្គនាយករងធនាគារមេឃប៊ែង បានលើកទឹកចិត្ដដល់យុវជន ត្រូវចេះចាប់ផ្ដើមសន្សំប្រាក់ កុំចាំទាន់តែចាយគ្រប់ ឬចាយសល់បានចាប់ផ្ដើមសន្សំនោះ។

ការលើកទឹកចិត្ដបែបនេះ ដោយសារតែលោក រ័ត្ន សោភ័ណ សង្កេតឃើញថា នាបច្ចុប្បន្នយុវជនភាគច្រើន តែងតែគិតថា លុយចាយបច្ចុប្បន្នមិនគ្រាន់ផង ឲ្យគិតរឿងសន្សំយ៉ាងម្ដេច ចាំចាយគ្រប់ ឬចាយសល់សិន ចាំគិតរឿងសន្សំតាមក្រោយ។

លោក រ័ត្ន សោភ័ណ បានគូសបញ្ជាក់ថា ការគិតបែបនេះ គឺជាចំណុចមួយដែលមិនល្អនោះទេ ព្រោះថានៅពេលដែលយើងគិតបែបនេះ គឺវាពិបាកណាស់ ដែលយើងអាចមានប្រាក់សន្សំ។

ក្នុងកិច្ចពិភាក្សាស្ដីពី៖ វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ក្រោមប្រធានបទ «សារសំខាន់នៃការយល់ដឹងរបស់យុវជនកម្ពុជា អំពីសេវាហិរញ្ញវត្ថុ» លោក រ័ត្ន សោភ័ណ បានបញ្ជាក់ថា ការចាប់ផ្ដើមសន្សំ មិនមែនចាំតែចាយគ្រប់ ឬចាយសល់នោះទេ។

លោក រ័ត្ន សោភ័ណ បានបញ្ជាក់ថា «ខ្ញុំលើកទឹកចិត្តថា នៅពេលដែលយើងចាប់ផ្តើម រកចំណូលគឺជាពេលវេលា ដែលយើងត្រូវតែចាប់ផ្ដើមសន្សំ ហើយក៏បើចាំថា ចាំតែចាយគ្រប់ ចាយសល់ អត់ដែលសល់នោះទេ»

បន្ថែមពីនោះទៀត លោក រ័ត្ន សោភ័ណ បានលើកឡើងថា ការប្រើប្រាស់សេវាកម្មធនាគារមិនមែនមានន័យថា មកធ្វើប្រតិបត្តិការនោះទេ យើងអាចសន្សំ និងការពារផងដែរ ក៏ប៉ុន្ដែជាទូទៅយុវជនភាគច្រើន គិតថា លុយចាយបច្ចុប្បន្នមិនគ្រាន់ផង គិតរឿងសន្សំយ៉ាងម្ដេច។

លោក រ័ត្ន សោភ័ណ បានគូសបញ្ជាក់ថា បញ្ហាការសន្សំ គឺជាគំនិតផ្តួចផ្តើមល្អ ហើយបើប្រជាជនយើងជាទូទៅ ចាប់ផ្ដើមសន្សំច្រើន គឺជាការកសាង ទ្រព្យរបស់ប្រទេសជាតិ ហើយត្រូវសន្សំសិនចាំចាយ កុំចាយហើយបានសន្សំ។

អ្នកជំនាញក្នុងវិស័យធនាគាររូបនេះ បានអះអាងថា កាលណាមានការសន្សំច្រើន នឹងធ្វើឲ្យទ្រព្យរបស់គ្រួសារ និងបុគ្គលឡើង ហើយនៅពេលនោះ សង្គមជាតិ នឹងឡើងតាមដូចគ្នាផងដែរ។

លោក ផល វ៉ាន់ឌី នាយកប្រតិបត្តិសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងថា សេវាហិរញ្ញវត្ថុ និងធនាគារ នៅប្រទេសកម្ពុជានេះ គឺមានភាពសម្បូរបែបរឹងមាំ ហើយទូលំទូលាយណាស់។

នាយកប្រតិបត្តិសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបន្ថែមទៀតថា សេវាហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជា គឺមានផលិតផលជាច្រើន ដែលយុវជនយើងអាច ប្រើប្រាស់ជាប្រយោជន៍ ក្នុងការអនុវត្តក្នុងការសន្សំ ក្នុងការធ្វើកិច្ចការ អាជីវកម្ម ឬក៏វិនិយោគផ្សេងៗ។

ជាមួយគ្នានោះ លោក ផល វ៉ាន់ឌី បានឲ្យដឹងថា «យុវជនយើងគួរតែគិតឲ្យបានច្រើន ហើយការចាយវាយ ត្រូវមានវិន័យ តើចាយដើម្បីតម្រូវការចាំបាច់ ឬក៏ចាយគ្រាន់អ្វីយើងចង់បាន ដើម្បីយើងហ៊ីហារ សប្បាយ សម្ភារនិយម»

លោក ផល វ៉ាន់ឌី បានលើកឡើងថា យុវជនគួរតែទិញសម្ភារៈណា ដែលយកមកបង្កើតចំណូល ឬក៏យើងចំណាយ ទៅលើការអភិវឌ្ឍសមត្ថភាពខ្លួនយើង ដោយចំណាយលើការរៀនសូត្រ ការទិញសៀវភៅ ទិញចំណេះដឹង ដើម្បីអនុវត្តខ្លួន។

លោកបានគូសបញ្ជាក់ថា យុវជនយើង បើមិនមានវិន័យហិរញ្ញវត្ថុ យើងអាចក្លាយ ទៅជាបន្ទុកគ្រួសារ និងសង្គម យើងអាចក្លាយទៅជាអ្នករងគ្រោះ ព្រោះថាយើងអាចផុងខ្លួន ដោយសារចំណាយអស់ពីសមត្ថភាពដែលយើងមាន។

លោកថា «ឲយុវជន ឬក៏ប្រជាពលរដ្ឋទូទៅក៏ដោយ សេវាកម្មហិរញ្ញវត្ថុគឺល្អ សម្បូរបែប មានវិន័យ ប៉ុន្ដែដល់ពេលយើងអត់មានវិន័យ យើងអត់មានចំណេះដឹង យើងក្លាយទៅជាជនរងគ្រោះ យើងមិនអាចបន្ទុក ដោយសារធនាគារមីក្រូហិរញ្ញវត្ថុ បានខ្ញុំជាប់បំណុល មិនមែនទេ គឺវិន័យផ្ទាល់ខ្លួនរបស់យើង»

បន្ថែមពីនោះទៀត លោក ផល វ៉ាន់ឌី បន្ដទៀតថា «យុវជនត្រូវប្រយ័ត្នសម្ភារៈនិយម ឬក៏អាចថាលង់ខ្លួនទៅនឹងគ្រឿងញៀន ឧទាហរណ៍ គាត់នឹងត្រូវការលុយ អីចឹងគាត់អាចធ្វើរឿងអីខុសឆ្លង»

 

UI Promtion 2021

#CHNChannelNews