
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឲ្យក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថ បានបញ្ជាទិញវ៉ាក់សាំងចំនួន៥លានដូសបន្ថែមទៀត ដើម្បីចាក់ជូនប្រជាពលរដ្ឋឲ្យបានគ្រប់គ្រាន់។ សម្តេច បានឲ្យដឹងដូច្នេះនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៥ ពីខេត្តបាត់ដំបង ទៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃចន្ទនេះ។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានអះអាងថា ការបញ្ជាទិញបន្ថែមវ៉ាក់សាំងចំនួន៥លានដូសនេះ គឺមានភាពសំខាន់ សម្រាប់យកមកចាក់ដូសជំរុញជាបន្តបន្ទាប់នៅទូទាំងប្រទេសកម្ពុជា។ បើតាមសម្តេចតេជោ នៅពេលនេះ កម្ពុជា មានវ៉ាក់សាំងក្នុងឃ្លាំងជាង១០លានដូស តែនៅខ្វះចំនួនជាង៨លានដូសទៀត។ នៅពេលនេះ សម្តេចតេជោ បានបញ្ជាឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើការចរចា ដើម្បីបញ្ជាទិញហើយ៕