មន្ត្រីជំនាញ ក.ប.ប. ចាត់វិធានការតាមច្បាប់ដល់អាជីវករលក់ទំនិញគ្មានគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់

160
UI Promtion 2021

ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» បានឱ្យដឹងថា ដើម្បីរក្សាការពារនូវសុខុមាលភាពជូនប្រជាពលរដ្ឋ ទប់ស្កាត់អំពើទុច្ចរិតក្នុងធុរកិច្ចពាណិជ្ជកម្ម និងបន្តការពារផលប្រយោជន៍ជូនអ្នកប្រើប្រាស់ជៀសវាងហានីភ័យ។
មន្ត្រីស៊ើបអង្កេត ក.ប.ប. ខេត្តតាកែវ និងខេត្តព្រះសីហនុ សហការជាមួយអាជ្ញាធរដែនដី នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ បានចុះប្រតិបត្តិការត្រួតពិនិត្យគុណភាព សុវត្ថិភាពទំនិញតាមបណ្តាផ្ទះលក់ទំនិញ និងទីផ្សារ ស្ថិតក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ និងក្រុងព្រះសីហនុ ដោយបានរកឃើញទំនិញដាក់តាំងលក់ចម្រុះ ខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ ដែលអាចបណ្តាលឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ សរុបចំនួន ៩៩,៩គីឡូក្រាម។
ចំពោះទំនិញដែលមិនមានអនុលោមភាពខាងលើ ត្រូវបានមន្ត្រីជំនាញដកហូត យកមករក្សាទុកនៅស្នាក់ការរបស់សាខា ដើម្បីរៀបចំនីតិវិធីកម្ទេចចោលនាពេលក្រោយ ដោយឡែកសម្រាប់អាជីករដែលប្រព្រឹត្តល្មើសផ្ទុយនឹងច្បាប់ ត្រូវបានទទួលការពិន័យអន្តរការណ៍ និងទទួលការណែនាំផងដែរ។
ជាមួយគ្នានេះ នៅថ្ងៃដដែលមន្ត្រីជំនាញ ក.ប.ប. ប្រចាំនៅខេត្តស្ទឹងត្រែង បានរកឃើញភាពមិនអនុលោមលើដេប៉ូប្រេងឥន្ធនៈចំនួន៣ ក្នុងចំណោម ៨ទីតាំងដែលបានចុះត្រួតពិនិត្យជាក់ស្តែង ស្ថិតក្នុងស្រុកសេសាន និងក្រុងស្ទឹងត្រែង។ សម្រាប់ម្ចាស់អាជីវកម្មដែលប្រព្រឹត្តល្មើសនឹងច្បាប់ ត្រូវបានមន្ត្រីជំនាញចាត់វិធានការជាធរមាន។