
យោងតាមសារព័ត៌មាន គេហទំព័រកាសែត ថៃរ៉ាត់ ចុះផ្សាយនៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២នេះបានចេញផ្សាយថា ៖ វីដេអូឃ្លីបដែលកំពុងរងការរិះគន់យ៉ាងខ្លាំងនៅលើបណ្តាញសង្គមក្នុងប្រទេសថៃ បានបង្ហាញពីសកម្មភាពរបរស់នារីវ័យក្មេងម្នាក់ ស្រវឹងបានបើករថយន្តបញ្ច្រាសទិសដៅចរាចរណ៍ ហើយដោះស្បែកជើងកាន់ទះកំផ្លៀង ចំមុខប៉ូលិស និងស្រែកសម្លុតសួរថា តើដឹងថានាងជាកូននរណាអត់ ?។
ទាក់ទិននឹងការរិះគន់លើបញ្ហានេះ មន្ត្រីនគរបាលប៉ុស្តិ៍ Khu Khot ខេត្ត Pathum Thani របស់ថៃ បានបំភ្លឺថា ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩ និង៤០នាទីយប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ មុនឆ្លងឆ្នាំសកល មន្ត្រីនគរបាលប៉ុស្តិ៍ Khu Khot បានអោយដឹងថា មានរថយន្តមួយគ្រឿង បើកបញ្ច្រាស់ទិស នៅលើផ្លូវឡាំលូកា ជាប់ពហុកីឡដ្ឋាន Thupatemi អ្នកបើកបរមានអាការស្រដៀងនឹងអ្នកស្រវឹង បានបើកបង្កការស្ទះចរាចរណ៍ នៅលើផ្លូវសាធារណៈ។
ហេតុនេះ សមត្ថកិច្ចនគរបាលបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីត្រួតពិនិត្យករណីចរាចរណ៍ខាងលើនេះ លុះពេលមកដល់ ក៏ប្រទះឃើញរថយន្តម៉ាក មែរសឺដេស-បេនស៍ Mercedes-Benz ពណ៌ស ចតក្នុងទិសដៅបញ្ច្រាស់ទិសចរាចរណ៍ ទុលមុខនឹងរថយន្តភីកអាប់ មួយគ្រឿងទៀត ។
ស្ត្រីជាអ្នកបើករថយន្ត មែរសឺដេស បានចុះពីរថយន្ត ហើយបានស្តីបន្ទោស និងវាយកម្ទេចរថយន្តភីកអាប់ ។ ពេលនោះមន្ត្រីប៉ូលិសចរាចរណ៍ ឃើញថានាងស្រវឹង ដូច្នេះបានប្រាប់ស្ត្រីរូបនោះថា បើកបរក្នុងស្ថានភាពស្រវឹង និង បញ្ច្រាស់ទិស ត្រូវតែនាំខ្លួនទៅធ្វើតេស្ដជាតិអាល់កុល ប៉ុន្តែនាងបានព្យាយាមបើករថយន្តចេញពីកន្លែងកើតហេតុ តែមិនអាចបើករថយន្តបាន ។
បន្ទាប់មក ក៏មានមន្ត្រីប៉ូលិសពីរនាក់ ជាមន្ត្រីល្បាតរបស់ប៉ុស្តិ៍នគរបាល Khu Khot និងនគរបាលចរាចរណ៍ បានបើកបរម៉ូតូមកជួយអន្តរាគមន៍ឃាត់ ប៉ុន្តែត្រូវនារីវ័យក្មេងម្នាក់នេះ មានការខឹងសម្បារ រួមជាមួយនឹងការស្រែកសួរ “ដឹងទេថានាងជាកូនអ្នកណា ?” នៅពេលប៉ូលិសព្យាយាមឃាត់នាង នាងបានប្រកែក ហើយបានវាយ និងឈោងដៃទៅឆក់កាបូបប៉ូលិស មុនពេល ដោះស្បែក វាយចំមុខប៉ូលិស រួចហើយនាងក៏ទៅស្រែកឲ្យគេជួយផងៗ ។
ក្រោយកើតហេតុ ស្ត្រីបង្កត្រូវបានឃាត់ខ្លួនបញ្ជូនទៅកាន់ការិយាល័យស៊ើបអង្កេត ។ យ៉ាងណា អត្តសញ្ញាណរបស់នារីជាប់ចោទរូបនេះ ប៉ូលិសមិនបានបញ្ចេញនោះទេថានាងជាកូនស្រីរបស់អ្នកណា ?
លោកវរសេនីយ៍ឯក Manasvet Thongim អធិការនគរបាលប៉ុស្តិ៍ Khu Khot ប្រាប់ថា មន្ត្រីបានធ្វើការវាស់បរិមាណជាតិអាល់កុលរកឃើញថា លើសពីកម្រិតកំណត់ដោយច្បាប់ ជាលទ្ធផល នាងត្រូវបានចាប់ខ្លួន និងចោទប្រកាន់ ចំនួន ០៤ករណី រួមមាន ៖
១បើកបរក្នុងស្ថានភាពស្រវឹង
២បើកបរដោយមិនគិតពីសុវត្ថិភាព
៣បង្ករបួសស្នាមដល់មន្ត្រីពេលបំពេញកាតព្វកិច្ច។
៤ខូចខាតទ្រព្យសម្បត្តិ ។ តាមសំណុំរឿងព្រហ្មទណ្ឌលេខ១/២៥៦៥ ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២២៕