ក្រសួងបំភ្លឺរឿងផ្លាកលេខ «ភ្នំពេញ 2CJ-8888» ដែលបំពាក់លើរថយន្ត «Mercedes» និង «Bentley»

225
UI Promtion 2021

អ្នកលេងបណ្តាញសង្គមកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងទៅលើករណីផ្លាកលេខ «ភ្នំពេញ 2CJ-8888» ត្រូវបានបំពាក់លើរថយន្តទំនើបពីរគ្រឿងម៉ាក «Mercedes» ពណ៌ខ្មៅ និង «Bentley» ពណ៌ស ហើយត្រូវបានចែករំលែកយ៉ាងផុលផុសអមដោយចម្ងល់ផ្សេងៗកាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២កន្លងទៅនេះ។

ការលេចឡើងនូវរូបភាពផ្លាកលេខតែមួយបំពាក់លើរថយន្តទំនើបដល់ពីរគ្រឿងនេះ មន្ត្រីជំនាញរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកការស្រាវជ្រាវភ្លាមៗ ដោយមិនបង្អង់យូរនោះឡើយ ដើម្បីបញ្ជាក់ព័ត៌មានជូនមហាជន និងស្រាយនូវចម្ងល់ទាំងឡាយ។

លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់មកអង្គភាពព័ត៌មាន Fresh News ដោយលើកបង្ហាញនូវសាវតារនៃការបើប្រាស់ផ្លាកលេខ «ភ្នំពេញ 2CJ-8888» យ៉ាងដូច្នេះថា នៅមុនថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ផ្លាកលេខ «ភ្នំពេញ 2CJ-8888» ត្រូវបានបំពាក់លើរថយន្ត «Bentley Bantayga» ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨។

លុះដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ផ្លាកលេខ «ភ្នំពេញ 2CJ-8888» នេះ ត្រូវបានស្នើរក្សាទុក ដោយដោះចេញពីរថយន្ត «Bentley Bantayga» ហើយរថយន្ត «Bentley Bantayga» បានបំពាក់ផ្លាកលេខថ្មីមួយទៀត គឺផ្លាកលេខ «ភ្នំពេញ 2BS-2678»។

លោក ហ៊ាង សុទ្ធាយុត្តិ បានបញ្ជាក់ថា បន្ទាប់ពីបានដោះចេញពីរថយន្ត «Bentley Bantayga» ហើយនោះ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ដដែល ផ្លាកលេខ «ភ្នំពេញ 2CJ-8888» ត្រូវបានស្នើបំពាក់លើរថយន្ត «MercedesBenz MB GLS600»។ លោក សុទ្ធាយុត្តិ បានអះអាងថា ការបំពាក់ផ្លាកលេខ «ភ្នំពេញ 2CJ-8888» លើរថយន្ត «MercedesBenz MB GLS600» គឺត្រឹមត្រូវ និងស្របទៅតាមច្បាប់។

លោក សុទ្ធាយុត្តិ ក៏បានបញ្ជាក់ដែរថា ផ្លាកលេខ «ភ្នំពេញ 2CJ-8888» នេះ មិនមានប្រវត្តិចុះបញ្ជីជាមួយរថយន្តរថយន្ត «Bentley» ពណ៌ស នោះឡើយ។ តែទន្ទឹមនេះ មន្ត្រីជំនាញក្រសួង សង្ស័យរថយន្ត Bentley ពណ៌ខ្មៅ យកទៅបិទស្កុតពណ៌ស។

យោងតាមអនុក្រឹត្យពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក បានកំណត់ថា ការយកផ្លាកលេខយកទៅបំពាក់លើរថយន្តផ្សេង ដែលមិនបានចុះបញ្ជីជាមួយគ្នា គឺជាទង្វើខុសច្បាប់ ហើយការយករថយន្តទៅបិទស្កុត ឬប្តូរពណ៌ឱ្យខុសពីពណ៌ដើម ដែលបានចុះបញ្ជីជាមួយក្រសួង ក៏ជាទង្វើខុសច្បាប់ផងដែរ។

ក្នុងអនុក្រឹត្យ បានបញ្ជាក់ថា ជនប្រើផ្លាកលេខសម្គាល់យានយន្តខុសពីលក្ខណៈដើម ឬរលុបលេខ ឬបាក់ផ្លាក បាត់លេខ ឬដាក់សម្ភារៈ ឬវត្ថុផ្សេងបាំងផ្លាកលេខ ត្រូវពិន័យទឹកប្រាក់ ១២ម៉ឺនរៀល។ ជនដែលប្តូរពណ៌យានយន្តដោយគ្មានការអនុញ្ញាត ឬបិទពណ៌មិនត្រឹមត្រូវតាមបណ្ណសម្គាល់យានយន្ត ក៏ត្រូវពិន័យទឹកប្រាក់ ១២ម៉ឺនរៀលផងដែរ។

លោក ហ៊ាង សុទ្ធាយុត្តិ បានអំពាវនាវដល់មន្ត្រី ឬភ្នាក់ងារនគរបាលជំនាញពាក់ព័ន្ធចាត់វិធានត្រួតពិនិត្យ និងអនុវត្តនីតិវិធីច្បាប់លើរថយន្ត Bentley ពណ៌ស ដែលត្រូវបានគេចែកចាយនេះ។

អ្នកនាំពាក្យក្រសួងសាធារណការ ក៏បានអំពាវនាវដល់បណ្តាញសារព័ត៌មាន និងសាធារណជន សូមពិនិត្យប្រភព និងកាលបរិច្ឆេទ នៃខ្លឹមសាររូបភាព វីដេអូ និងអត្ថបទ ឱ្យបានល្អិតល្អន់ មុននឹងចុះផ្សាយ ចែកផ្សាយ ឬវិភាគខ្លឹមសារជាសាធារណៈ។

 

UI Promtion 2021

#CHNChannelNews