សម្តេចតេជោ ហ៊ុន សែន៖ ជប៉ុនប្រកាសគាំទ្រដំណើររបស់សម្តេចទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីដោះស្រាយបញ្ហារបស់មីយ៉ាន់ម៉ា

295
UI Promtion 2021

(ភ្នំពេញ)៖ នៅក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ ប្រវែងជិត៨៥គីឡូម៉ែត្រ ក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ជប៉ុនបានប្រកាសគាំទ្រសម្តេចធ្វើជាប្រធានអាស៊ាន និងគាំទ្រដំណើរ របស់សម្តេចទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីដោះស្រាយបញ្ហារបស់មីយ៉ាន់ម៉ា ខណៈដែលប្រទេសនេះក៏ជាសមាជិកអាស៊ាន ហើយកំពុងជួបវិបត្តិនយោបាយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ខ្ញុំសូមអរគុណចំពោះឯកឧត្តម មិកាមិ (លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា) ដែលបានគាំទ្រកម្ពុជា ធ្វើប្រធានអាស៊ានឆ្នាំនេះ ខ្ញុំសូមសម្តែងនូវការគោរពចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី សម្រាប់ដំណើរទស្សនកិច្ចភ្លាមៗរបស់សម្តេចទៅកាន់ប្រទេសមីយ៉ាន់ម៉ា និងការ ផ្តួចផ្តើមគំនិតក្នុងការកែរលម្អរស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ ប្រទេសជប៉ុនមានបំណងផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងម៉ឺងម៉ាត់ ដើម្បីឱ្យកម្ពុជាទទួលបាន ជោគជ័យក្នុងនាមជាប្រធានអាស៊ាន»

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណជាមួយនឹងការគាំទ្ររបស់ជប៉ុន ក្នុងភាពជាប្រធានរបស់អាស៊ានរបស់កម្ពុជា នឹងបានប្តេជ្ញាធ្វើការសម្របសម្រួលធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីឱ្យកម្ពុជាទទួលបានជោគជ័យ។ សម្តេចបានបន្ថែមថា នៅពេលនៅលើឧទ្ធម្ភាគចក្រ សម្តេចនិងលោក មិកាមិ បានពិភាក្សាគ្នា ពាក់ព័ន្ធជាមួយនឹងបញ្ហាកិច្ចដំណើរការរឿងទាក់ទិនជាមួយនឹងមីយ៉ាន់យ៉ា ហើយលោក មិកាមិ បានបញ្ជាក់ថា ជប៉ុនយកចិត្តទុកដាក់ទៅលើបញ្ហាការ ផ្តល់ជំនួយមនុស្សធម៍ផងដែរ។

សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ទៅកាន់បណ្តាអ្នកវិភាគពាក់ព័ន្ធនឹងរឿងដែលសម្តេចទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដែរថា គម្ពីររបស់សម្តេចដែលបានយកទៅធ្វើ ការសន្ទនាជាមួយថ្នាក់ដឹកនាំមីយ៉ាន់ម៉ា មានដូចជា៖ កុងសង់ស៊ីស ៥ចំណុចរបស់អាស៊ាន និងធម្មនុញ្ញរបស់អាស៊ាន ដែលគម្ពីនេះមិនទៅណាឆ្ងាយពីអាស៊ាននោះទេ។ សម្តេចបញ្ជាក់ថា ពេលវេលាមកមិនទាន់ដល់សម្តេចមិនទាន់ធ្វើសកម្មភាពនោះទេ ហើយអ្វីដែលកម្ពុជាសម្រេចបាន មិនបញ្ចប់ត្រឹមសេចក្តីប្រកាសរួមស្តីពី ដំណើរទស្សនកិច្ចរបស់សម្តេចនៅមីយ៉ាន់ម៉ានោះទេ៕